បុគ្គលិក​ប្រុស​ស្រី​ទាំង​១៤​នាក់ ត្រូវ​បាន​ថៅកែ​ដេញ​ចេញពី​កន្លែងធ្វើការ​ទាំង​យប់


រាជធានី​ភ្នំពេញ ៖ បុគ្គលិក​សិប្បកម្ម​ធ្វើ​នំ​ពង​ទា​ចំនួន​១៤​នាក់ ក្នុង​ចំណោម​បុគ្គលិក​ជាង​៣០​នាក់ ត្រូវ​បាន​ថៅកែ​ប្រដេញ​ចេញពី​កន្លែង​ទាំង​យប់ ថែម​ទាំង​មិន​ព្រម​បើក​ប្រាក់ខែ​ឲ្យ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​បុគ្គលិក​ទាំងនោះ​ថែម​ទៀត​ផង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​សិប្បកម្ម​ធ្វើ​នំ​ពង​ទាយី​ហោ ឡាយ គាង​ហួរ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ក្រុម​ទី​១ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

បើ​តាម​សម្តី​ពី​បុគ្គលិក​ប្រុស​ស្រី​ទាំង​១៤​នាក់​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ពួក​គេ​ទាំងអស់​គ្នា​គឺ​មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​ពួក​គាត់​មក​ធ្វើការ​នៅ​សិប្បកម្ម​ធ្វើ​នំ​ខាងលើ​នេះ ទើបតែ​បាន​បួន​ថ្ងៃ​នោះ​ទេ ។

មុន​ពេល​កើតហេតុ​យុវតី​ម្នាក់​មានឈ្មោះ ហៃ នី​តា អាយុ​១៦​ឆ្នាំ ជា​អ្នកធ្វើការ​ជាមួយ​គ្នា​និង​បងស្រី​នាង​ម្នាក់​ទៀត​បាន​យក​ខោអាវ​ដែល​បោក​រួច​ទៅ​ហាល​នៅ​ខាងលើ​ដំបូលផ្ទះ ក្នុង​សិប្បកម្ម​ខាងលើ ។ បន្ទាប់​មក​ក៏​មាន​យុវជន​ម្នាក់​ទៀត​មានឈ្មោះ សឹង រត្ន​ណា​ក់ អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ធ្វើ​នំ​នៅ​កន្លែង​កើតហេតុ​ក៏​បាន​ទៅ​ឈរ​និយាយ​គ្នា​លេង និង​ជួយ​ហាល​ខោអាវ​យុវតី​ខាងលើ ក្នុង​នាម​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​និង​ធ្វើការ​ជាមួយ​គ្នា ។ លុះដល់​វេលា​កើតហេតុ​ក៏​មាន​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ដែល​ជា​ថៅកែ និង​ម្ចាស់​សិប្បកម្ម​ធ្វើ​នំ​ពង​ទា​ខាងលើ​បាន​ឡើង​មក​ខាងលើ​ដំបូលផ្ទះ​ឃើញ​យុវជន និង​យុវតី​ទាំង​ពីរ​នាក់​នោះ​កំពុង​ឈរ​និយាយ​គ្នា​លេង ស្រាប់តែ​បុរស​ជា​ថៅកែ​ខាងលើ​បាន​ស្ទុះ​មក​វាយ​យុវតី​ខាងលើ​មួយ​កំភ្លៀង​ចំ​ថ្ពាល់​ខាងឆ្វេង​បណ្តាល​ឲ្យ​ហើម ដោយ​ចោទ​ពួក​គេ​ទាំង​ពីរ​នាក់​ថា មាន​លួចលាក់​ស្នេហា​នៅ​ក្នុង​សិប្បកម្ម​របស់​ខ្លួន ។ រួច​ក៏​បាន​ប្រដេញ​យុវជន​ខាងលើ​ចេញពី​រោង​សិប្បកម្ម​ទាំង​យប់​ដោយ​ថែម​ទាំង​ស្រែក​ចោទ​យុវជន​ខាងលើ​ថា ជា​ចោរ​ទៀត​ផង ។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​ដែល​ធ្វើការ​នៅ​កន្លែង​កើតហេតុ​នាំ​គ្នា​ចេញ​មក​មើល ។

បន្ទាប់​មក​ថៅកែ​រូប​នោះ​បាន​ដេញ​បុគ្គលិក​ផ្សេង​ទៀត​ឲ្យ​ចូល​ទៅ​ក្នុង​សិប្បកម្ម​នោះ​វិញ​រួច​ក៏​ទាញ​ទ្វាររបង​បិទ ។ ហើយ​បុរស​ដែល​ជា​ថៅកែ​រូប​នោះ​បាន​ស្រែក​ដាក់​ទៅ​បុគ្គលិក​ទាំងអស់​ថ​«​បើ​អាណា​ចង់​ចេញ​ទៅ​វិញ​ចេញ​ទៅ យប់​នេះ​ឲ្យ​ហើយ តែ​ត្រូវ​បង់លុយ​ឲ្យ​រូបគេ​ដែល​ជា​ថៅកែ​ក្នុង​ម្នាក់​ចំនួន​២០​ដុល្លារ ទើប​អាច​ចេញ​បាន ហើយ​បើ​អាណា​ហ៊ាន​ផ្លោះ​របង​អញ និង​ប្រាប់​ប៉ូលិស​ឲ្យ​ចាប់​ដាក់គុក ។

ការ​ឈ្លោះប្រកែក​គ្នា​រវាង​បុគ្គលិក​ដែល​ទើប​ចូល​មក​ធ្វើការ និង​បុរស​ជា​ថៅកែ​ក៏​បាន​ប្រដេញ​បុគ្គលិក​ដែល​ទើប​ចូល​មក​ធ្វើការ​ខាងលើ​ឲ្យ​ចេញ​ទៅ​ខាងក្រៅ​រួច​បិទទ្វារ​របង​ចាក់សោ​ជិត ដោយ​មិន​យក​អ្វី​ចេញ​ទៅ​ទាំងអស់ សូ​ម្បី​តែ​ខោអាវ​របស់​ពួក​គេ ។ ដោយឡែក​បុគ្គលិក​ផ្សេង​ទៀត​ដែល​ត្រូវ​មិន​បាន​ថៅកែ​ខាងលើ​ប្រដេញ​ចេញ គឺ​បាន​នាំ​គ្នា​ទៅ​ស​ង្ងំ​ដេក​នៅ​ខាងក្នុង​បាត់​អស់​ទៅ ។ បន្ទាប់​មក​ពួក​គាត់​ជា​បុគ្គលិក​ដែល​ត្រូវ​បាន​ថៅកែ​ដេញ​ចេញ​ខាងលើ​បាន​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ទើប​បុរស​ដែល​ជា​ថៅកែ​ព្រម​ប្រគល់​របស់របរ​មក​ឲ្យ​បុគ្គលិក​ទាំង​១៤​នាក់​ខាងលើ​វិញ ប៉ុន្តែ​មិន​ព្រម​បើក​ប្រាក់ខែ​ដែល​បុគ្គលិក​ទាំង​អស់នោះ​ធ្វើ​បាន​ចំនួន​៤​ថ្ងៃ​មក​ឲ្យ​ពួក​គេ​ទាំង​១៤​នាក់​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ដោយ​ក្តី​អាណិតអាសូរ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ជួយ​ជា​លុយ​បន្តិចបន្តួច និង​ខ្លះ​ទៀត​ជួយ​ជា​គ្រឿង​បរិភោគ​ទៅ​បុគ្គលិក​ដែល​ត្រូវ​ថៅកែ​ប្រដេញ​ចេញ​ដូច​ជា​សត្វ​ធាតុ​ខាងលើ សម្រាប់​ជា​សា​ហ៊ុយ​ទៅ​ស្រុក​វិញ ។ បន្ទាប់​មក​បុគ្គលិក​ប្រុស​ស្រី​ទាំង​១៤​នាក់​នោះ​បាន​នាំ​គ្នា​ចេក​ចេញពី​សិប្បកម្ម​កើតហេតុ​ខាងលើ ទៅ​រក​កន្លែង​សម្រាក​មួយ​យប់​សិន​រង់ចាំ​ព្រឹកស្អែក​ទៅ​ធ្វើការ​ដាក់​ពាក្យបន្តឹង ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។

គួរ​បញ្ជាក់​ថា សិប្បកម្ម​កើតហេតុ​ខាងលើ គឺ​សង្កេត​ឃើញ​មាន​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​មិន​ទាន់​គ្រប់​អាយុ​បំពេញការងារ​បាន​មក​បម្រើ​ការងារ​នៅ​ក្នុង​សិប្បកម្ម​ខាងលើ​ជា​ច្រើន​អ្នក ដូច្នេះ​យើង​សង្ឃឹមថា សមត្ថកិច្ច​ក៏​ដូច​ជា អាជ្ញាធរ​ពាក់ព័ន្ធ និង​មាន​ចំណាត់ការ​ទៅ​លើ​សិប្បកម្ម​ខាងលើ ។

ក្រោយ​ពេល​ថៅកែ​ប្រុស​បាន​ទះកំផ្លៀង​លើ​ក្មេង​ស្រី និង​ស្តីបន្ទោស​កម្មករ​ទាំង​កណ្តាល​យប់​ផ្អើល​ដល់​ដល់​ក្រុម​អ្នក​សារ​ព័​ត៏​មាន​ចុះ​ទៅ​ផ្តិតរូប និង​ធ្វើការ​Live​ផ្ទាល់​ផ្អើល​ដល់​លោក​ជំទាវ​ហ៊ុន ចាន់​ថុ​ល បាន​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​រំដោះ​យក​កម្មករ​ប្រុស​ស្រី​ចំនួន​១៥​នាក់​យក​មក​ស្នាក់​នៅផ្ទះ​សំណាក់​បណ្តោះអាសន្ន​មួយ​យប់ នៅ​ឯ​ខណ្ឌចំការមន​លុះ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ ក្មេង​កម្មករ​ប្រុស​ស្រី​ទាំង​១៥​នាក់ បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ ប្តឹង​លោក​ថៅកែ​ប្រុស​ឈ្មោះ ធួ​ក គួ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ពី​បទ​ប្រើ​អំពើ​ហិង្សា ។

ក្រោយ​ពេល​ដាក់​ពាក្យបណ្តឹង​ចប់​សព្វគ្រប់​ហើយ លោក​ជំទាវ ហ៊ុន ចាន់​ថុ​ល បាន​ផ្តល់​រថយន្ត​ដឹក​ជញ្ជូន​ក្មេង​ប្រុស​ស្រី​ទាំង​១៥​នាក់ និង​ផ្តល់​ថវិកា​ក្នុង​ម្នាក់​ៗ១០​ម៉ឺន​រៀល និង​ឲ្យ​ក្រុមការងារ​ដឹក​ជញ្ជូន​ក្មេង​ៗ​ទាំងនោះ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ