ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​ស្នើ​ អ.ស.ប ​ធ្វើ​ឱ្យមានការអនុវត្ត​​បទ​ឈប់បាញ់​​គ្នា​នៅ​លីប៊ី

15 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​ការបរទេស​ឥណ្ឌូណេស៊ី លោក MARTY NATALEGAWA គូសបញ្ជាក់​​​កាល​ពីថ្ងៃទី​​២៨ មីនា ថា ឥណ្ឌូណេស៊ី​​ស្នើដល់ អ.ស.ប ​ឱ្យទាមទារ​​​​ការ​ចុះហត្ថលេខា​​លើ​បទ​ឈប់​បាញ់​​គ្នា​មួយ​នៅលីប៊ី ​ដែលនៅទីនោះ​​សភាពការណ៍​​កាន់តែ​អាក្រក់​ទៅ ។​ ក្នុង​​សភា​រដ្ឋ​​មន្ត្រីការបរទេស​​ឥណ្ឌូណេស៊ី​​ថ្លែង​​ថា ឥណ្ឌូណេស៊ី​​ប្រឆាំង​​​ចំពោះ​​អំពើ​ហិង្សា​​​ទាំង​ឡាយ​​នៅក្នុង​ប្រទេស​លីប៊ី ។ ឥណ្ឌូណេស៊ី និង​ប្រទេសដទៃៗ​ទៀត​​ជា​សមាជិក អ.ស.ប នា​ពេលនេះ​​បានរៀបចំ​​ធ្វើ​សារ​លិខិត​​រួម​មួយច្បាប់​​​ផ្ញើ​ជូន​​ប្រធានក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ដោយ​អំពាវ​នាវ​​ឱ្យមានការចុះហត្ថលេខា​​លើ​បទ​ឈប់បាញ់​​គ្នា​មួយ និង​​បើកការចរចារវាង​ភាគី​ដែលមានទំនាស់គ្នា​​ទាំងឡាយ ។ ជំហរ​របស់​​ឥណ្ឌូណេស៊ី​គឺជម្លោះ​​នយោបាយ​​ត្រូវ​ដោះស្រាយ​​តាមផ្លូវ​​ប្រជាធិបតេយ្យ​​ និងការចរចា ។ យើង​​នឹងពុំ​​អាច​អត់​ឱន​​ដល់​អំពើ​ហិង្សា​​ឡើយ ។​
ចំណែក​​​លោក MAHFUG SIDDIQ ប្រធាន​គណៈ​កម្មការ​​ការពារ និង​កិច្ចការ​​បរទេស​ព្រមទាំង​​យោធា​របស់​​សភា​ឥណ្ឌូណេស៊ី​អះអាង​​ថា សហគមន៍​អន្តរជាតិ​​ត្រូវទាញយក​​មេរៀន​​នៃការ​ខុសឆ្គងទាំងឡាយ​នៅក្នុង​​ក្រប​ខណ្ឌ​​នៃ​អន្តរាគមន៍​​យោធា​នៅ​​អ៊ីរ៉ាក់​ដើម្បី​​កុំ​ឱ្យ​​​ការ​ខុស​ឆ្គង​ទាំង​នេះ​កើតមាន​ជា​ថ្មីទៀត ។ ប្រទេស​នីមួយៗ​​ត្រូវ​គ្រប់គ្រង​បញ្ហា​ដោយខ្លួន​ឯង​ផ្ទាល់ ​​ដោយ​គ្មានការជ្រៀត​ជ្រែក​ពីប្រទេស​ដទៃៗ​ទៀត។ យើង​​ពុំអាច​​​​ផ្តល់ភាព​​ស្របច្បាប់ណាមួយ​ដល់អន្តរាគមន៍​​យោធា​ក្នុង​បណ្តា​ប្រទេស​អធិប​តេយ្យ​​ឡើយ ៕