មានមិត្តខ្លះគេមិនហ៊ានហាមឃាត់យើងដែលកំពុងធ្វើនូវអំពើឆ្គាំឆ្គងទេ មកអំពីគេខ្លាចយើងខឹង ខ្លាចយើងស្អប់គេ បានជាមិនហ៊ានឃាត់ មិនហ៊ានដាស់តឿន តែគេអាចធ្វើជាមិត្តល្អបាន បើគេមានសន្តានចិត្តល្អ ព្យាយាមដឹកនាំឲ្យយើងទៅរកផ្លូវត្រូវ ណែនាំយើងឱ្យស្តាប់ធម៌ រៀនធម៌ គេសរសើរយើងក្នុងផ្លូវល្អ ក្នុងគោលបំណងឲ្យយើងមាននូវស្មារតីឡើងវិញវៀរចាកអំពើសៅហ្មងដោយខ្លួនឯង និងនៅពេលស្ទាបស្ទង់ចិត្តស្គាល់ច្បាស់ហើយក៏ប្រាប់ឱ្យយើងដឹងនូវកំហុសឆ្គងទាន់ពេលវេលា។
មែនហើយមនុស្សមានច្រើនប្រភេទ ច្រើនជំពូកណាស់ ប៉ុន្តែការជ្រើសរើសមិត្តមិនមែនជាការផ្សងព្រេងដូចចាក់ឆ្នោតទេ គឺត្រូវតែសិក្សាអំពីលក្ខណៈរបស់មនុស្សឲ្យបានច្បាស់លាស់។ ដូចព្រះពុទ្ធជាកល្យាណមិត្តមួយព្រះអង្គដ៏កំពូលជាមួយនឹងពុទ្ធបរិស័ទទូទៅ ការប្រព្រឹត្តព្រហ្មចរិយធម៌រហូតបានសម្រេចទាំងមូល ដោយអាស្រ័យព្រះអង្គជាកល្យាណមិត្ត តាមដានពិនិត្យការប្រព្រឹត្តរបស់យើងរាល់ថ្ងៃ ខុសឬត្រូវយ៉ាងណាៗ ព្រះអង្គហ៊ានជួយថា ជួយប្រាប់ និងជួយបង្ហាញផ្លូវត្រូវឱ្យដើរទៀតផង ។
មនុស្សល្អកម្ររកបានណាស់ មនុស្សល្អធ្វើអាក្រក់បានដោយលំបាក ប៉ុន្តែមនុស្សអាក្រក់ធ្វើបាបបានដោយងាយ ថែមទាំងមិនចេះឆ្អែតក្នុងអំពើអបាយនោះឡើយ ។
ចែករំលែកព័តមាននេះ