ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ព្រម​រុះ​តែ​ត្រូវ​រុះ​ទាំងអស់ ព្រោះ​មាន​រហូត​ដល់​ជិត​៥០​គ្រួសារ​នៅ​ទីនោះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​អនុវត្តន៍​តាម​បទបញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​រុះរើ​ផ្ទះ​ចំនួន​២​ខ្នង ដែល​ទើប​ធ្វើការ​សាងសង់​ថ្មី​ៗ​រំលោភ​យក​ដី​ម៉ុង​របស់​សមាគម​ន៍​ចិន​មួយ ហើយ​ត្រូវ​បាន​សមាគម​ន៍​ចិន​ខាងលើ​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍ ។ ប្រតិបត្តិការ​ខាងលើ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​អនុវត្តន៍​តាម​បទបញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​រុះរើ​ផ្ទះ​ចំនួន​២​ខ្នង ដែល​ទើប​ធ្វើការ​សាងសង់​ថ្មី​ៗ​រំលោភ​យក​ដី​ម៉ុង​របស់​សមាគម​ន៍​ចិន​មួយ ហើយ​ត្រូវ​បាន​សមាគម​ន៍​ចិន​ខាងលើ​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍ ។

ប្រតិបត្តិការ​ខាងលើ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ ដែល​ដី​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ ក្បែរផ្លូវ​រថភ្លើង ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ខណ្ឌ​ក៏​បាន​ផ្សព្វ​ផ្សាយដំណឹង​ដល់​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​ទៀត​ដែល​បាន​សង់ផ្ទះ​នៅ​លើ​ដី​សមាគម​ន៍​នោះ​យូរ​មក​ហើយ​ដែរ​ឲ្យ​បានដឹង​ថា ដី​ដែល​ពួក​គាត់​កំពុង​រស់នៅ​នោះ​ក៏​ជា​ដី​របស់​សមាគម​ន៍​ដែរ ។

លោក កែវ សុភា អភិបាលរង​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ថ្លែង​ថា លោក​បាន​ទទួល​បទបញ្ជា​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​ចុះ​ធ្វើការ​រុះរើ​លំនៅ​ឋាន​២​ខ្នង ដែល​បាន​សង់​លើ​ផ្នូរ​ម៉ុង​សព​ចិន​របស់​សមាគម​ន៍​ចិន​មួយ ។ ប៉ុន្តែ​លោក​មិន​បាន​ស្គាល់ឈ្មោះ​សមាគម​ន៍​នោះ​ឡើយ ហើយ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​២​គ្រួសារ​ទៅ​សង់ផ្ទះ​ទាំង​បំពាន​បែប​នេះ ខាង​សមាគម​ន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សុំ​ការ​អន្តរាគមន៍ ពីសា​លា​រាជធានី​ភ្នំពេញ ។
ក្រោយ​ពេល​មាន​បទបញ្ជា​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ហាមឃាត់​មិន​ឲ្យ​សាងសង់​ទេ ព្រមទាំង​ឲ្យ​ពួក​គាត់​រុះរើ​ចេញ​វិញ តែ​ដល់​ថ្ងៃ​កំណត់​មិន​ព្រម​រុះ​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​រុះរើ ប៉ុន្តែ​ពេល​ទៅ​ដល់​មិន​បាន​រុះ​ទេ ដោយ​អ្នក​ទាំងនោះ​សុំ​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ដើម្បី​បញ្ចៀស​ការ​ខូចខាត ។

លោក​អភិបាលរង​ខណ្ឌ​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​លើ​ទីតាំង​ដី​ម៉ុង​សមាគម​ន៍​ខាងលើ​នោះ​អ្នក​ទៅ​សាងសង់​ផ្ទះ​ជាង​៤០​គ្រួសារ​ឯណោះ ដែល​អ្នក​ទាំងនោះ​បាន​សង់​ដោយ​អត់​ច្បាប់​យូរ​មក​ហើយ ។ ប៉ុន្តែ​ពុំ​ទាន់​មាន​គោលការណ៍​ណាមួយ​ឲ្យ​រុះរើ​ឡើយ ហើយ​ខាង​សមាគម​ន៍​ចិន​កំពុងធ្វើការ​ដោះស្រាយ និង​ចាត់ការ​នៅ​ពេល​ក្រោយ ។

ចំណែក​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​បាន​ធ្វើការ​ផ្សព្វ​ផ្សាយដំណឹង​ដល់​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​នោះ​ឲ្យ​បានដឹង​ថា ដី​ដែល​ពួក​គាត់​កំពុង​សង់ផ្ទះ​រស់នៅ​នោះ​ក៏​ជា​ដី​របស់​សមាគម​ន៍​ចិន​ដែរ ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​ឡើយ ។

ដោយឡែក​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​ដឹង​ថា ការ​សាងសង់​ផ្ទះ​នៅ​លើ​ដី​ម៉ុង​របស់​សមាគម​ន៍​ចិន​នេះ​ពិតជា​ខុសច្បាប់​មែន ប៉ុន្តែ​គាត់​គ្មាន​កន្លែង ដើម្បី​រស់នៅ​ទើប​មក​សាង​សង់ផ្ទះ ដើម្បី​រស់នៅ ។ ប៉ុន្តែ​ពេល​អាជ្ញាធរ​ឲ្យ​រុះរើ​ចេញ​វិញ គាត់​ក៏​យល់ព្រម​រុះ​ដែរ តែ​ត្រូវ​តែ​រុះ​ទាំងអស់ ដើម្បី​ឲ្យ​មាន​យុត្តិធម៌ ព្រោះ​ពុំ​មែនមាន​តែ​ពួក​គាត់​២​គ្រួសារ​នេះ​ទេ ដែល​ទៅ​សង់ផ្ទះ​នៅ​ទីនោះ គឺ​មាន​រហូត​ដល់​ទៅ​ជិត​៥០​គ្រួសារ​ឯណោះ ហើយ​គ្រាន់តែ​ពួក​គាត់​ទើបតែ​ទៅ​សង់​ក្រោយ​គេ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ