ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្រូវ​តាម​ស្ដង់ដា​សម្រាប់​នាំ​ចេញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​ប្រជា​កសិករ​ខិតខំ​ធ្វើ​ស្រូវ​តាម​ស្តង់ដា​ដែល​ជា​តម្រូវការ​របស់​សហព័ន្ធ​ស្រូវ​អង្ក​កម្ពុជា សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ។ លោក វេ​ង…

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​ប្រជា​កសិករ​ខិតខំ​ធ្វើ​ស្រូវ​តាម​ស្តង់ដា​ដែល​ជា​តម្រូវការ​របស់​សហព័ន្ធ​ស្រូវ​អង្ក​កម្ពុជា សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ។

លោក វេ​ង សា​ខុន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ជួប​ជាមួយ​ប្រជា​កសិករ​ប្រមាណ​២០០​នាក់​នា​ព្រឹក​ថ្ងៃ​ទី​២៥ សីហា កន្លង​មក នៅ​ភូមិ​ស្វាយស ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ។ ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ត្រូវធ្វើ​ស្រូវ​តាម​ស្តង់ដា ដើម្បី​ទទួល​បាន​តម្លៃ​ខ្ពស់ ដែល​ជា​តម្រូវការ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​លើ​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន ក៏​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​គ្នា​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ត្រូវ​ស្វែងរក​ប្រភព​ទឹក​ដើម្បី​បូមទឹក​រំដោះ​ស្រូវ​ដែល​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត ហើយ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ជំនាញ ចុះ​ស្រង់​ស្ថិតិ​ស្រូវ​ដែល​រង​គ្រោះ ដើម្បី​ត្រៀម​ស្រូវពូជ​មក​ចែក​ជូន​ប្រជា​កសិករ​សម្រាប់​បង្កបង្កើន​ផល​ឡើង​វិញ ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ការ​បង្កបង្កើន​ផល​ស្រូវ​នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៨​នេះ សម្រេច​បាន​២៥៤.៣១០​ហិ​កតា ស្មើនឹង​១០១,៥២%​នៃ​ផែនការ​២៥០.៥០០​ហិ​កតា ។ ក្នុង​នោះ ស្រុក​ចំនួន​៥​បាន​ជួប​គ្រោះ​រាំង​ស្ងួត ដូច​ជា ស្រុក​ភ្នំស្រុក​ប៉ះពាល់​៤.៨១០​ហិ​កតា​, ស្រុក​ព្រះនេត្រព្រះ ប៉ះពាល់​១.៨៩០​ហិ​កតា​, ស្រុក​ថ្មពួក​ប៉ះពាល់​៦៥៩​ហិ​កតា​, ស្រុក​ស្វាយចេក​ប៉ះពាល់​១៥០​ហិ​កតា និង​ស្រុក​មង្គល​បូ​រី ប៉ះពាល់​២.១៨៩ហិ​កតា ។ លោក​បាន​បន្ថែម​ថា ខេត្ត​រង​គ្រោះ​ដោយ​ទឹកជំនន់​២​លើក ក្នុង​នោះ​លើក​ទី​១​ប៉ះពាល់​ដំណាំ​ស្រូវ​៣.៣៤៩​ហិ​កតា ខូចខាត​១.៥៥២​ហិ​កតា​និង​ស្ដារ​ឡើង​វិញ​បាន​១.២៨៥​ហិ​កតា និង​លើក​ទី​២ ប៉ះពាល់​៤.៩៥៨​ហិ​កតា ខូចខាត​២.៩៤៤​ហិ​កតា ស្មើនឹង​១.៥៣៧​គ្រួសារ ។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក សុខ ពុ​ទ្ធី​វុ​ធ បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ផល ដំណាំ​របស់​បងប្អូន​ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ និង​បាន​លើកទឹកចិត្ត​ដល់់​បងប្អូន ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​រួម​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ឲ្យ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព​តាម​អាច​ធ្វើ​ទៅ​បាន ដូច​ជា​ស្វែងរក​ទីផ្សា​ស្រូវ​អង្ករ​ឲ្យ​មាន​តម្លៃ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ