មេត្តាជាកំពូលធម៌អាចយកឈ្នះចិត្តក្រោធរបស់អ្នកដទៃបាន អ្នកតាំងនៅក្នុងមេត្តា ឈ្មោះថាធ្វើប្រយោជន៍ទាំងពីរ គឺប្រយោជន៍ខ្លួនឯងផង និងប្រយោជន៍អ្នកដទៃផងឱ្យកើតឡើង អ្នកមានមេត្តាមានទឹកមុខស្រស់ថ្លា ស្អាតផូរផង់ មានសេចក្ដីសុខក្រៃលែង។ ព្រោះហេតុនោះបានជាព្រះសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអំពីអានិសង្សរបស់មេត្តាថាៈ
១-អ្នកមានមេត្តារមែងដេកលក់ជាសុខ ភ្ញាក់ឡើងក៏ជាសុខ តែបើយើងក្រោធខឹងនឹងអ្នកដទៃ យើងប្រៀបដូចជាអ្នកដែលត្រូវថ្នាំពិស មិនបានដេកនៅជាសុខឡើយ ដូច្នេះទើបត្រូវចម្រើននូវមេត្តា រស់នៅជាមួយនឹងមេត្តាគ្រប់ពេលវេលា ។
២-មិនវង្វេងនៅពេលហៀបនឹងស្លាប់ មនុស្សដែលវង្វេងនៅពេលជិតស្លាប់ ព្រោះបាត់បង់មេត្តាដែលជាគុណជាតិញ៉ាំងស្មារតីឲ្យចម្រើន ។
៣-សុបិនល្អៗដូចជា ថ្វាយបង្គំព្រះ និងឃើញធ្វើបុណ្យផ្សេងៗទៀតយ៉ាងសប្បាយ ដោយមិនបានយល់សប្តិឃើញអំពើឃោរឃៅអ្វីឡើយ ។
៤-មេត្តាជាធម៌រម្ងាប់នូវពៀរ អ្នកចម្រើននូវមេត្តាជាអ្នកមានចរិតស្លូតបូត រហូត អាចការពារអន្ដរាយដោយប្រការផ្សេងៗបាន ។
៥-បើយើងចង់ឲ្យមនុស្សទាំងឡាយស្រឡាញ់ចូលចិត្ត គឺយើងត្រូវរៀនស្រឡាញ់អ្នកដទៃជាមុនសិន គឺរៀនឲ្យមានមេត្តា។
៦-កាលបើស្លាប់ទៅរមែងចូលទៅកាន់សុគតិភពដោយអំណាចនៃមេត្តាចិត្តនេះឯង ។
៧-សម្បុរស្រស់ថ្លាដោយអំណាចនៃមេត្តាបានញ៉ាំងឲ្យទឹកមុខស្អាតគួរឲ្យរាប់អាន។ ទោះបីអ្នកស្អាតពីកំណើតមកក៏ដោយក៏ព្រោះមកអំពីមានបុណ្យដែលបានធ្វើនោះប្រកបដោយមេត្តា ។
៨-អ្នកមានមេត្តា ទេវតាទាំងឡាយតាមជួយថែរក្សាឱ្យរួចពីទុក្ខ ទោស គ្រោះថ្នាក់ដោយប្រការផ្សេងៗ ។
ព្រោះហេតុនោះបុគ្គលគួរព្យាយាមចម្រើនមេត្តាឲ្យជាធម៌ប្រចាំចិត្ត ប្រចាំជីវិត ហ្វឹកហាត់អប់រំឲ្យមានមេត្តាជាប្រក្រតីរាល់ថ្ងៃ ព្រោះថាបើមេត្តាចិត្តនៅមិនទាន់បានមាំទាំទេ គឺមិនអាចយកឈ្នះលើសេចក្ដីក្រោធ ទោសៈ លោភៈ មោហៈបានឡើយ ។
ចែករំលែកព័តមាននេះ