ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ ៖ ​ចង់​នាំ​ចូល​អង្ករ​បន្ថែម​ប្រមាណ​ជាង១៣​ម៉ឺន​តោន​ពី​ថៃ

5 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ រដ្ឋមន្ត្រី​កសិកម្ម​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ​ដើម​សប្ដាហ៍​​នេះ​ថា លោក​បាន​ស្នើ​ឲ្យ​មានការ​នាំ​ចូល​អង្ករ​ប្រមាណ​១៣,២​ម៉ឺន​តោន​បន្ថែម​ដោយ​វិស័យ​ឯកជន ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ការ​ផ្គត់ផ្គង់​អាហារ​ចាំបាច់​ក្នុង​ខេត្ត​ខាងត្បូង​នៃ​ប្រទេស ។ រដ្ឋមន្ត្រី​កសិកម្ម Emmanuel Pinol…

ទីក្រុង​ម៉ានីល ៖ រដ្ឋមន្ត្រី​កសិកម្ម​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ​ដើម​សប្ដាហ៍​​នេះ​ថា លោក​បាន​ស្នើ​ឲ្យ​មានការ​នាំ​ចូល​អង្ករ​ប្រមាណ​១៣,២​ម៉ឺន​តោន​បន្ថែម​ដោយ​វិស័យ​ឯកជន ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ការ​ផ្គត់ផ្គង់​អាហារ​ចាំបាច់​ក្នុង​ខេត្ត​ខាងត្បូង​នៃ​ប្រទេស ។

រដ្ឋមន្ត្រី​កសិកម្ម Emmanuel Pinol បាន​និយាយ​ថា លោក​បាន​ស្នើ​ជា​ផ្លូវការ​ទៅ​កាន់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte) ឲ្យ​មានការ​នាំ​ចូល​ពិសេស ហើយ​ក្រុមប្រឹក្សា​អាជ្ញាធរ​អាហារ​ជាតិ​(NFA) មាន​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ ដើម្បី​ពិចារណា​ពី​សំណើ​នេះ​។

កំណើន​តម្រូវការ​អង្ករ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន អាច​ជួយ​ជំរុញ​ដល់​តម្លៃ​អង្ករ​នាំ​ចេញ​ក្នុង​ប្រទេស​វៀតណាម និង​ថៃ ដែល​ជា​អ្នក​ផ្គត់ផ្គង់​ធំ​ៗ​របស់​ប្រទេស​នេះ ។ ប្រទេស​ទាំង​ពីរ​បាន​នាំ​ចេញ​អង្ករ​បាន​ច្រើន​ជាង​១​លាន​តោន​ទៅ​ហើយ​ក្នុងឆ្នាំនេះ ។

ក្នុង​ប្រទេស​វៀតណាម តម្លៃ​អង្ករ​នាំ​ចេញ​មិន​បាន​កើនឡើង​ទេ​ក្នុង​ខែ​នេះ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ខែមិថុនា និង​កក្កដា ប៉ុន្តែ​ពាណិជ្ជករ​បាន​រាយការណ៍​មក​ថា អាច​នឹង​មានការ​ទិញ​ដូរ​ថ្មី​ៗ​ជាមួយនឹង​ហ្វ៊ី​លី​ពី​ន ។

លោក Pinol បាន​និយាយ​ថា ប្រជាជន​ក្នុង​ខេត្ត Tawi-Tawi, Sulu និង Basilan រួម​ទាំង​ក្រុង Zamboanga ភាគ​ខាងត្បូង​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ស្វែងរក​អ្នក​ផ្គត់ផ្គង់​អង្ករ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ បន្ទាប់​ពី​មានការ​ចុះ​ចាប់​ទំនិញ​នាំ​ចូល​ខុសច្បាប់ ។

លោក​បាន​បន្ត​ថា តំបន់​នេះ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​អង្ករ​ខុសច្បាប់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ត្រូវ​បាន​គិត​ថា ត្រូវ​បាន​នាំ​ចូល​ពី​វៀតណាម​និង​ថៃ តាម​រយៈ​រដ្ឋ Sabah នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បង្ខំ​ឲ្យ​កសិករ​ក្នុងស្រុក​ឈប់​ដាំ​ស្រូវ ។

ប៉ុន្តែ​កាលពី​ខែ​មុន លោកនាយក​រដ្ឋមន្ត្រី​មា​ហា​ធា មហា​មេ​ដ (Mahathir Mohamad) និង​លោក​ឌូ​តឺ​តេ បាន​ជួប​គ្នា និង​ព្រមព្រៀង​ថា​បញ្ឈប់​រាល់​សកម្មភាព​នាំ​ចូល​ខុសច្បាប់​តាម​ព្រំប្រទល់​ប្រទេស ។

លោក Pinol បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​Facebook ថា ការ​បញ្ចប់​ការ​នាំ​ចូល​ខុសច្បាប់ គឺជា​ជោគជ័យ​មួយ​ក្នុង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់ ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​ទៅ​ជា​គ្រោះភ័យ​មួយ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ