ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​និយាយ​លែង​ចេញ ព្រោះ​ប៉ះពាល់​រាប់​ពាន់​គ្រួសារ​ឯណោះ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ប្រជាជន មន្ត្រីរាជការ​រាប់​ពាន់​គ្រួសារ​នៅ​ខេត្តកោះកុង​ កំពុង​ព្រួយបារម្ភ​ដោយសារ​លំនៅ​ឋាន​របស់​ពួក​គាត់​ត្រូវ​បាន​ដាក់​ចូល​ក្នុង​តំបន់​ការពារ​ដោយ​អនុក្រឹត្យ និង​លិខិត​ស​.​ជ​.​ណ របស់​អាជ្ញាធរ​ខេត្ត​បាន​គ្របដណ្តប់យក​អស់ហើយ​ជា​សម្បត្តិ​រដ្ឋ ។ ផ្ទៃដី​ចំនួន​១៤៤.២៧៥​ហិ​កតា ត្រូវ​បាន​បង្កើត​ទៅ​ជា​ដែនជម្រកសត្វព្រៃ​តា​តៃ…

ខេត្តកោះកុង ៖ ប្រជាជន មន្ត្រីរាជការ​រាប់​ពាន់​គ្រួសារ​នៅ​ខេត្តកោះកុង​ កំពុង​ព្រួយបារម្ភ​ដោយសារ​លំនៅ​ឋាន​របស់​ពួក​គាត់​ត្រូវ​បាន​ដាក់​ចូល​ក្នុង​តំបន់​ការពារ​ដោយ​អនុក្រឹត្យ និង​លិខិត​ស​.​ជ​.​ណ របស់​អាជ្ញាធរ​ខេត្ត​បាន​គ្របដណ្តប់យក​អស់ហើយ​ជា​សម្បត្តិ​រដ្ឋ ។

ផ្ទៃដី​ចំនួន​១៤៤.២៧៥​ហិ​កតា ត្រូវ​បាន​បង្កើត​ទៅ​ជា​ដែនជម្រកសត្វព្រៃ​តា​តៃ តាម​អនុ​ក្រិ​ត្យ​លេខ​៨០ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ឧសភា​ឆ្នាំ​២០១៦ បាន​គ្របដណ្តប់​និង​ប៉ះពាល់​ទៅ​លើ​លំនៅ​ឋាន ដីស្រែ​ចំការ សាលា​រៀន អគារ​រដ្ឋបាល​ស្ថាប័នរដ្ឋ ផ្លូវថ្នល់ ជា​ពិសេស​គឺ​ព្រះរាជ​ដំណាក់ ដែល​មាន​ចំនួន​សរុប​រាប់រយ​ទីតាំង​និង​រាប់​ពាន់​ខ្នង ស្ថិត​នៅ​ក្នុង​ក្រុង​ស្រុក​ចំនួន​៦​គឺ​ស្រុកស្រែ​អំបិល ស្រុក​បុ​ទុម​សាគរ ស្រុក​គី​រី​សាគរ ស្រុក​ថ្ម​បាំង ស្រុក​មណ្ឌល​សីមា​និង ក្រុង​ខេមរភូមិន្ទ មួយ​ចំហៀង​ក្រុង​តែ​ម្តង ។

ដោយ​វិសាលភាព​នៃ​អនុ​ក្រិ​ត្យ​នេះ ចរាចរ​លើ​វិស័យ​អចលនៈទ្រព្យ​និង​ការ​អភិ​វ​ឌ្យ​ន៍​ត្រូវ​បាន​ជាប់​គាំងស្ញេញ ធ្វើ​ឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​មានការ​ធ្លាក់​ចុះ និង​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​មួយ​ចំនួន​ក៏​ត្រូវ​រាំងស្ទះ​ដែរ នៅ​ក្នុងអំឡុងពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។

សូ​ម្បី​តែ​ការ​ផ្តល់​កម្មសិទ្ធិ​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​យូរអង្វែង​តាម​លក្ខណៈ​ជា​ប្រព័ន្ធ​ស្រប​តាម​គោល​ការ​រាជរដ្ឋាភិបាល​ក៏​ត្រូវ​រាំងស្ទះ ។ ជាក់ស្តែង​គ្រប់​មជ្ឈដ្ឋាន​ដែល​កំពុង​រស់នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ កំពុង​ជ្រួល និយាយ​លែង​ចេញ​តែ​ម្តង ។

លោក នាម យុង ចៅសង្កាត់​ស្មាច់​មាន​ជ័យ បាន​បញ្ជាក់​ថា ពលរដ្ឋ​ចំនួន​៣​ភូមិ​ក្នុង​សង្កាត់​របស់​លោក​គឺ​ភូមិ​បឹង​ឃុន​ឆាង ភូមិ​ស្មាច់​មាន​ជ័យ និង​ភូមិ​១ ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង​៥០០​គ្រួសារ ត្រូវ​បាន​អនុ​ក្រិ​ត្យ​នេះ​គ្របដណ្តប់​ជិតឈឹង​និយាយ​លែង​ចេញ ។

ពលរដ្ឋ​ជា​ច្រើន​បាន​ត្អូញត្អែរ​ថា រឿង​ចាស់​នៅ​ក្តៅ​គគុក​នៅឡើយ ស្រាប់តែ​ថ្មី​ៗ​នេះ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​បាន​ចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត ស្តី​ពី​ការ​ដកហូត​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី និង​ការ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ថែម​ទៀត ។

ពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ថា លិខិត​លេខ​១៨៥/១៨ ស​ជ​ណ ចុះ​ថ្ងៃ​ទី​២០ ខែសីហា​ឆ្នាំ​២០១៨ របស់​លោកស្រី​អភិបាលខេត្ត​នេះ ហាក់បីដូច​មាន​ទម្រង់​គំរាមកំហែង​ខ្លាំង​ណាស់​មក​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង ព្រោះ​នៅ​ក្នុង​ខ្លឹមសារ​លិខិត​បាន​ប្រើ​ពាក្យ​ដកហូត និង​កម្ទេច ។

មិនតែប៉ុណ្ណោះ​លិខិត​នេះ​ក៏​មិន​បាន​កំណត់​ចំនួន​ផ្ទៃដី​និង​ព្រំប្រទល់​ឱ្យ​បាន​ច្បាស់លាស់​ដែរ ហេតុនេះ​អ្នក​រស់នៅ​ក្នុង​ក្រុង​ច្រើន​ណាស់ ដែល​កំពុង​ប្រកប​របរ​កសិកម្ម កសិឧស្សាហកម្ម​និង​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​កន្លង​មក ស្ថិត​នៅ​ក្បែរ​ៗ​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​នេះ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​លែង​ធ្វើការ​អ្វី​កើត ។

លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរៈភូមិន្ទ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២៩ សីហា​នេះ​ថា លោក​ពុំ​បានដឹង​ច្បាស់​អំពី​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ក្រោម​ឥទ្ធិពល​អនុ​ក្រិ​ត្យ​លេខ​៨០​និង​លិខិត ស ជ ណ របស់​អាជ្ញាធរ​ខេត្ត​យ៉ាងណា​នោះ​ទេ ។ លោក​អភិបាលក្រុង​បញ្ជាក់​ទៀត​ថា​លោក​បាន​ស្នើ​សុំ​ទិន្ន័យ​អំពី​ផល​ប៉ះពាល់​នេះ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ជា​ច្រើន​លើក​ហើយ ប៉ុន្តែ​ខាង​បរិស្ថាន​មិន​ឱ្យ ។

កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​ទូរស័ព្ទ​ទៅ​លោក ម៉​ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ជា​ច្រើន​លើក​ដែរ តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ។

ទាំង​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​មេឃុំ​ចៅសង្កាត់​ជា​ច្រើន ក្នុង​ខេត្តកោះកុង​បាន​សំណូមពរ​ថា សុំ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងបរិស្ថាន មេត្តា​ដាក់​ការ​ពិចារណា​ជា​ថ្មី​ទៅ​លើ​យាម​ការ​ក្នុង​ផែនទី​មួយ​ចំនួន ដែល​បាន​កំណត់​យក​ភូមិដ្ឋាន អគារ​រដ្ឋបាល​របស់​ស្ថាប័នរដ្ឋ សាលារៀន ផ្លូវថ្នល់ ឆ្នេរសមុទ្រ វត្ត​អារាម ព្រះរាជ​ដំណាក់ ជា​ពិសេស​សូ​ម្បី​តែ​ផ្ទះ​លោក ប៊ុ​ន លើ​ត អតីត​អភិបាលខេត្ត និង​ផ្ទះសម្បែង​រាប់​ពាន់​ខ្នង​ទៀត គឺ​ត្រូវ​បាន​អនុ​ក្រិ​ត្យ​ទើបតែ​បង្កើត​នៅ​ឆ្នាំ​២០១៦​នេះ​គ្របដណ្តប់​ជិតឈឹង​ទាំងអស់ ។ ដល់​អុ​ី​ចឹ​ង​ទៅ​គ្មាន​អ្នកលក់ គ្មាន​អ្នកទិញ គ្មាន​កេរ គ្មាន​ហ៊ាន​សាងសង់​អ្វី​ទាំងអស់ ព្រោះ​ខុសច្បាប់ ៕ ​

 

អត្ថបទសរសេរ ដោយ