ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ថៃ​គាំទ្រ​ឱ្យ​មានការ​ហាមឃាត់​ការ​ប្រើ​ថ្នាំ​កម្ចាត់​ស្មៅ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អនុរដ្ឋមន្ត្រី​កសិកម្ម និង​សហករណ៍​លោក Wiwat Salyakamthorn បាន​បង្ហាញ​ការ​គាំទ្រ​ឲ្យ​មានការ​ហាមឃាត់​ការ​ប្រើ​ថ្នាំ​កម្ចាត់​ស្មៅ​ដែល​មាន​ជាតិ ប៉ា​រ៉ា​ខ្វាត (Paraquat) គ្លី​ហ្វី​សាត…

ទីក្រុង​បាងកក ៖ អនុរដ្ឋមន្ត្រី​កសិកម្ម និង​សហករណ៍​លោក Wiwat Salyakamthorn បាន​បង្ហាញ​ការ​គាំទ្រ​ឲ្យ​មានការ​ហាមឃាត់​ការ​ប្រើ​ថ្នាំ​កម្ចាត់​ស្មៅ​ដែល​មាន​ជាតិ ប៉ា​រ៉ា​ខ្វាត (Paraquat) គ្លី​ហ្វី​សាត (Glyphosate) និង​ក្លរ​ពិ​រី​ហ្វូ​ស ។

កាលពី​ថ្ងៃ​អង្គារ​កន្លង​មក លោក Wiwat បាន​បញ្ជាក់​ពី​គោល​ជំហរ​បស់​លោក​សា​ជា​ថ្មី​ថា​នឹង​ប្រឆាំង​ការ​ប្រើប្រាស់​ធាតុគីមី​ទាំង​បី​ខាងលើ និង​បាន​បន្ថែម​ថា ធាតុគីមី​នេះ​ត្រូវ​តែ​ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​ប្រើ​ទាំងស្រុង និង​ភ្លាម​ៗ ។

លោក​បាន​បន្ត​ថា ថ្នាំ​គីមី​ដែល​មាន​ជាតិពុល​ទាំងនេះ​បាន​ក្លាយជា​ការ​គម្រាមកំហែង​ដល់​​សុខភាព​សាធារណៈ និង​បរិស្ថាន​ជាតិ ជា​ពិសេស​ធាតុ​ប៉ា​រ៉ា​ខ្វាត ដែល​ជា​ថ្នាំ​កម្ចាត់​ស្មៅ​ដ៏​មាន​ប្រជាប្រិយភាព និង​មានឈ្មោះ​ម្យ៉ាងទៀត​ថា Gramoxone ។

ថ្នាំ​គីមី​ទាំងនេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ថៃ ព្រោះ​វា​ជួយ​ដល់​កសិករ​ក្នុង​ការ​ប្រមូល​ផល បើ​ទោះជា​ប្រទេស​ជា​ច្រើន​ដទៃ​ទៀត​បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ប្រើប្រាស់​ក៏​ដោយ ។

លោក Wiwat បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ធាតុគីមី​ខាងលើ​ចំពោះ​សុខភាព​មនុស្ស និង​បរិស្ថាន ។ លទ្ធផល​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គណៈកម្មាធិការ​ពិសេស​ដែល​តាមដាន​ការ​ប្រើ​ធាតុគីមី​ក្នុង​ក​សិស​កម្ម ។

គណៈកម្មាធិការ​ពិសេស​នេះ​នឹង​បញ្ជូន​លទ្ធផល​ចុង​ក្រោយ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី​នៅ​ខែ​ក្រោយ​នេះ ។

កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា កន្លង​មក សមាជិក​គណៈកម្មាធិការ​ដែល​រួម​មាន អ្នក​តំណាង​មក​ពី​ក្រសួង​សុខភាព​សាធារណៈ ឧស្សាហកម្ម និង​កសិកម្ម រួម​ទាំង​អ្នកជំនាញ​បាន​សម្រេច​ឲ្យ​មានការ​ប្រើ​ធាតុគីមី​ខាងលើ​បន្ត​ទៀត ប៉ុន្តែ​ក្រោម​ការ​ត្រួតពិនិត្យ​ដ៏​តឹង​រ៉ឹង។

គណៈកម្មាធិការ​នេះ​បាន​និយាយ​ថា មិន​មានការ​សិក្សា​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់​ថា ធាតុគីមី​ខាងលើ​អាច​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។

ថ្នាំ​ប៉ា​រ៉ា​ខ្វាត​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កសិករ​ថៃ​ភាគច្រើន ប៉ុន្តែ​វា​ត្រូវ​បាន​ហាមឃាត់​ក្នុង​ប្រទេស​ច្រើន​ជាង​៣០​ទៅ​ទៀត​ដែល​រួម​មាន​វៀតណាម ឡាវ និង​ប្រទេស​ចិន​ដែល​ជា​អ្នក​នាំ​ចេញ​ថ្នាំ​នេះ​ធំ​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ