ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.កហើយ… ផ្លូវជាតិ​លេខ​៣ ពីកំពត​-​ភ្នំពេញ និង​កំពត​-​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ និង​កំពត​-​ខេត្ត​ព្រះ​សីហ​នុ បាន​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ដោយ​នឹក​ស្មាន​មិន​ដល់ ។ ផ្លូវជាតិ​លេខ​៣ ចាប់ពី​ព្រំប្រទល់​ខេត្តតាកែវ ចំណុច​ផ្លូវបំបែក​គុ​ស​…

ខេត្តកំពត ៖ ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ និង​កំពត​-​ខេត្ត​ព្រះ​សីហ​នុ បាន​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ដោយ​នឹក​ស្មាន​មិន​ដល់ ។ ផ្លូវជាតិ​លេខ​៣ ចាប់ពី​ព្រំប្រទល់​ខេត្តតាកែវ ចំណុច​ផ្លូវបំបែក​គុ​ស​ ឆ្ពោះទៅ​ផ្លូវ​លេខ​៣១ តាម​ផ្លូវ​តានី ស្រុក​អង្គរ​ជ័យ រហូត​ឆ្លង​ចូល​ផ្លូវ​លេខ​៣៣ ចេញពី​ស្រុក​កំពង់ត្រាច ឆ្លងកាត់​ខេត្ត​កែប បានរង​​ការ​ខូចខាត​យ៉ាង​ធ្ងន់​ជា​ច្រើន​កន្លែង ។ រីឯចេញពី​ផ្លូវបំបែក​គុ​ស ម​កកាត់​ស្រុក​ឈូក រហូត​ដល់ទី​រួម​ខេត្ត​កំពត និង​ចេញពី​ក្រុង​កំពត​រហូត​ទៅ​ដល់​វាល​រេញ ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ ក៏​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ដែរ។

ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​ក្រុមហ៊ុន​ ដែល​ដេញថ្លៃ​ធ្វើ​ផ្លូវ​កន្លង​មកនេះ​ថា ធ្វើ​អត់​ស្តង់ដារ​បច្ចេក​​ទេស​ត្រឹមត្រូវ ទើប​ផ្លូវជាតិ​ប៉ុន្មាន​ខ្សែ​ដែល​ឆ្លងកាត់​ខេត្តកំពត​នេះ រង​ការ​ខូចខាត​យ៉ាងដំណំ​ដូចនេះ ។

ប្រភព​ខ្លះ​ទៀត​បាន​រិះគន់​ថា មក​ពី​រថយន្ត​ផ្ទុកទំនិញ​លើស​ចំណុះទើប​បណ្តាល​ឱ្យ​ផ្លូវ​ខូច​ដូច្នេះ ហើយ​គួប​ផ្សំ​នឹង​ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​ជាប់​ទៀត ទើប​បណ្តាល​ឱ្យ​ផ្លូវ​ដែល​ទើបនឹង​កសាង​ហើយ​ថ្មី​ៗ ត្រូវ​រថយន្ត​ដឹក​ធ្ងន់​ហួស​ចំណុះ​ឆ្លងកាត់​ជា​ញឹកញាប់​ផង​នោះ ក៏​បណ្តាល​ឱ្យ​ផ្លូវ​ដាច់​ជា​បន្តបន្ទាប់ ។ នៅ​ក្នុង​នោះ​ដែរ ពេល​ខូច​តិចតួច​ជួសជុល​មិនកើត​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ជាប់​រហូត ទើប​បណ្តាល​ឱ្យ​ខូចខាត​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ដល់​ពេល​នេះ​គឺ​ផ្លូវជាតិ​ស្ទើរ​ក្លាយជា​ផ្លូវឌឿងហែម​ទៅ​ហើយ ។

ចំណុច​នៃ​ការ​ខូចខាត​ផ្លូវជាតិ​លេខ​៣​នេះ​ដែរមាន​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្តល់​ការ​វិភាគឱ្យ​ឃើញ​ពី​ផល​ប៉ះពាល់​ខ្លះ​ៗ ក្នុង​កំឡុង​ខែ​កក្កដា ខណៈ​មាន​គ្រោះ​ទឹកជំនន់​បាន​កាត់​ផ្តាច់​ផ្លូវជាតិលេខ​៤​ជា​ច្រើន​កន្លែង ហើយ​មិន​អាច​ធ្វើ​ចរាចរណ៍ដឹក​ទំនិញ​បាន គឺ​ផ្លូវជាតិ​លេខ​៤​បាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍ ហើយ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ត្រូវ​បង្វែរ​មក​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៣​មួយ​រយៈ​វិញ​ផង​នោះ ទើប​បណ្តាល​ឱ្យ​ផ្លូវ​ដែល​ទើបនឹង​កសាង​ថ្មី​នេះ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ដូច្នេះ ។

ការ​ខូចខាត​ផ្លូវ​ខាងលើ​នេះ​ដែរ កាលពី​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៨​កន្លង​មក លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សា​ធារណការ​និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​ផ្ទាល់ ដើម្បី​សិក្សា​ពី​ការ​ខូចខាត​នេះ និង​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​ជួសជុល​ជា​បណ្តោះអាសន្ន​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំ​ណា ង​រាស្ត្រ​នីតិកាល​ទី​៦ កន្លង​មក ។

ជុំវិញ​ការ​ស្តារ​ជា​ថ្មី​ផ្លូវជាតិ​លេខ​៣​នេះ លោក ពេជ្រ រ​ដ្ឋា អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត បានឱ្យ​ដឹង​ថា ការ​ស្តារ​និង​កសាង​ថ្មី​នូវ​ផ្លូវជាតិ​លេខ​៣​នេះ ជា​បន្ទុក​ទទួលខុសត្រូវ​របស់​ក្រសួង​ដែល​ត្រូវ​ទទួល​ធ្វើ ។ ផ្លូវជាតិ​លេខ​៣​ចាប់ពី​ផ្លូវបំបែក​គុ​សម​ក​ដល់​ក្រុង​កំពត ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ដេញថ្លៃ​ធ្វើ​មួយ​ចំណែក ។ រីឯ​មួយ​ផ្នែក​ទៀត​ចាប់ពី​ក្រុង​កំពត រហូត​ទៅ​ដល់​ផ្លូវបំបែក​វាល​រេញ ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ គឺ​ក្រុមហ៊ុន​ចិន​មួយ​ផ្សេង​ទៀត​ជា​អ្នក​ដេញថ្លៃ​ធ្វើ ។

លោក​បន្ត​ថា ការ​ស្តារ​ឡើង​វិញ​ផ្លូវជាតិ​លេខ៣ ដែល​ក្រុមហ៊ុន​ចិន​ធានា​ធ្វើ​នេះ​គឺ​ធ្វើ​នៅ​ខែតុលា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ លោក ពេជ្រ រ​ដ្ឋា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​ស្តារ​ផ្លូវ​នេះ​ឡើង​វិញ ក្រុមហ៊ុន​ចិន​ដែល​ដេញថ្លៃ​បាន​នោះ​ត្រូវ​ជួសជុល​ជា​បណ្តោះអាសន្ន ដើម្បី​បង្ក​ការ​ងាយស្រួល​ដល់​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ផង​ដែរ ប៉ុន្តែ​ដោយសារ​គ្រោះ​ធម្មជាតិ​មិន​អំណោយផល គឺ​ភ្លៀង​ធ្លាក់​ជាប់​រហូត​ទើប​ក្រុមហ៊ុន​ដែល​ត្រូវធ្វើ​ផ្លូវ​នោះ​ត្រូវ​អាក់​ខានមិនបាន​ជួសជុល បណ្តាល​ឱ្យ​ផ្លូវ​កាន់តែ​ខូច​ធ្ងន់​ទៅ​ៗ ៕

អត្ថបទសរសេរ ដោយ