ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​៧​ចំណុច​នេះ ដឹង​តែ​គ្មាន​រឿង​បែកធ្លាយ​លើ Facebook

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន គេ​សង្កេត​ឃើញ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាន់តែ​ច្រើន​បាន​បង្ហាញខ្លួន​ជា​បន្ដបន្ទាប់ ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​គឺ​សារ​ជា​សំ​ណេ​រ និង​សំឡេង​ជាដើម ប៉ុន្តែ​ការ​សន្ទនា​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន តែង​ត្រូវ​បាន​បែកធ្លាយ​ទៅ​ដល់​អ្នក​ផ្សេង​ទៀត…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន គេ​សង្កេត​ឃើញ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាន់តែ​ច្រើន​បាន​បង្ហាញខ្លួន​ជា​បន្ដបន្ទាប់ ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​គឺ​សារ​ជា​សំ​ណេ​រ និង​សំឡេង​ជាដើម ប៉ុន្តែ​ការ​សន្ទនា​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន តែង​ត្រូវ​បាន​បែកធ្លាយ​ទៅ​ដល់​អ្នក​ផ្សេង​ទៀត ដោយសារ​តែ​អ្នក​ប្រើប្រាស់​មិន​បាន​អនុវត្ត​នូវ​វិធី​ដើម្បី​ការពារ​ខ្លួន ឬ​ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​នៅ​មាន​កម្រិត ។ ក្នុង​នោះ អ្នកជំនាញ​ផ្នែក​សន្ដិសុខ​បច្ចេកវិទ្យា​បាន​បង្ហាញ​ថា មាន​៧​ចំណុច​ដែល​ការពារ​គណនី​របស់​អ្នក​ពី​ក្រុម​ Hacker ​បាន ។

លោក អ៊ូ ផា​ន់​ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ពិសេស​ហ្វេ​ស​ប៊ុ​ក ពិតជា​ផ្ដល់​ប្រយោជន៍​ច្រើន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ដែល​អាច​កសាង​ទំនាក់ទំនង​, បង្កើត​ធុរកិច្ច ឬ​ពាណិជ្ជកម្ម​សព្វបែបយ៉ាង ប៉ុន្ដែ​ភាគច្រើន​នៃ​ការ​បែកធ្លាយ​នូវ​ការ​សន្ទនា គឺ​បណ្តាល​មក​ពី​អ្នក​ប្រើប្រាស់​ផ្ទាល់​ដែល​មិន​បាន​អនុវត្ត​នូវ​វិធី​ដើម្បី​ការពារ​ខ្លួន កុំ​ឲ្យ​ចាញ់បោក និង​ផ្តល់​ព័ត៌មាន​ទៅ​ឱ្យ​ហេ​ឃ័​រ (Hacker) ។

លោក​ថា ៖« មាន​ចំណុច​ល្អ​ៗ​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គួរ​អនុវត្ត ដើម្បី​ការពារ​គណនី​របស់​យើង »​។ ចំណុច​សំខាន់​ៗ​ដែល​លោក​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​រូប​នេះ​បាន​លើក​ឡើង​រួម​មាន ៖
១-​ប្រើប្រាស់​ពាក្យ​សម្ងាត់​ដែល​ខ្លាំង ចាប់ពី ៨​តួអក្សរ​ឡើង ដែល​រួម​បញ្ចូល​តួអក្សរ លេខ និមិត្តសញ្ញា​រួម​បញ្ចូល​គ្នា ។
២-​ដាក់​ដំណើរការ​មុខងារ​ផ្ទៀងផ្ទាត់​ពីរ​ស្រទាប់ (2 Factor Authentication) ។
៣-​មិន​ត្រូវ​ចុច​ទៅ​លើ​តំណរ​ភ្ជាប់ (link) ឬ​ព័ត៌មាន​ណា​ដែល​គួរ​ឱ្យ​សង្ស័យ ឬ​មាន​ប្រភព​មិន​ច្បាស់លាស់ ។
៤-​ត្រួតពិនិត្យ​ទៅ​លើ​សារ​ដែល​ផ្ញើ​មក​តាម Facebook Messenger​ឱ្យ​បាន​ច្បាស់លាស់ ឬ​បើ​អាច សូម​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ដែល​បាន​ផ្ញើ​អ្វី​មក​ជា​មុន​សិន ។
៥-​សូម​គិត​ឱ្យ​បាន​ពីរ​ឬ​បី​ដង មុន​នឹង​ចុច​ទៅ​លើ​អ្វីមួយ ។
៦-​សូម​ធ្វើការ​ត្រួតពិនិត្យ​រក​ប្រភព​ព័ត៌មាន​ជា​មុន​សិន ឬ​សាកសួរ​អ្នកជំនាញ​ផ្នែក​នេះ​ដើម្បី​ជៀសវាង​ការ​បាត់បង់​ដោយ​ប្រការ​ណាមួយ ។
៧-​សូម​រាយការណ៍​ទៅ​កាន់ incident@camcert.gov.kh នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា ។

យោង​តាម​របាយការណ៍​ក្រសួង​ប្រៃសណីយ៍ គិត​ត្រឹម​ដើមឆ្នាំ​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​ចំនួន​ប្រមាណ​៧​លាន​នាក់ ក្នុង​នោះ​៨១%​ប្រើប្រាស់​តាម​ទូរស័ព្ទ ខណៈ​អ្នក​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​១០​លាន​នាក់ ស្មើនឹង​៦៧%​នៃ​ប្រជាពលរដ្ឋ​សរុប និង​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ស៊ី​មកា​ត​សព្វថ្ងៃ មាន​ប្រមាណ​២០​លាន​ស៊ី​ម ខណៈ​ប្រជាពលរដ្ឋ​សរុប​មាន​តែ​ប្រមាណ​១៦​លាន​នាក់​ប៉ុណ្ណោះ ។

បើ​ទោះបីជា​ចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ច្រើន​ក្ដី ប៉ុន្តែ​ចំណេះដឹង​ទាក់ទង​នឹង​ព័ត៌មាន​ឯកជន​ភាព​របស់​ពួក​គេ​នៅ​មាន​កម្រិត​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ