ខេត្តកំពង់ធំ ៖ រថយន្តសាំយ៉ុងពន្លះម៉ូតូស្លាប់ម្នាក់ អ្នកបើកបរដាក់មេប្រូចបាត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង០១និង៣០នាទី ឈានចូល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៧៨-១៧៩ ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ យន់ ឆៃយាន អធិការរងនគរបាលស្រុកកំពង់ស្វាយទទួលផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តម៉ាកសាំងយ៉ុង ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 2AV- 0560 បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ បន្ទាប់ពីបានបុកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1F- 1404 បើកបរទិសដៅពីកើតទៅលិច ដោយឈ្មោះ យ័ន សោភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់ជនរងគ្រោះនៅនឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបង្កឡើងដោយអ្នកបើកបររថយន្តសាំងយ៉ុង បើកបរមិនប្រកាន់ស្តាំ រំលោភចូលទៅបុកម៉ូតូដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយទិសគ្នាខាងស្តាំដៃរបស់គេ ក្រោយកើតហេតុវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ