រាជរដ្ឋាភិបាល​ត្រៀម​ម៉ូតូ​ស ​និង​រថយន្ដ​ដង្ហែ​អត្ត​ព​លិ​ក​ឈ្នះ​មេដាយ


រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មិន​ទាន់​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេ​ម
(Asian Games)​លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ត្រៀម​ម៉ូតូ​ស​ចំនួន​៦​គ្រឿង​អម​រថយន្ត ដើម្បី​ដង្ហែ​អត្ត​ព​លិ​ក​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីប​អា​សុ​ី​មួយ​នេះ នៅ​ថ្ងៃ​ទី​៣ កញ្ញា ចេញពី​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​ឱ្យ​បាន​គគ្រឹកគគ្រេង​បំផុត​ផង​ដែរ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កីឡា​អា​ស៊ី​ហ្គេ​ម​បាន​មាន​ប្រសាសន៍​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ត្រៀម​ទទួល​ជួប​សំណេះសំណាល​និង​ផ្ដល់​ប្រាក់​រង្វាន់​ដល់​អត្ត​ព​លិ​ក​ជ័យ​លា​ភី និង​ប្រតិភូ​កីឡា​ដែល​បាន​វិល​ត្រឡប់​មក​វិញ​នា​ថ្ងៃ​ទី​៣ កញ្ញា នៅ​វិមាន​សន្តិភាព ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​ក៏​នឹង​រៀបចំ​ពិធី​ដង្ហែ​អត្ត​ព​លិ​ក​ជ័យ​​លា​ភី​ដោយ​មាន​ម៉ូតូ​ស​អមដំណើរ​ចំនួន​៦​គ្រឿង​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​៥​និង​៣៥​នាទី​ឆ្ពោះ​មក​កាន់​វិមាន​សន្តិភាព ។

អត្ត​ព​លិ​ក​ឆ្នើម​កម្ពុជា​ដែល​បង្កើត​ស្នាដៃ​យ៉ាង​​ធំធេង​មក​ជូន​ជាតិ​មាន​កីឡាការិនី​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក​ខាន់ ចេ​សា ឈ្នះ​​មេដាយ​មាស​១​គ្រឿង​លើ​ប្រភេទ​កីឡា​ចំបាប់​ជឺ​ជី​តស៊ូ​(Jiu-Jitsu) ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម និង​កីឡាករ​ប្រណាំង​ម៉ូតូ​ទឹក​សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយ​មាស​១​គ្រឿង​លើ​វិញ្ញាសា​Ski-Modified និង​មេដាយ​សំរឹទ្ធ​១​គ្រឿង​ទៀត​លើ​វិញ្ញាសា​ Runabout 1100 Stock​។

យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​អត្ត​ព​លិ​ក​កីឡា​អា​ស៊ី​ហ្គេ​ម​ដែល​ឈ្នះ​មេដាយ​មាស នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៨០​លាន​រៀល មេដាយ​ប្រាក់​៤០​លាន​រៀល និង​មេដាយ​សំរឹទ្ធ​២៤​លាន​រៀល ។ ចំណែក​គ្រូបង្វឹក​ទទួល​បាន​ប្រាក់​រង្វាន់​១០០%​ដូច​អត្ត​ព​លិ​ក​ដណ្ដើម​​បាន​មេដាយ​ណាមួយ​ដែរ​និង​គ្រូ​ជំនួយ​ទទួល​បាន​៧០% ។

ទន្ទឹម​គ្នា​នេះ​ដែរ សម្ដេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កន្លង​មក​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ដល់​អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស​ចំនួន​១​ម៉ឺន​ដុល្លារ ៥០០០​ដុល្លារ មេដាយ​ប្រាក់​៥​ពាន់​ដុល្លារ និង​មេដាយ​សំរឹទ្ធ​៣​ពាន់​ដុល្លារ​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ