ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះក្នុង​រោងចក្រ​ផលិត​គ្រឿង​ផ្ទុះ​នៅយេម៉ែន​ស្លាប់ជាង​១២០នាក់

15 ឆ្នាំ មុន

ប្រភពពីមន្ទីរពេទ្យ​បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោចណាស់​​១២១​នាក់ បាន​ស្លាប់បាត់​​បង់ជីវិត​ និងជិត​​៥០​នាក់ទៀត​រង​របួស​​ក្នុងការ​​ផ្ទុះនៅ​រោងចក្រ​​ផលិត​គ្រឿង​ផ្ទុះ​មួយ​​នា​ភាគ​​ខាង​ត្បូង​​ប្រទេស​យេម៉ែន កាលពី​យប់​​ថ្ងៃទី​​២៨ មីនា ​កន្លង​មក ។ ​ប្រភពដដែល​​​ឱ្យ​ដឹងទៀត​ថា ​​​ចំនួន​អ្នក​ស្លាប់​អាចកើន​ឡើង​ថែមទៀត ព្រោះ​ភាគ​ច្រើន​​​នៃ​អ្នក​​របួស​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​​ធ្ងរ ។​

មន្ត្រី​សន្តិសុខ​​មួយរូបនិយាយ​​ឱ្យ​ដឹង​ថា ភាគ​ច្រើន​​នៃ​អ្នក​ស្លាប់​​ជា​ពលរដ្ឋ​​​ក្នុង​តំបន់ ។​ រោងចក្រ​ផលិត​​​​គ្រឿង​ផ្ទុះ​នោះស្ថិត​នៅ​ក្នុង​ខេត្ត Abyan ​ភាគ​ខាង​​ត្បូងប្រទេស​​យេម៉ែន ​ហើយ​ការ​ផ្ទុះ​​នៅរោងចក្រ​​នេះ​​កើតឡើង​​ក្នុង​អំឡុង​ពេល​មាន​បាតុ​កម្ម​​ប្រឆាំង​​ប្រធានា​ធិបតី​​ប្រទេស​នេះ​ លោកអាលី​អាប់ឌុលឡាហ៍ សា​ឡេហ៍ ចាប់តាំង​ពី​ប៉ុន្មានខែ​មកហើយ​។​

ដោយឡែក​​កាលពីថ្ងៃទី​​២៧ មីនា កន្ល​ងមក ​​ពួកសកម្ម​ប្រយុទ្ធ​​អ៊ិស្លាម​​បានបើកការ​វាយឆ្មក់​​​រោងចក្រ​​នោះ​ចំពេល​មាន​​ការ​ប៉ះទង្គិចគ្នា​​រវាង​​​ពួក​បាតុករ​​ជាមួយ​កង​កម្លាំង​​រដ្ឋាភិបាល ។ នៅ​ពេល​មានការផ្ទុះ​​ក្នុង​រោងចក្រ​​ ពលរដ្ឋ​​ជាច្រើន​​​លើក​គ្នា​ទៅកាន់​ទី​នោះដើមលួច​គ្រឿង​ផ្ទុះ ។​ មន្ត្រីនា​នានិយាយ​​ឱ្យ​ដឹង​ថា ​ភាគច្រើន​​នៃ​អ្នក​​​ស្លាប់​ក្នុងការ​​ផ្ទុះ​នោះជា​ស្ត្រី និង​កុមារ ។ ទោះបី​ជា​​បែបណា ​គេមិន​​​ទាន់ដឹង​​ច្បាស់ពីមូលហេតុ​​នៃ​ការ​ផ្ទុះនៅឡើយទេ ។​ តាមទីភ្នាក់ងារ​​ព័ត៌មាន AP ថា រោង​ចក្រ​នោះ​​ផលិត​គ្រឿង​ផ្ទុះ​ និងគ្រាប់​កាំភ្លើង AK ៕​