ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករ​ចិន​បន្ដ​មក​កម្ពុជា​ដើម្បី​សិក្សា​ពី​សក្ដានុពល​វិនិយោគ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ វិនិយោគិន​ចិន​នៅ​តែ​បន្ត​សម្រុក​មក​កម្ពុជា ដើម្បី​ស្វែងរក​ការ​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​នានា ស្រប​ពេល​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​កំពុង​តែ​ល្អូកល្អិន​នឹង​គ្នា​កាន់តែ​ខ្លាំង ។ ជាក់ស្ដែង​ពាណិជ្ជករ​ចិន​ទាជីវ​ប្រមាណ​៤០​នាក់ បាន​មក​ដល់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ វិនិយោគិន​ចិន​នៅ​តែ​បន្ត​សម្រុក​មក​កម្ពុជា ដើម្បី​ស្វែងរក​ការ​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​នានា ស្រប​ពេល​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​កំពុង​តែ​ល្អូកល្អិន​នឹង​គ្នា​កាន់តែ​ខ្លាំង ។ ជាក់ស្ដែង​ពាណិជ្ជករ​ចិន​ទាជីវ​ប្រមាណ​៤០​នាក់ បាន​មក​ដល់​កម្ពុជា ចូលរួម​សន្និសីទ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ នៃ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ និង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា ដើម្បី​ស្វែងរក​ការ​បណ្ដាក់ទុន​បន្ថែម ។

បើ​តាម​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែល​ជា​អ្នក​ទាក់ទាញ​ពាណិជ្ជករ​ចិន​ទាំងនោះ​មក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ជា​ប្រភព​វិនិយោគ​ធំ​ជាងគេ​របស់​កម្ពុជា ។
អ្នកឧកញ៉ា​មាន​ប្រសាសន៍​ថា ៖« តាម​រយៈ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើន​បាន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា នាំ​មក​នូវ​ឱកាស​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​កម្ពុជា ។ ពាណិជ្ជករ​ចិន​ទាជីវ គឺជា​ក្រុម​ពាណិជ្ជករ​ចិន​ដ៏​មាន​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ »​។

អ្នកឧកញ៉ា​បន្ត​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​កំណើនសេដ្ឋកិច្ច​មាន​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​ហើយ​ក៏​ជា​ប្រទេស​ដ៏​សំខាន់​មួយ​តាម​បណ្ដោយ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ដូចនេះ​មាន​តម្រូវការ​ខ្លាំង​ចំពោះ​ទុន​វិនិយោគ​ពី​ក្រៅប្រទេស​។ បច្ចុប្បន្ន កម្ពុជា​មាន​ស្ថិរភាព សេដ្ឋកិច្ច​រីក​ចម្រើន ហើយ​ត្រូវ​បាន​ចាត់ទុកជា​ប្រទេស​មាន​នយោបាយ​វិនិយោគ​បើក​ទូលាយ​ជាងគេ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មាន​ប្រសាសន៍​ថា កម្ពុជា​និង​ចិន មាន​ចំណងទាក់ទង​ល្អជា​មួយ​គ្នា​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ចិន ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ខិតខំ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រហូត​ដល់ក​ម្រិ​កំពូល​មួយ​គឺ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​សុខ ចិន្តា​សោភា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន មិនមែន​ទើបតែ​កើតឡើង​នៅ​ពេល​ថ្មី​ៗ​នេះ​ទេ តាម​ពិត​វា​បាន​កើតឡើង​យូរហើយ​។ ជាក់ស្ដែង​តាម​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​កម្ពុជា -​ចិន បាន​កើតឡើង​តាំងពី​សម័យ​នគរ​ភ្នំ ឬ ហៅ​ហ្វូ​ណ​ន​ម្ល៉េះ ។ អីចឹង ការ​មក​ដល់​របស់​ចិន​នៅ​កម្ពុជា វា​មិន​ចម្លែក​ទេ ។ លោក​បន្ត​ថា ការ​មក​ដល់​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា បាន​រួមចំណែក​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ជា​ច្រើន​ជាក់ស្ដែង ទីតាំង​កោះ​ពេជ្រ​កាលពី​ជាង​១០​ឆ្នាំ​មុន វា​ជា​កន្លែង​ដាំ​ស្ពៃ ដាំ​បន្លែ និង​ជា​កន្លែង​សំណ​តរបស់​ក្រុម​អ្នកនេសាទ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ កោះ​ពេជ្រ​បាន​ក្លាយជា​ទីក្រុង​មួយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ មាន​អគារ​ខ្ពស់​ៗ និង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល និង​ទាក់ទាញ ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ កម្ពុជា​នៅ​មាន​សក្ដានុពល​ទូលាយ​សម្រាប់​ឲ្យ​វិនិយោគិន​ចិន​បណ្ដាក់ទុន​វិនិយោគ ដូច​ជា​វិស័យ​កសិកម្ម អចលនទ្រព្យ ធនាគារ និង​វិស័យ​ផ្សេង​ៗ​ទៀត​។ លោក​ថា ៖« អ្វី​ដែល​ពិសេស​សម្រាប់​អ្នក​វិនិយោគ​ដែល​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា គឺ​ពួក​គេ​អាច​បណ្ដាក់ទុន​១០០​ភាគរយ​នៃ​ដើមទុន​សរុប​លើ​គ្រប់​វិស័យ​ទាំងអស់ ខុស​ពី​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​ដែល​ត្រូវ​បណ្ដាក់ទុន​តែ​ក្នុង​ចំនួន​ណាមួយ​នៃ​ដើមទុន​ប៉ុណ្ណោះ ដូចនេះ​វិនិយោគិន​បរទេស អាច​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា »​។

លោក លី សុង​ជាន ប្រធាន​គណៈប្រតិភូ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​របស់​ពួក​លោក​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​ឈ្វេងយល់ និង​ស្ថានភាព​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ថា​៖« ក្នុង​ចំណោម​ពាណិជ្ជករ​ជាង​៤០​នាក់​ដែល​មក​ដល់​កម្ពុ​ជានា​ពេល​នេះ មក​ពី​វិស័យ​ជា​ច្រើន ដូច​ជា​វិស័យ​អចលនទ្រព្យ ធនាគារ វិស័យ​ថែទាំ​វេជ្ជសាស្ត្រ ជាដើម ហើយ​ពួក​យើង​ពិតជា​ត្រេកអរ​ដែល​បានដឹង​ពី​គោ​នយោបាយ​បើកចំហ​ដល់​វិនិយោគិន​បរទេស​នៅ​កម្ពុជា » ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ ២០១៨​នេះ ទុន​វិនិយោគ​របស់​វិនិយោគិន​ចិន នៅ​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​គម្រោង​វិនិយោគ និង​អចលនទ្រព្យ​ធំ​ៗ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ក៏​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ