ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែន? ព្រោះទារ​លុយ​២០​លាន​រៀល​បរាជ័យ​…​ទើប​ប្រគល់​ជនសង្ស័យ​និង​វត្ថុ​តាង​ទាំង​នេះ

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ អ្នក​ដឹក​ជញ្ជូន​សត្វព្រៃ​ម្នាក់ និង​សត្វព្រៃ​ទម្ងន់​ជាង​៥០​គីឡូក្រាម ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ ប្រគល់​ឱ្យមន្ត្រី​រដ្ឋបាល​ព្រៃឈើ​​ ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​សីហា នេះ…

​ខេត្តបាត់ដំបង ​៖ អ្នក​ដឹក​ជញ្ជូន​សត្វព្រៃ​ម្នាក់ និង​សត្វព្រៃ​ទម្ងន់​ជាង​៥០​គីឡូក្រាម ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ ប្រគល់​ឱ្យមន្ត្រី​រដ្ឋបាល​ព្រៃឈើ​​ ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​សីហា នេះ ក្រោយ​​​ពី​គេ​សង្ស័យ​ថា បាន​ប្រឹងប្រែង​ចំ​ហៀវ​យ​ក​​ខ្លាញ់​ស្ទើរ​ពេញ​មួយ ​តែ​មិន​បាន​សម្រេច​ ។​

បុរស​ដែល​គេ​ផ្ទេរ​ប្តូរ​គ្នា​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ ​ឈ្មោះ​តី តុលា អាយុ​២៩​ឆ្នាំ មានមុខ​របរ​នេសាទ រស់​នៅ​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ។ ជន​នេះ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់​ការ​លេខ​៥០៨ ទិស​ទន្លេសាបឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៣ និង២៣​រសៀល​ថ្ងៃ​ទី​២៨​ សីហា នៅ​ចំណុច​ភូមិ​ព្រែក​ទាល់ ឃំ​ុ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ជាង​៥០​គីឡូក្រាម ​​តាម​កាណូត​ដោយ​ខុស​ច្បាប់។​

​បើ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​បុរស​ម្នាក់​នេះ ​ជាមួយនឹង​វត្ថុ​តាង​សត្វព្រៃ​ជាង​៥០​គីឡូក្រាម​ផង មន្ត្រី​កងរាជអាវុធហត្ថ​ដែល​គេ​ស្គាល់ឈ្មោះ​ទុំ និង​ឈ្មោះ​សែ បាន​ព្យាយាម​បិទ​បាំង​ព័ត៌មាន​នេះ ដើម្បី​បង្ខំ​
ទា​រលុយ​ពី​ម្ចាស់​សត្វព្រៃ​ជា​ថ្នូរ​នឹង​ការ​ដោះ​លេង​វិញ​ស្ងាត់​ៗ​ ។ ប្រភព​ក្រៅផ្លូវការ​ពី​សាច់ញាតិ​បាន​និយាយ
​ថា មន្ត្រី​ឈ្មោះ​សែ និង​ឈ្មោះ​ទុំ ប្រចាំ​ស្នាក់​ការ​៥០៨ នេះ​ បាន​គំរាមកំហែង​បង្ខំ​ឲ្យ​ឈ្មោះ​តុលា បង់លុយ​ឲ្យ​ពួក​គេ​ចំនួន​២០​លាន​​រៀល បើ​មិន​ព្រម​បង់​ទេ​ពួក​គេ ​(​ប៉េ​អិ​ម​) ​នឹង​ចាប់​ដាក់គុក​ចំនួន​៧​ខែ​ជា​​មិន​​ខាន ​។​

​ប្រភព​ដដែល​បាន​ប្រាប់​ថា មន្ត្រី​ឈ្មោះ​សែ និង​ឈ្មោះ​ទុំ បាន​ដឹក​ឈ្មោះ​តុលា និង​វត្ថុ​តាង​តាម​កាណូត​ទៅ​សម្លុត​​យក​លុយ​នៅ​ចំណុច​មេ​ជ្រៃ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក ខេត្តសៀមរាប ដោយ​មិន​ហ៊ាន​ធ្វើ​ក្នុង​ទឹកដី​របស់​ខ្លួន​គ្រប់គ្រង​ទេ ព្រោះ​ខ្លាច​បែកធ្លាយ​ព័ត៌មាន ​។​ ​ប្រភព​ពី​សាច់ញាតិ​ដដែល​នេះ​​បាន​បញ្ជាក់​ថា មន្ត្រី​នោះ​បាន​បង្ខំ​ឲ្យ​ឈ្មោះ​តុលា ធ្វើ​កំណត់ហេតុ​បង់លុយ​ឱ្យ​​ពួក​គេ​ចំនួន​២០​លាន​រៀល​ទាំង​ឈ្មោះ​តុលា គ្មាន​លុយ​មួយ​សេន​នៅ​ក្នុង​ដៃ​ ។

ដោយសារ​គំរាម​តែ​ពី​រឿង​គុក​ច្រ​វ៉ា​ក់រប​ស់លោក​ប៉េ​អិ​មខាង​នោះ​ បាន​ធ្វើ​ឲ្យ​ឪពុក​ជន​រង​គ្រោះ​មានការ​ភ័យ​ខ្លាច​រហូត​គាត់​សន្យា​យល់ព្រម​បង់លុយ​គ្រប់​ចំនួន​២០​លាន​រៀល​នោះ ហើយ​ក្រុម​គ្រួ​សារបាន​ព្យាយាម​ស្វែង​រក​ខ្ចី​លុយ​គេ​ទាំង​កណ្ដាល​យប់ ដើម្បី​បង់​ឲ្យ​លោក​ប៉េ​អិ​ម​ឈ្មោះ​សែ​ និង​ឈ្មោះ​ទុំ​ នេះ​ ។​

​បើ​តាម​ប្រភព​ដែល​បាន​ប្រាប់​កោះសន្តិភាព​ តាម​ទូរស័ព្ទ​ទាំង​យប់​ពេល​កំពុង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ការ​គំរាម​ទារ​​លុយ​នេះ​ បាន​ធ្វើ​ឡើង​តាំងពី​ចាប់​រហូត​ដល់​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ដដែល​ ។ ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​មាន​លុយ​មិន​គ្រប់​ចំនួន ដើម្បី​បង់​ឲ្យ​លោក​ប៉េ​អិ​ម ​ទើប​ការ​ច​រចា​ត្រូវ​ពន្យារ​ពេល​ច្រើន​ម៉ោង​រហូត​បែក​ធ្លាយ​ដល់​អាជ្ញាធរ​ដែន​ស្រុក​ពួក ខេត្តសៀមរាប បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ។

ដោយសារ​ការ​បែកធ្លាយ​បែប​នេះ​ ទើប​លោក​ប៉េ​អិ​ម​ឈ្មោះ​សែ ក៏​សម្រេចចិត្ត​រាយ​ការ​ណ៍​ជូន​​ថ្នាក់លើ រួច​
ប​ញ្ជូន​ឈ្មោះ​តុលា និង​សត្វព្រៃ​ ដែល​រឹបអូស​បាន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្ដង​​ទៅ រីឯ​ការ​មហិច្ឆតា​​គំរាម​យក​លុយ​២០​លាន​រៀលពី​អ្នក​ដឹក​សត្វព្រៃ​តាម​កាណូត​នោះ​ក៏​បរាជ័យ​ដែរ​ ។​

​កោះសន្តិភាព​​បាន​ព្យាយាម​ស្វែងរក​ការ​បំភ្លឺ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់​ការ​៥០៨ ឈ្មោះ​សែ និង​ឈ្មោះ​ទុំ នៅ​រសៀល​ថ្ងៃ​ទី​២៩ ​សីហា នេះ​ តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ រីឯ​លោក​ឧត្តមសេនីយត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ក៏​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ជុំវិញ​ករណី​បង្ក្រាប​សត្វព្រៃ​នៅ​តំបន់​ទន្លេសាប​ខាងលើ​នេះ​។​

​នៅ​ក្នុង​របាយ​ណ៍​របស់​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ឈ្មោះ​តី តុលា នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​ដូច​ជា​២៥kg, សត្វ​សំពោច​ចំនួន​០៦​ក្បាលមាន​ទម្ងន់​០៨kg, ស្បែក​ពស់​ថ្លាន់​ទ​ម្ង​ន​០៣kg, កាណូត​០១​គ្រឿង និង ទូរស័ព្ទ​ដៃ​០១​គ្រឿង​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា សកម្មភាព​ដឹក​​ជញ្ជូន​សត្វព្រៃ​របស់​ឈ្មោះ​តី តុលា ខាងលើ​នេះ គេ​សង្ស័យ​ជា​ករណី​ធ្វើ​ជំនួញ​សត្វព្រៃ​ដែល​ច្បាប់​បាន​ហាម​ឃាត់ ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ថា ក្រោយ​ពី​សាកសួរ​ជាបឋម លោក​មេបញ្ជាការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​ធ្វើ​កំណត់ហេតុ​ប្រគល់​ទាំង​មនុស្ស ទាំង​សត្វព្រៃ ​ដែល​រឹបអូស​បាន​ទាំងនោះ​ ឱ្យ​ទៅ​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើរ​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​បន្ត​ហើយ ​។ បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ គឺ​រដ្ឋបាល​ព្រៃឈើ​បាន​ដឹក​សត្វព្រៃ​ទាំងនោះ​ យក​ទៅ​លែង​នៅ​ជើងភ្នំ​បាណ​ន់ ក្នុងស្រុក​បាណ​ន់​អស់​ហើយ​ ៕

អត្ថបទសរសេរ ដោយ