រាជធានីភ្នំពេញ ៖ទីបំផុត ផលិតករភាពយន្តជនជាតិអូស្រា្តលីម្នាក់ដែលជាប់ចោទបង្ហោះដ្រូនផ្សព្វផ្សាយព័ត៌មាន ត្រូវបានប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។ ការប្រកាសសាលក្រមនេះ គឺក្រោយការបញ្ចប់សវនាការសាកសួរដេញដោលច្រើនលើកច្រើនសាកន្លងមកទើបសម្រេច នាព្រឹកថ្ងៃទី៣១ ខែសីហា លើសំណុំរឿងជនជាតិអូស្ត្រាលីបង្ហោះដ្រូនដោយលោក សេង លាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ចោទពីបទប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិយោងតាមមាត្រា៤៤៦នៃ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា ការសម្រេចផ្តន្ទាទោសដូចខាងលើ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះជាច្រើនថ្ងៃលើសំណុំរឿងនេះ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ។ផលិតករភាពយន្តជនជាតិអូស្ត្រាលីរូបនេះឈ្មោះ James Ricketson អាយុ៦៨ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីផែនអន្តោប្រវេសន៍រាជធានីភ្នំពេញឃាត់ខ្លួន នៅចំណុចរូបសំណាកព្រះគម្លង់ ក្នុងខណ្ឌដូនពេញ ពាក់ព័ន្ធនឹងករណីបង្ហោះដ្រូនផ្តិតយករូបភាពនានាពីលើអាកាស ដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេស ដែលសាលារាជធានីភ្នំពេញមិនអនុញ្ញាត កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ។
បន្ទាប់ពីឃាត់ខ្លួនទើបដឹងថា ជនជាតិអូស្ត្រាលីរូបនេះជាផលិតករភាពយន្តម្នាក់ដែលមានរឿងអាស្រូវជាច្រើន និងមានរឿងខ្លះត្រូវបានតុលាការប្រទេសកម្ពុជាធ្លាប់បានផ្តន្ទាទោសរួចហើយដែរ ។ ក្នុងនោះមានដូចជា រឿងជួញដូរកុមារខ្មែរទៅក្រៅប្រទេស ដែលត្រូវផ្តន្ទាទោស២ឆ្នាំតែទោសនោះត្រូវព្យួរ និងមានសំណរឿងរដ្ឋប្បវេណីមួយទៀត ត្រូវតុលាការផ្តន្ទាទោសពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៥លានរៀល និងសងទៅដើមបណ្តឹង៦លានរៀល តែសាលក្រមបានប្រកាសធ្វើឡើងកំបាំងមុខជនជាប់ចោទនៅក្នុងអំឡុងឆ្នាំ២០១៤ ដោយសារគាត់គេចខ្លួនទៅប្រទេសអូស្ត្រាលី ។
ប្រភពព័ត៌មានត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងទៀតថា ជនជាប់ចោទរូបនេះបានលួចចូលមកកម្ពុជាវិញក្នុងឆ្នាំ២០១៥ ដោយការស្នាក់នៅមិនពិតប្រាកដ ។ លុះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃើញជនបរទេសរូបនេះដើរបង្ហោះកាមេរ៉ាដ្រូនថតរូបពីលើអាកាសតាមអំពើចិត្តផ្តិតយកសកម្មភាពថ្ងៃត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវបានហាមឃាត់ ៕
ចែករំលែកព័តមាននេះ