ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បង្ក​ឱ្យ​ផ្អើលកក្រើកនេះ…ក្រោយថៅកែទះកំផ្លៀង​នាងរួច​ដេញទាំងប្រុសទាំងស្រី​ចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​សិប្បកម្ម​ធ្វើ​នំ​ពង​ទា​ចំនួន​១៤​នាក់ ក្នុង​ចំណោម​កម្មករ​ជាង​៣០​នាក់ ត្រូវ​បាន​ថៅ​កែ​ដេញ​ចេញពី​កន្លែង​ទាំងយប់ ថែម​ទាំង​មិន​ព្រម​បើក​ប្រាក់ខែ​ឲ្យ​និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ថែម​ទៀត​ផង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១ សីហា នៅ​សិប្បកម្ម​ធ្វើ​នំ​ពង​ទាយី​ហោ​ឡាយ​គាង​ហួរ ក្បែរ​ផ្ទះ​សំណាក់​ស្ទឹង​លាភ…

រាជធានី​ភ្នំពេញ ៖ កម្មករ​សិប្បកម្ម​ធ្វើ​នំ​ពង​ទា​ចំនួន​១៤​នាក់ ក្នុង​ចំណោម​កម្មករ​ជាង​៣០​នាក់ ត្រូវ​បាន​ថៅ​កែ​ដេញ​ចេញពី​កន្លែង​ទាំងយប់ ថែម​ទាំង​មិន​ព្រម​បើក​ប្រាក់ខែ​ឲ្យ​និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ថែម​ទៀត​ផង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១ សីហា នៅ​សិប្បកម្ម​ធ្វើ​នំ​ពង​ទាយី​ហោ​ឡាយ​គាង​ហួរ ក្បែរ​ផ្ទះ​សំណាក់​ស្ទឹង​លាភ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ក្រុម​ទី​១ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ​មាន
ជ័យ ។

បើ​តាម​សម្តី​កម្មករ​ថ្មី​ប្រុស​ស្រី​ទាំង​១៤​នាក់​ខាងលើ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ពួក​គេ​ទាំងអស់​គ្នា​គឺ​មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​ពួក​គេ​មក​ធ្វើការ​នៅ​សិប្បកម្ម​ធ្វើ​នំ​ខាងលើ​នេះ​ ទើបតែ​បាន​បួន​ថ្ងៃ​ទេ ។ មុន​ពេល​កើតហេតុ​នារី​ឈ្មោះ ហៃ នី​តា អាយុ​១៦​ឆ្នាំ ជា​អ្នកធ្វើការ​ជាមួយ​គ្នា និង​បងស្រី​នាង​ម្នាក់​ទៀត បាន​យក​ខោអាវ​ដែល​បោក ​រួច​ទៅ​ហាល​នៅ​ខាងលើ​ដំបូលផ្ទះ​ក្នុង​ទីតាំង​សិប្បកម្ម​ខាងលើ ។

បន្ទាប់​មក​ ក៏​មាន​យុវជន​ម្នាក់​ទៀត​ឈ្មោះ សឹង រតនៈ អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ធ្វើ​នំ​នៅ​កន្លែង​កើតហេតុ ក៏​បាន​ទៅ​ឈរ​និយាយ​គ្នា​លេង​និង​ជួយ​ហាល​ខោអាវ​នារី​ខាងលើ​ ក្នុង​នាម​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ និង​ធ្វើ​ការ​ជាមួយ​គ្នា ។

ពេល​នោះ ​ថៅកែ​ជា​ម្ចាស់​សិប្បកម្ម​ធ្វើ​នំ​ពង​ទា​បាន​ឡើង​មក​ខាងលើ​ដំបូលផ្ទះ ឃើញ​ពីរ​នាក់​នោះ កំពុង​ឈរ​និយាយ​គ្នា​លេង ស្រាប់តែ​លោក​ថៅកែ​ខាងលើ បាន​ស្ទុះ​មក​ទះកំផ្លៀង​នារី​ម្នាក់​ចំ​ថ្ពាល់​ខាងឆ្វេង​ បណ្តាល​ឲ្យ​ហើម ដោយ​ចោទ​ពួក​គេ​ទាំង​ពីរ​នាក់​ថា ​លួចលាក់​ស្នេហា​នៅ​ក្នុង​សិប្បកម្ម​របស់​ខ្លួន ។ រួច​ក៏​បាន​ដេញ​ពួក​គេ​ចេញពី​រោង​សិប្បកម្ម​ទាំង​យប់ ថែម​ទាំង​ស្រែក​ចោទ​ពួក​គេ​ថា​ ជា​ចោរ​ទៀត​ផង​។

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ដែល​ធ្វើការ​នាំ​គ្នា​ចេញ​មក​មើល​ព្រោងព្រាត ។ បន្ទាប់​មក​ថៅកែ​រូប​នោះ បាន​ដេញ​បុគ្គលិក​ផ្សេង​ទៀត​ឱ្យ​ចូល​ទៅ​ក្នុង​សិប្បកម្ម​នោះ​វិញ រួច​ក៏​ទាញ​ទ្វាររបង​បិទ ។ បុរស​ដែល​ជា​ថៅកែ​រូប​នោះ បាន​ស្រែក​ដាក់​ទៅ​កម្មករ​ទាំងអស់​ថា បើ​អាណា​ចង់​ចេញ​ទៅ​វិញ​ចេញ​ទៅ យប់​នេះ​ឲ្យ​ហើយ​តែ​ត្រូវ​បង់លុយ​ឱ្យ​គាត់​ជា​ថៅកែ​ក្នុង​ម្នាក់​ចំនួន​២០​ដុល្លារ​ ទើប​អាច​ចេញ​បាន ហើយ​បើ​អាណា​ហ៊ាន​ផ្លោះ​របង​អញ​ និង​ប្រាប់​ប៉ូលិស​ឲ្យ​ចាប់​ដាក់គុក ។

ការ​ឈ្លោះប្រកែក​គ្នា​រវាង​កម្មករ​ ដែល​ទើប​ចូល​មក​ធ្វើការ និង​លោក​ថៅកែ​ក៏​បាន​ឈាន​ដល់​ការ​ដេញ​អ្នក​ដែល​ទើប​ចូល​មក​ធ្វើការ​ខាងលើ​ឱ្យ​ចេញ​ទៅ​ខាងក្រៅ រួច​បិទទ្វារ​របង​ចាក់សោ​ជិត ដោយ​មិន​បាន​យក​អ្វី​ចេញ​ទៅ​ទាំងអស់ ​សូ​ម្បី​តែ​ខោអាវ​របស់​ពួក​គេ ។ ដោយឡែក​ កម្មករ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ទៅ​សម្ងំ​ដេក​នៅ​ខាងក្នុង​បាត់​អស់​ទៅ ។

បន្ទាប់​មក​ ពួក​គាត់​ជា​កម្មករ​ដែល​ត្រូវ​បាន​ថៅកែ​ដេញ​ចេញ​ខាងលើ បាន​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ទើប​បុរស​ដែល​ជា​ថៅកែ​ព្រម​ប្រគល់​របស់របរ​មក​ឲ្យ​កម្មករ​ទាំង​១៤​នាក់​ខាងលើ​វិញ ប៉ុន្តែ​មិន​ព្រម​បើក​ប្រាក់ខែ​ដែល​ធ្វើការ​បាន​ចំនួន​៤​ថ្ងៃ​ មក​ឱ្យ​ពួក​គេ​ទាំង​១៤​នាក់​នោះ​ទេ ដែល​គ្នា​អត់​មាន​ប្រាក់​សោះ ។

ក្រោយ​ពេល​កើតហេតុ ​ដោយ​ក្តី​អាណិតអាសូរ ក៏​មាន​អ្នក​ជិតខាង​ខ្លះ​បាន​ជួយ​ជា​លុយ​បន្តិចបន្តួច និង​ខ្លះ​ទៀត​​ជួយ​ជា​គ្រឿង​បរិភោគ​ទៅ​អ្នក​ដែល​ត្រូវ​ថៅកែ​ដេញ​ចេញ​ដូច​ជា​សត្វ​ធាតុ​ខាងលើ​សម្រាប់​ជា​សោហ៊ុយ​ទៅ​ស្រុក​វិញ ។ បន្ទាប់​មក​ កម្មករ​ប្រុស​ស្រី​ទាំង​១៤​នាក់​នោះ​បាន​នាំ​គ្នា​ចាក​ចេញពី​សិប្បកម្ម​ខាងលើ ទៅ​រក​កន្លែង​សម្រាក​មួយ​យប់​សិន​រង់ចាំ​ព្រឹកស្អែក ទៅ​ធ្វើការ​ដាក់​ពាក្យបណ្តឹង ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

គួរ​បញ្ជាក់​ថា សិប្បកម្ម​ខាងលើ គេ​តែង​សង្កេត​ឃើញ​មាន​កុមារ​នៅ​តូច​ៗ​ដែល​មិន​ទាន់​គ្រប់​អាយុ​បំពេញ​ការងារ បាន​មក​បម្រើ​ការងារ​នៅ​ក្នុង​សិប្បកម្ម​នេះ​ជា​ច្រើន​នាក់ ។ ក្រោយ​ពេល​ថៅកែ​ប្រុស​ទះកំផ្លៀង​លើ​ក្មេង​ស្រី​ និង​ស្តីបន្ទោស​កម្មករ​ទាំង​កណ្តាល​យប់​ផ្អើល​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថតរូប​និង​ធ្វើការ​Live​ផ្ទាល់​តាម​បណ្តាញ​សង្គម​ក៏​បានដឹង​ដល់​លោក​ជំទាវ ហ៊ុន ចាន់​ថុ​ល បានអោយ​ក្រុមការងារ​ចុះ​ទៅ​រំដោះ​យក​កម្មករ​ប្រុស​ស្រី​ចំនួន​១៤​នាក់ យក​មក​ស្នាក់​នៅផ្ទះ​សំណាក់​បណ្តោះអាសន្ន​មួយ​យប់​នៅ​ឯ​ខណ្ឌចំការមន ។

លុះ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១ កញ្ញា ក្មេង​កម្មករ​ប្រុស​ស្រី​ទាំង​១៤​នាក់ ​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ ប្តឹង​ថៅកែ​ប្រុស​ឈ្មោះ ធួ​ក គួ​ង អាយុ​៥៥​ឆ្នាំ ពី​បទ​ប្រើ​អំពើ​ហិង្សា ។ក្រោយ​ពេល​ដាក់​ពាក្យបណ្តឹង​ចប់​សព្វគ្រប់​ហើយ​លោក​ជំទាវ ហ៊ុន ចាន់​ថុ​ល ដែល​បាន​ឈឺឆ្អាល​ពី​សុខទុក្ខ​ពលរដ្ឋ​ក្រីក្រ​ផ្តល់​រថយន្ត​ដឹក​ជញ្ជូន​ក្មេង​ប្រុស​ស្រី​ទាំង​១៤​នាក់ និង​ផ្តល់​ប្រាក់​ឱ្យ​ក្នុង​ម្នាក់​ៗ១០​ម៉ឺន​​រៀល និង​ឱ្យ​ក្រុមការងារ​ដឹក​ជញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ផង​ដែរ ។

សំណុំរឿង​នេះ​ មិន​ទាន់​ដឹង​ថា សមត្ថកិច្ច​និង​ចាត់វិធានការ​បែប​ណា​ទេ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង ។ នេះ​
ជា​បាតុភាព​លើក​ដំបូង​ហើយ ​ដែល​សហគ្រាស​ខ្នាត​តូច​មួយ​បំពាន​លើ​សិទ្ធិ​កម្មករ​របស់​ខ្លួន​បែប​នេះ និង​សង្ឃឹមថា ​ជន​ក្រីក្រ​និង​ទទួល​បាន​យុត្តិធម៌​មិន​ខាន ។

មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេពី​ថៅកែ​សិប្បកម្ម​ខាងលើ​នេះ ព្រោះ​គាត់​មិន​សហការ​ជាមួយ​អ្នកកាសែត​ទេ ហើយ​បិទទ្វារ​របង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ