ខេត្តកំពង់ចាម ៖ រណ្តៅដីជាច្រើនកន្លែងត្រូវបានគេជីកយកអាចម៌ដីលក់ ស្ទើរដល់ក្បាលប្រែត ស្ថិតនៅក្នុងភូមិប្រសំ និងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ក្នុងនោះមានកន្លែងខ្លះមិនមានច្បាប់នោះទេ និងកន្លែងខ្លះទៀតមានច្បាប់ តែបានជីកជ្រៅលើសពី៥ម៉ែត្រទៅទៀត។ ហើយក៏មិនឃើញមានស្ថាប័នជំនាញ ឫអាជ្ញាធរចុះទៅពិនិត្យនោះទេ ដែលធ្វើក្រុមឈ្មួញ ដូចជាជិះសេះលែងដៃយ៉ាងរំភើយផងដែរ។
លោកតា ញឹម ម៉ីន អាយុ៦៧ឆ្នាំ នៅភូមិរមូល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០សីហា ថា រាល់ថ្ងៃនេះសកម្មភាពរថយន្តដឹកដីចេញពីម្តុំក្រោយវត្តរមូល យកទៅលក់កាត់តាមផ្លូវមុខផ្ទះរបស់គាត់កើតមានជិត២ឆ្នាំមកហើយ ។ ដោយសារតែហុយត្រូវបានម្ចាស់ការដ្ឋានដីបានឲ្យរថយន្តដឹកទឹកមកស្រោចតាមផ្លូវក្នុងភូមិ ដើម្បីកាត់បន្ថយមិនឲ្យហុយទៅលើផ្ទះរបស់ប្រជាពលរដ្ឋ ។
លោកតាញឹម ម៉ីន មានប្រសាសន៍បន្តថា ក្នុងរដូវវស្សានេះ ផ្លូវលំមិនសូវហុយប៉ុន្មានទេ តែបើដល់រដូវប្រាំងវិញហុយនោះហុយ ប្រសិនបើគាត់ចង់ពិសាបាយទាល់តែស្ងាត់រថយន្តដឹកដីម៉ោង១២ទៅ១រសៀល ទើបពិសាបាយកើតបើ មិនដូច្នោះទេនឹងត្រូវហុយចូលចានបាយមិនខាន។ ក្នុងនាមពលរដ្ឋក្នុងភូមិសំណូមពរដល់ម្ចាស់ការដ្ឋានជីកដី សូមធ្វើយ៉ាងណាជួយស្រោចទឹកតាមផ្លូវថ្នល់ក្នុងភូមិឲ្យបានញឹកញាប់ផង ដើម្បីកុំឲ្យហុយពេក ព្រោះថា បើទទួលរងការហុយយូរទៅៗអាចនឹងកើតជំងឺផ្លូវដង្ហើម។
លោកម៉ៅ យ៉ុង អាយុ៥៨ឆ្នាំ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ម្ចាស់រណ្តៅដីប្រាប់ថាត្រង់ទីតាំងរណ្តៅដីដែលគាត់បានជីកយកអាចម៌ដីលក់នៅម្តុំក្រោយវត្តរមូល មានច្បាប់ត្រឹមត្រូវពីមន្ទីររ៉ែ និងថាមពលខេត្ត ដែលក្នុងច្បាប់បានកំណត់ឲ្យជីកជំរៅតែ៥ម៉ែត្រនោះទេ ។ ហើយគាត់បានទទួលស្គាល់ថា ត្រង់កន្លែងខ្លះបានជីកជំរៅលើសពីច្បាប់ទៅទៀត ដូចដីដែលបានដឹកកាត់តាមភូមិរមូល គាត់បានឲ្យរថយន្តដឹកទឹកស្រោចជាបន្តបន្ទាប់ ដើម្បីការពារកុំឲ្យហុយទៅផ្ទះរបស់ប្រជាពលរដ្ឋ ។
លោកគន្ធា ម្ចាស់រណ្តៅដីនៅភូមិប្រសំ បានប្រាប់ថា កន្លែងរបស់លោកមានច្បាប់ពីមន្ទីររ៉ែ និងថាមពលខេត្ត ដោយនៅក្នុងខែសីហា ២០១៨ រថយន្តដឹកដីត្រូវចូលទៅដឹកអាចម៌ដី ដើម្បីយកមកធ្វើផ្លូវលំក្នុងស្រុកកំពង់សៀម ហើយនៅខែតុលាខាងលើនិងឈប់ជីកហើយ ។ ក្នុងច្បាប់ឲ្យជីកជំរៅត្រឹម៥ម៉ែត្រមែន តែរូបលោកទទួលស្គាល់ថា គ្រឿងចក្របានជីកជំរៅរហូតដល់ទៅជាង១០ម៉ែត្រ ហើយក៏មិនមានពលរដ្ឋណាបានប្តឹងពីកន្លែងរបស់លោកដែរ ។
លោកលី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣០សីហាថា សម្រាប់ការជីកដីនេះ ត្រូវបានក្រសួងរ៉ែ និងថាមពលបានធ្វើប្រតិភូកម្មឲ្យមករដ្ឋបាលថ្នាក់ក្រោមជាតិ ហើយច្បាប់តំរូវឲ្យជីកទំហំផ្ទៃដី១ហិកតា និងឲ្យជីកជម្រៅតែ៥ម៉ែត្រ បើចង់ជីកលើសនេះត្រូវសុំទៅក្រសួងរ៉ែ។ រូបលោកកំពុងតែជម្រុញឲ្យអ្នកជីកដីលក់ ត្រូវមកធ្វើច្បាប់នៅច្រកចេញចូលតែមួយនៅសាលាខេត្ត៕
ចែករំលែកព័តមាននេះ