ទីក្រុងបាងកក ៖ គេហទំព័រអចលនទ្រព្យ Juwai.com បានឲ្យដឹងថា ទីក្រុងបាងកក និងខេត្តភូកេត គឺជាទីតាំងដែលមានប្រជាប្រិយភាពជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមជនជាតិចិនភេទទីបីដែលកំពុងស្វែងរកទិញខុនដូសម្រាប់រស់នៅ ។
អ្នកស្រី Carrie Law នាយកប្រតិបត្តិរបស់គេទំព័រខាងលើបាននិយាយថា ជនជាតិចិនភេទទីបីស្មើនឹង៥ទៅ៨%នៃការសាកសួរពីអចលនទ្រព្យបាងកកទាំងអស់ ។ កាលពីឆ្នាំ២០១៧ ពួកគេមានថាមពលទិញខុនដូប្រមាណ៩៣៨ប៊ីលានដុល្លារ ច្រើនជាងពីរឆ្នាំមុនដល់ទៅបីដង ។
យ៉ាងណាក្តី ពួកគេជួបប្រទះនឹងឧបសគ្គក្នុងការរស់នៅប្រចាំថ្ងៃក្នុងប្រទេសចិន ព្រោះថា ការស្រលាញ់ភេទដូចគ្នា ត្រូវបានចាត់ទុកជាជំងឺផ្លូវ ចិត្តជាផ្លូវការនៅឆ្នាំ២០០១ ក្នុងប្រទេសចិន ។
យ៉ាងនេះក្ដី អ្នកស្រីLaw បាននិយាយថា ៖« នៅបរទេស មានមនុស្សជាច្រើនអាចបង្ហាញពីអត្តសញ្ញាណ និងសេចក្តីស្រលាញ់របស់ពួកគេ ដោយសេរី និងអាចរស់នៅដោយបើកទូលាយជាមួយនឹងដៃគូដែលពួកគេជ្រើសរើស ។ ពួកគេចង់មានអចលនទ្រព្យនៅកន្លែងដែលពួកគេមានអារម្មណ៍សុខសាន្តក្នុងការទៅលេង និងរស់នៅជាមួយគ្នា »។
អ្នកស្រីបានបន្តថា ៖« អតិថិជនភេទទីបីអាចទិញអចលនទ្រព្យ ឬលំនៅឋានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនជាផ្ទះទីពីរឬទីបីជាដើម។ ភាគច្រើនពួកគេទិញក្នុងទីតាំងដែលជាទីតាំងលំហែកាយមានប្រជាប្រិយភាពសម្រាប់អ្នកដំណើរភេទទីបី »។
យោងតាមរបាយការណ៍ថ្មីជាងគេរបស់ Juwai.com បានឲ្យដឹងថា ថៃអាចជាប្រទេសដែលល្អបំផុតសម្រាប់ជនជាតិចិនភេទទីបីទាំងនេះ ហើយបាងកកត្រូវបានស្គាល់ថា ជារាជធានីភេទទីបីថែមទៀត ។
អ្នកស្រី Law បានបន្ថែមថា ៖«ថវិកាមធ្យមរបស់អតិថិជនចិនភេទទីបីក្នុងទីក្រុងបាងកកនៅឆ្នាំនេះមានប្រមាណ១៦០.០០០ដុល្លារ ដែលអាចនឹងខុសគ្នាតាមពេល និងតាមផ្ទះដែលមានលើទីផ្សារ ។ ថវិការបស់ពួកគេប្រៀបដូចជាខ្ពស់ជាង៥ទៅ១០%នៃថវិកាមធ្យមរបស់អតិថិជនចិនដទៃ »៕
ចែករំលែកព័តមាននេះ