ខេត្តកណ្តាល ៖ ចោរប្លន់ប្រដាប់អាវុធ១ក្រុមបានគាស់បង្អួចផ្ទះលក់កាហ្វេមួយរួចលូនចូលទៅចាប់កូនម្ចាស់ផ្ទះចងស្លាបសេក ព្រមទាំងវាយស្ត្រីម្ចាស់ផ្ទះ និងកូនស្រីបណ្តាលឱ្យរងរបួស ហើយប្រមូលយកទ្រព្យសម្បត្តិមានតម្លៃ រួចគេចខ្លួនទៅបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ។
ក្រុមចោរប្លន់មានគ្នា២នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លី១ដើម ដែកស្បែង១ និងដូយរថយន្ត១ ។ ចំណែកឯស្ត្រីម្ចាស់ផ្ទះឈ្មោះសុខ ខឿន អាយុ៤៩ឆ្នាំ រងរបួសបែកក្បាលដេរចំនួន៥០ថ្នេរ និងកូនស្រីឈ្មោះលឹម សុខា អាយុ២៨ឆ្នាំ រងរបួសបែកក្បាលដេរ៥ថ្នេរ។ ក្រុមចោរប្រមូលយកបានខ្សែដៃប្លាទីន២ខ្សែទម្ងន់២តម្លឹង៣ជី ខ្សែ.កប្លាទីន២ខ្សែទម្ងន់៨ជី ខ្សែដៃដាំត្បូង១ខ្សែ ក្រវិលពេជ្រ១គូតម្លៃប្រហែល១.០០០ដុល្លារ បន្តោងខ្សែ.ករូបព្រះធ្វើពីមាស២ជី លុយ៥០០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿងតម្លៃជាង១០០ដុល្លារ ។ សរុបការបាត់បង់ទ្រព្យសម្បត្តិទាំងអស់ចំនួនជាង៦ពាន់ដុល្លារ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅពេលម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក ក្រុមចោរប្លន់បានគាស់បង្អួចចំហៀងខាងលិច រួចកាត់ចំរឹងបង្អួចលូនចូលបន្ទប់ ក្រោមផ្ទះ។ ពួកគេបានចាប់កូនប្រុសម្នាក់របស់ស្ត្រីម្ចាស់ផ្ទះចងស្លាបសេកនឹងខ្សែភ្លើង ព្រមទាំងគំរាមមិនឱ្យស្រែក។ បន្ទាប់មកពួកចោរឡើងទៅលើផ្ទះតាមជណ្តើរខាងក្នុង រួចចាប់កូប្រសាប្រុសម្នាក់ទៀតចង និងគំរាមស្ត្រីម្ចាស់ផ្ទះ និងកូនស្រីឱ្យយកកូនសោចាក់ទូ និងក្បាលគ្រែប្រអប់រើយកទ្រព្យសម្បត្តិមានតម្លៃ។
ប្រភពដដែលបន្តទៀតថា ដោយសារស្ត្រីម្ចាស់ផ្ទះបដិសេធថា អត់មានលុយ ឬរបស់មានតម្លៃអ្វីទេ ធ្វើឱ្យចោរខឹងក៏ទាញយកដែកគាស់វាយគាត់ផង និងវាយកូនស្រីផងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ខណៈស្ត្រីម្ចាស់ផ្ទះរងរបួស ពួកចោរបានយកដែកគាស់ទៅគាស់ទូ និងក្បាលគ្រែប្រអប់ប្រមូលយកគ្រឿងអលង្ការ និងលុយនៅក្នុងនោះទាំងអស់ ។ ពេលនាំគ្នាគេចខ្លួនដោយសារតែទ្វារផ្ទះជាប់គន្លឹះចេញមិនបានលឿន ពួកចោរនាំគ្នាលូនចេញតាមប្រហោងបង្អួច ។ ក្រោយពេលកើតហេតុនោះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួលបានតាមរកចាប់ខ្លួនពួកចោរភ្លាមៗដែរ ប៉ុន្តែរកមិនឃើញ។ គេសង្ស័យថា ពួកចោរអាចជាអ្នករស់នៅជិតៗនោះ និងធ្លាប់ចេញចូលផឹកកាហ្វេទៀតផងទើបដឹងថា ជនរងគ្រោះមានទ្រព្យសម្បត្តិ និងលុយកាក់ ហើយចូលប្លន់បែបនោះ ៕


ចែករំលែកព័តមាននេះ