ជំងឺ​នេះ​កាន់តែ​កើត​មាន​ច្រើន​ហើយ​!


រាជធានី​ភ្នំពេញ ៖ ជំងឺ​គាំងបេះដូង​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​បន្តបន្ទាប់ ដោយ​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ចំនួន​៣​នាក់ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ហើយ​ជន​រង​គ្រោះ​ទាំងនោះ​សុទ្ធតែ​អ្នក​ចំណាកស្រុក​មក​ស្នាក់​នៅ​ធ្វើការ​នៅ​ក្នុង​ខណ្ឌ​ខាងលើ​និង​បាន​ដេក​ស្លាប់​ទាំងអស់ ។ តាម​ប្រភព​ពី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​លើក​ទី​១​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ស្លាប់​ឈ្មោះ ទួន ណា​រិ​ន ហៅ​ជូរ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ធ្វើការ​វេន​យប់ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ប្រមូល ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ។ មាន​ប្រពន្ធ ឈ្មោះ លិ​ក ណូ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ និង មានស្រុក​កំណើត​នៅ​ភូមិ​សូរ​ជ័យ ឃុំ​ចម្ការអណ្តូង ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ។

ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា ប្ដី​របស់​នាង​ដែល​ស្លាប់​នេះ​ធ្វើការ​វេន​យប់ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ខណៈ​ពេល​ចេញពី​ធ្វើការ​មក​ដល់​បន្ទប់​ជួល​វិញ ប្ដី​នាង​បាន​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ដូច រាល់ថ្ងៃ​ដែរ ។ ចំណែក​នាង​មិន​បាន​នៅ​ជាមួយ​ទេ ព្រោះ​បាន​ចេញ​ទៅ​ធ្វើការ​វេន​ថ្ងៃ​ដូច​សព្វមួយដង​ដែរ ហើយ​នាង​ក៏​មិន​នឹក​ស្មានថា មានរឿង​ដ៏​សោកសៅ​បែប​នេះ​កើតឡើង​ឡើយ ។ នាង​ធ្វើការ​រហូត​ដល់​វេលា​ល្ងាច​ទើប​ចេញ ហើយ​ពេល​ត្រឡប់​ដល់​ផ្ទះ​ជួល​វិញ​នាង​បាន​គោះ​ទ្វារ​ហៅ​ឲ្យ​ប្ដី​បើកទ្វារ​ឲ្យ ប៉ុន្តែ​ខណៈនោះ​ទោះជា​ប្រឹង​ស្រែកហៅ​យ៉ាងណា​ក៏​មិន​បានឮ​ឆ្លើយ​និង​មិនឃើញ​បើកទ្វារ​ឲ្យ​ឡើយ ។

ចំណែក​ទូរស័ព្ទ​ក៏​ខ​ល​មិន​ចូល​ទៀត ទើប​នាង​ពឹង​អ្នក​ជិតខាង​ឲ្យ​ជួយ​គាស់​ទ្វារ​ចូល​ទៅ​មើល​ស្រាប់តែ​ឃើញ​ប្តី​ដេក​ស្លាប់​ទៅ​ហើយ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លើក​ទី​២​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​១៦​ចំណុច​ខាងក្រោយ​ផ្សា​រកា​ណា​សុធី ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​ដែល​ស្លាប់​ឈ្មោះ គង់ ប៊ុ​ន​ហាក់ អាយុ​២៤​ឆ្នាំ មុខរប​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជ្រោយ​ជ្រែ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។ មាន​ប្រពន្ធ​ឈ្មោះ វន ជាតា អាយុ​២២​ឆ្នាំ មុខរប​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​ជាមួយ​គ្នា ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ប្ដី​របស់​នាង​មាន​សុខភាព​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ពុំដែល​មាន​ជំងឺ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ លោក​ប្ដី​របស់​នាង​មិន​បាន​នៅ​ទំនេរ​ឡើយ ហើយ​បាន​ជួយ​បោកគក់​ខោអាវ​នាង​ថែម​ទៀត​ផង ។ លុះ​ពេល​បោកគក់​រួចរាល់​ទើប​នាំ​គ្នា​ហូប​បាយ​ជុំ​គ្នា ពេល​នោះ​ប្ដី​ក៏​តែ​មាន​សុខភាព​ធម្មតា​ដែរ បន្ទាប់​មក​ទើប​នាំ​គ្នា​ចូល​ដេក ហើយ​នាង​មិន​បាន​គិតដល់​ថា ប្ដី​ស្លាប់​ឡើយ ។ លុះដល់​វេលា​ម៉ោង​១១​និង​៤០​នាទី ពាក់កណ្ដាល​អា​ធ្រា​ត្រ​យប់​ថ្ងៃ​ដដែល​ខណៈ​ដែល​នាង​ភ្ញាក់ពីដេក​ស្រាប់តែ​ឃើញ​ប្ដី​ប្រកាច់​ត្រដរខ្យល់​គួរ​ឲ្យ​សង្វេគ ។ ពេល​នោះ​នាង​បាន​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ រួច​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ដោយ​ធ្វើការ​គក់​ច្របាច់ និង​ធ្វើ​ចលនា​បេះដូង ប៉ុន្តែ​ឥតប្រយោជន៍​នោះ​ឡើយ ព្រោះ​ទីបំផុត​ប្ដី​នាង​នៅ​តែ​ស្លាប់​ដដែល ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លើក​ទី​៣​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ២០១៨ ចំណុច​បន្ទប់​ផ្ទះ​ជួល លេខ​១ ជាន់​ទី​១ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ដែល​ស្លាប់​ខាងលើ​នោះ​ឈ្មោះ សាំង លឹ​ម​ចេ​ង អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ដឹក​ឥ​វ៉ា​ន់ ស្នាក់​នៅ​ចំណុច​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ អង្គ​សង្កែ ឃុំ​ពោធិ៍​ចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ មាន​ប្រពន្ធ​ឈ្មោះ បេង រស្មី អាយុ​២៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កូន​ជ្រៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា ប្ដី​របស់​នាង​ធ្វើការ​វេន​ថ្ងៃ ចំណែក​នាង​ធ្វើការ​វេន​យប់ ហើយ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០១ កញ្ញា ២០១៨ នាង​បាន​ចេញ​ទៅ​ធ្វើការ​ចំណែក​ប្ដី​នៅផ្ទះ និង​បាន​ផឹកស៊ី​ជាមួយ​អ្នក​ជិតខាង​អស់​ស្រា​បៀរ​ចំនួន​២​កំប៉ុង​ប៉ុណ្ណោះ ។ លុះដល់​វេលា​ម៉ោង​ប្រហែល​៨​យប់​បាន​សុំ​លា​អ្នក​ផឹក​ជាមួយ​ឡើង​ទៅ​បន្ទប់ដេក​ដោយ​ប្រាប់​ថា គាត់​អត់​ស្រួលខ្លួន គឺ​ងងឹតមុខ​ខ្លាំង​ណាស់ ។ ពេល​នោះ​អត់​មាន​អ្នក​ណា​ជួយ​កោសខ្យល់​ឲ្យ​ឡើយ​លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៨​ព្រឹក ខណៈ​ដែល​នាង​ចេញពី​ធ្វើការ​វេន​យប់​មក​ដល់​ផ្ទះ​បាន​គោះ​ទ្វារ​បន្ទប់ ហៅ​តែ​មិន​បានឃើញ​ប្ដី​បើកទ្វារ​ឲ្យ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​មានការ​ងឿងឆ្ងល់​នាង​បាន​បើក​បង្អួច​កញ្ចក់ មើលឃើញ​ប្ដី​ដេក​ក៏​យក​សំបក​កំប៉ុង​ស្រា​បៀរ​គប់​ទៅ​លើ​ប្ដី​លេង​ក្រែង​ប្តី​ដឹងខ្លួន ប៉ុន្តែ​ប្តី​នៅ​តែ​មិន​ភ្ញាក់​ទៀត ។ ទើប​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​គាស់​ទ្វារ និង​បង្អួច​ចេញ និង​ចូល​ទៅ​ចាប់​អង្រួន​ស្រាប់តែ​ប្ដី​ស្លាប់​សភាព​រឹង​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​ទាំង​បី​នាក់​នោះ​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​ហើយ នគរបាល​បាន​សន្និដ្ឋាន​ថា បុ​រ​នេះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ពិតប្រាកដ​មែន រួច​បាន​ប្រគល់​សព​ជូន​ប្រពន្ធ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​តែ​ម្ដង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ