ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជនជាតិ​ចិន គាស់​ទ្វារ​រថយន្ត​លួច​កាបូប​លុយ​ម្ចាស់​រថយន្ត​ខ្មែរ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹ​ថា កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ សីហា នៅ​ចំណុច​ភូមិ​២ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹ​ថា កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ សីហា នៅ​ចំណុច​ភូមិ​២ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ចោរលួច​គាស់​ទ្វារ​រថយន្ត លួច​យក​កាបូប​ប្រាក់ មួយ​កើតឡើង ដែល​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។ ជន​រង​គ្រោះ​ឈ្មោះ រុន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អាជីវករ ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​ចត​រថយន្ត​ទុក​ចោល​នៅ​លើ​ផ្លូវ ហើយ​ទៅ​ញ៉ាំ​បង្អែម​នៅ​ក្បែរ​នោះ មិនយូរ​ប៉ុន្មាន ស្រាប់តែ​មាន​ជនសង្ស័យ បាន​ទៅ​គាស់​ទ្វារ​រថយន្ត​របស់​ជន​រង​គ្រោះ ហើយ​ចូល​ទៅ​ក្នុង​រថយន្ត​លួច​យក​លុយ​។ ខណៈ​ពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​នោះ ជន​រង​គ្រោះ​បាន​ក្រឡេក​ឃើញ​ទាន់ ហើយ​ក៏​បាន​រត់​សំដៅ​ទៅ រថយន្ត ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ តែ​ពេល​នោះ​ជនសង្ស័យ ក៏​បាន​ចុះ​ពី​រថយន្ត និង​រត់គេច​ខ្លួន​។ ដោយ​មាន​ហេតុការណ៍​ចោរ​គាស់​ទ្វារ​រថយន្ត​បម្រុង លួច​យក​សម្ភារ​លុយកាក់​យ៉ាង​ដូច្នោះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់ ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​។

សមត្ថកិច្ច​បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ ក៏​បាន​ប្រើប្រាស់​កម្លាំង ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង ធ្វើការ​ស្រាវជ្រាវ និង ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​ចាប់​បាន​ជនសង្ស័យ និង​បក្ខពួក​ម្នាក់​សុទ្ធតែ​ជនជាតិ​ចិន​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ XU MENG JIE ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​ជន​ដៃដល់​)​។ និង​ម្នាក់​ទៀត​ឈ្មោះ CHEN WEI JIAN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នក​ដូរ​លុយ​តាម​ទូរស័ព្ទ​ដៃ លិខិតឆ្លងដែន​លេខៈ EC៩០៧៤៦០១ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​)​។

ក្នុង​នោះ​សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង កាបូប​យួរដៃ​១ ពណ៌​សូកូឡា​,​ទូរស័ព្ទ​ដៃ​២​គ្រឿង (​ម៉ាក IPHONE X ពណ៌​ខ្មៅ និង​ម៉ាក NOKAI ពណ៌​ស​)​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ ពួក​គេ​បាន​សារភាព​ថា កន្លង​មក​ពួក​គេ​ធ្លាប់​បាន ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​សម្ភារ​លុយកាក់ ចំនួន​៣​លើក​មក​ហើយ​។ លើក​ទី​១​នៅ​ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​កាបូប​១ មាន​លុយ​ចំនួន ៣៩,០០០​ដុលា​រអា​មេ​រិ​ក (​បី​ម៉ឺន​ប្រាំបួន​ពាន់​ដុល្លារ​)​។

លើក​ទី​២ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ នៅ​មុខ​ក្រុមហ៊ុន L.G ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ លួច​បាន​កាបូប​១ មាន​លុយ​ជាង ១,០០០​ដុល្លារ​អា​មេ​រិ​ក ( មួយ​ពាន់​ដុល្លារ​)​។ លើក​ទី​៣ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មិន​បាន​សម្រេច ព្រោះ​ក្នុង​ពេល​ធ្វើ​សកម្មភាព​ត្រូវ​ម្ចាស់​រថយន្ត​មក​ទាន់​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ