ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​​រង​គ្រោះ​ដោយ​ទឹកជំនន់​សម្តែង​ក្តី​ព្រួយ​បារម្ភ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​ជួប​ប្រទះ​ការ​លិចលង់​ដោយ​គ្រោះ​ទឹកជំនន់ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព ដែល​នៅ​តែ​យាយី​កាន់តែ​ខ្លាំង​ពី​ទឹក ជំនន់​ក៏​ដូច​ជា​ការ​បាត់​ចំណូល​ពី​ការ​លក់ដូរ​ប្រចាំ​ថ្ងៃ ពិសេស​នោះ​គឺ​ការ​បង្កបង្កើន​ផល​កសិកម្ម និង​មាន​ភាពយឺត​យាវ ខណៈ​ដែល​សព្វ​ថ្ងៃនេះ​ស្ថានភាព​ទឹកទន្លេ​មេគង្គ នៅ​តែ​បន្ត​ជន់​ឡើង ហើយ​បាន​អូស​បន្លាយ​រយៈពេល​យូរ​ជាង​រាល់​ឆ្នាំ​។…

ខេត្តក្រចេះ​៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​ជួប​ប្រទះ​ការ​លិចលង់​ដោយ​គ្រោះ​ទឹកជំនន់ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព ដែល​នៅ​តែ​យាយី​កាន់តែ​ខ្លាំង​ពី​ទឹក ជំនន់​ក៏​ដូច​ជា​ការ​បាត់​ចំណូល​ពី​ការ​លក់ដូរ​ប្រចាំ​ថ្ងៃ ពិសេស​នោះ​គឺ​ការ​បង្កបង្កើន​ផល​កសិកម្ម និង​មាន​ភាពយឺត​យាវ ខណៈ​ដែល​សព្វ​ថ្ងៃនេះ​ស្ថានភាព​ទឹកទន្លេ​មេគង្គ នៅ​តែ​បន្ត​ជន់​ឡើង ហើយ​បាន​អូស​បន្លាយ​រយៈពេល​យូរ​ជាង​រាល់​ឆ្នាំ​។

គិត​ត្រឹម​ថ្ងៃ​ទី​៣១ សីហា នេះ ស្ថានភាព​ទឹកទន្លេ​មេ​គ្គ​នៅ​ខេត្តក្រចេះ គឺ​នៅ​តែ​បន្ត​ហក់ ឡើង​ដដែល រហូត​មានកំ​ពស់​ជាង​២២​មែ​ត្រ​។ ដោយ​កំរិត​នៃ​ការ​ហក់​ឡើង​សារ​ជា​ថ្មី​នេះ ក៏​ត្រូវ​បាន​អាច​ជ្ញា​ធរ​ខេត្ត​អះអាង​ថា ហួស​ពី​កំរិត​ប្រកាស​អាសន្ន និង​កំរិត​ប្រុង​ប្រយ័ត្ន​។

មន្ត្រី​សាលាខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា មានស្រុក ក្រុង​ចំនួន​៤ ស្ថិត​នៅ​តាម​តំបន់​ទំនាប គឺ​បាន​រង​ការ​ជន់​លិច​ពី​តាម​ដៃ​ព្រែក ទន្លេ និង​ដងអូរ​។ ក្នុង​នោះ​មាន​៣០​ឃុំ សង្កាត់​ត្រូវ​ទទួល រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​លិចលង់​នេះ​ផង​ដែរ​។

ស្រុក​ចិត្រ​បុរី ជា​ស្រុក​មួយ​ដែល​មាន​វិសាលភាព​ធំ​ទូ​ទាយ និង​មាន​អត្រា​ប្រជាពលរដ្ឋ​រស់ នៅ​ច្រើន​ជាងគេ ដោយសារ​ភូមិសាស្ត្រ​ស្រុក​នេះ​ស្ថិត​តាម​បណ្តោយ​ដង​ទន្លេ​គ​ង្គ​សម្បូរ​ដោយ ដងអូរ​ដៃទន្លេ បឹង ព្រែក ទើប​ធ្វើ​ឲ្យ​តំបន់​នានា​នៅ​ក្នុងស្រុក​នេះ​មាន​អំណោយផល​ល្អ​លើ វិស័យ​កសិកម្ម​។ ពលរដ្ឋ​ភាគច្រើន​នៅ​ស្រុក​ចិត្រ​បុរី បាន​ចាប់​យក​របរ​កសិកម្ម​ជា​របរ​ចំបង សម្រាប់​គ្រួសារ​។​ហើយ​ក្នុង​រដូវវស្សា​ទឹកធំ​ឆ្នាំ​នេះ​ទឹកជំនន់​បាន​ជន់​លិច​ស្ទើរ​គ្របដណ្តប់​លើ​ផ្ទៃដី​នៃ​ស្រុក​មួយ​នេះ​។

ទន្ទឹម​គ្នា​នេះ​ពលរដ្ឋ​រស់នៅ​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី មាន​ខ្លះ​កំពុង​ជួប​និង​ការ​លិចលង់ និង​កំពុង​តែ​ជម្លៀស បាន​លើក​ឡើង​អំពី​ផល​លំបាក​ដែល​កំពុង​ជួប​ប្រទះ​ក្នុង​គ្រា​ទឹកជំនន់​នេះ ថា ទឹកជំនន់​ឆ្នាំ​នេះ​បាន​ជន់​ឡើង​ខ្លាំង​ជាង​រាល់​ឆ្នាំ និង​បាន​អូស​បន្លាយពេល​យូរ ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ចំណូល​ពី​ការ​ប្រក​របរ​លក់ដូរ​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ចិញ្ចឹមសត្វ និង​ការ​ដាំ​ដំណាំ​កសិក​កម្ម​ជាដើម​។ ពួក​គាត់​បាន​ប្រៀបធៀប​ថា ជា​រៀង​រាល់​ឆ្នាំ​ទឹកជំនន់​បាន​ជន់​លិច ត្រឹមតែ​រយៈពេល​១០ ទៅ​២០​ថ្ងៃ​ប៉ុណ្ណោះ​នឹង​ស្រក​អស់​ទៅ​វិញ ធ្វើ​ឲ្យ​ពួក​គាត់​អាច​ស្តារ​ឡើង​វិញ​បាន​ខ្លះ នូវ​ដំណាំ​កសិកម្ម​របស់​ពួក​គាត់​ដែល​បាន​លិចលង់​។

ពួក​គាត់​បាន​សម្តែង​ក្តី​បារម្ភ​ថា ឆ្នាំ​នេះ​ការ​ជន់​លិច បាន​អូស​បន្លាយ​រយៈពេល​យូ ហើយ​ការ​ជន់​លិច​បាន​បង្ក​ឡើង​តាំងពី​ដើមរដូវ ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​នឹង​ការ​បង្កបង្កើន​ផល​កសិកម្ម មានការ​យឺត​យាវ​ជាង​រាល់​ឆ្នាំ ។

ចំណែកឯ​ពលរដ្ឋ​ដែល​កំពុង​តែ​តាំងទី​លំនៅ​បណ្តោះអាសន្ន នៅ​លើ​ទីទួល​សុវត្ថិភាព ខាងក្រោយ​ស្រុក​ចិត្រ​បុរី ក៏​បាន​រៀបរាប់​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ជម្ងឺឆ្លង​ទាំង មនុស្ស​និង​សត្វពាហនៈ​។ ម្យ៉ាងវិញទៀត​គ្មាន​បង្គន់​អនាម័យ និង​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ និង​បរិភោគ​ក៏​ជា​បញ្ហា​មួយ​ដែល​ពួក​គាត់​កំពុង​ប្រឈម​។

ស្រប​ជាមួយនឹង​ស្ថានភាព​ទឹកជំនន់​នៅ​តែ​បន្ត​ជន់​ឡើង​សារ​ជា​ថ្មី​នេះ កាលពី​ចុងខែ​សីហា​កន្លង​ទៅ រដ្ឋបាល​ខេត្តក្រចេះ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស់​ព័ត៌មាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ដែល​កំពុង​តែ​រស់នៅ​តាម​តំបន់​ងាយ​លិចលង់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​នេះ​។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​សារ​ជា​ថ្មី​របស់​រដ្ឋបាល​ខេត្តក្រចេះ បាន​ជំរុញ​ឲ្យ​អង្គ ភាព​កងកម្លាំង ប្រដាប់​អាវុធ មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ពលរដ្ឋ ដែល​លិចលង់ និង​ជម្លៀស​សង្គ្រោះ​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេល​ និង​បង្កា​ទប់ស្កាត់​នៅ​រាល់​ហានិភ័យ​ផ្សេង​ៗ ដែល​និង​អាច​កើត​មាន​ឡើង​ដល់​ពួក​គាត់​ដោយ​ប្រការ​ណាមួយ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ