ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រំពឹង​តំបន់​សហគមន៍​ធម្មជាតិ​នឹង​ស្រូប​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ថា តំបន់​សហគមន៍​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា នឹង​ក្លាយជា​តំបន់​ដែល​ស្រូប​យក​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ថែម​ទៀត និង​រួមចំណែក​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុ​ជានា​បណ្តា​ឆ្នាំ​ខាង​មុខ ។ ក្នុង​នោះ លោក​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ថា តំបន់​សហគមន៍​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា នឹង​ក្លាយជា​តំបន់​ដែល​ស្រូប​យក​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ថែម​ទៀត និង​រួមចំណែក​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុ​ជានា​បណ្តា​ឆ្នាំ​ខាង​មុខ ។

ក្នុង​នោះ លោក​អះអាង​ថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្រៅពី​ចង់​ដើរ​កម្សាន្ត ឬ​ទស្សនា​តំបន់​វប្បធម៌​ហើយ​នោះ ពួក​គាត់​ក៏​ងាក​មក​ចាប់អារម្មណ៍ តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​សហគមន៍​ទេសចរណ៍​ផង​ដែរ ។

លោក ជុក ជំនោ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា និន្នាការ​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ងាក​មក​ទស្សនា​ឈ្វេងយល់​បន្ថែម​អំពី​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​សហគមន៍​ទេសចរណ៍ បន្ទាប់​ពី​ទស្សនា​តំបន់​វប្បធម៌ និង​តំបន់ឆ្នេរ ។ លោក​ថា ៖« ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ទៅ​ដល់​តំបន់​សហគមន៍​នោះ គឺ​ពួក​គាត់​មិន​គ្រាន់តែ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ឬ​ឈ្វេងយល់​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​អ្វី​ជា​សំខាន់​នោះ​ពួក​គាត់​បាន​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​សហគមន៍​តែ​ម្តង »​។ លោក ជុក ជំនោ បាន​អះអាង​ថា ផ្តើម​ពី​នោះ​ហើយ ទើប​ក្រសួងទេសចរណ៍​បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ រួម​ទាំង​សហគមន៍ ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ទៅ​ជា​ច​លករ​កម្លាំង​ស្រូប​យក​ភ្ញៀវ​ទេសចរ រួមចំណែក​សម្រេច​បាន​នូវ​ផែនការ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ ។

តាម​លោក​ប្រធាន​នាយកដ្ឋាន តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​សហគមន៍​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​នោះ​រួម​មាន តំបន់​ភូមិភាគ​ឦសាន​, តំបន់ឆ្នេរ​សមុទ្រ​ខេត្តកោះកុង រួម​ទាំង​តំបន់​មួយ​ចំនួន​ទៀត​នៅ​តាម​បណ្តា​ខេត្ត​នៃ​ប្រទេស​កម្ពុជា ។ លោក​ថា ៖« បច្ចុប្បន្ន​នេះ កម្ពុជា​មាន សហគមន៍​ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ចំនួន​៥១ ក្នុង​នោះ​មាន សហគមន៍​ទេសចរណ៍​, សហគមន៍​អេកូ​ទេសចរណ៍ និង​សហគមន៍​ការពារ​ធនធានធម្មជាតិ​ជាដើម ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​សហ​គន៍​ទាំង​អស់នោះ​សុទ្ធតែ​ធ្វើ​សកម្មភាព​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ »​។ លោក ជុក ជំនោ បាន​បញ្ជាក់​ថា ៖« គោលដៅ​នៃ​ការ​រៀបចំ​សហគមន៍​នោះ​គឺ ក្រៅពី​ការ​ផ្សព្វផ្សាយ​បណ្តុះបណ្តាល​ធនធានមនុស្ស​យើង​ក៏​បាន​អនុវត្ត​ការ​ប្រមូល​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​ឲ្យ​ចូលរួម​ជា​សមាជិក​របស់​សហគមន៍​តែ​ម្តង ។ ដូច្នេះ​ហើយ ទើប​ចំណូល​ទាំងឡាយ​ដែល​បាន​មក​ពី​ភ្ញៀវ​ទេសចរ​នឹង​ហូរ​ចូល​ហោប៉ៅ​របស់​ប្រជាពលរដ្ឋ សហគមន៍​ដោយ​ផ្ទាល់ ហើយ​ចំណូល​ទាំង​អស់នោះ​បាន​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅកម្ពុជា »​។

លោក​បន្ត​ថា មក​ដល់​ពេល​នេះ​មាន​សហគមន៍​មួយ​ចំនួន​កំពុង​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​តាម​រយៈ​នោះ ជីវភាព​ប្រជា​សហគមន៍​ត្រូវ​បាន​លើកកម្ពស់ កាត់​បន្ថយ​បាន​នូវ​ការ​ចំណាកស្រុក​ថែម​ទៀត ។ លោក​ថា ៖« ចំណូល​ដែល​ប្រជា​សហគមន៍​ទទួល​បាន​ពី​ភ្ញៀវ​ទេសចរ​ដោយ​ផ្ទាល់​នោះ គឺ​មាន​តម្លាភាព​បំផុត ស្អាតស្អំ​បំផុត និង​ពុំ​មាន​បាតុភាព​អសកម្ម​នោះ​ឡើយ »​។ យ៉ាងណា​ក៏​ដោយ លោក​ប្រធាន​នាយកដ្ឋាន​បាន​ថ្លែង​ថា ៖« បើ​ទោះបីជា​យើង​មិន​ទាន់​ទទួល​បាន​នូវ​បាតុភាព​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​ស្តង់ដា​នៃ​គុណភាព​សេវាកម្ម​ទេសចរណ៍​របស់​យើង​នៅ​មាន​កម្រិត​នៅឡើយ ។ ទន្ទឹម​នោះ​ក្រសួង​ក៏​បាន​និង​កំពុង​ជំរុញ និង​លើកទឹកចិត្ត​ដល់​សហគមន៍​សំខាន់​ប្រជា​សហគមន៍ ឲ្យ​បន្ត​ខិតខំ​យកចិត្ត​ចិត្ត​ទុកដាក់​រៀបចំ និង​អភិវឌ្ឍន៍​សហគមន៍​របស់​ខ្លួន ដើម្បី​ស្រូប​យក​ភ្ញៀវ ទេសចរ​កាន់តែ​ច្រើន​ជា​បន្តបន្ទាប់​ទៀត »​។

ប្រធាន​សហគមន៍​ទេសចរណ៍​កោះ​ទ្រង់ លោក ប៊ុ​ន បាន បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ប្រមាណ​ជាង​៦០% ទទួល​បាន​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​តាម​រយៈ​ភ្ញៀវ​ទេសច​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ដ និង​ស្នាក់​នៅ​តំបន់​រមណីយដ្ឋាន​មួយ​នេះ ដោយ​ប្រាក់​ចំណូល​ដែល​ពួក​គាត់​ទទួល​បាន​នោះ រួម​មាន​ពី​កា​របរ​រទេះសេះ និង​រទេះគោ​ដឹក​ភ្ញៀវ​ទេសចរ​, រត់​ម៉ូតូឌុប​, ការ​ស្នាក់​នៅ ក៏​ដូច​ជា​ជួល​កង់​និង​ការ​ធ្វើ​នំចំណី​ម្ហូប​អារ​ហារ​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ជាដើម ។ លោក​ប្រធាន​បាន​បញ្ជាក់​ថា ៖« ពលរដ្ឋ​ក្នុង​១​គ្រួសារ អាច​រក​ចំណូល​បាន​ជាង​២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ពី​សេវា​ទេសចរណ៍​ដោយ​ផ្ទាល់​» ។ លោក​ថា ៖« សហគមន៍​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ជិះទូក​ដរ​ឆ្លង​ទ​នេ្ល​មក​កម្សាន្ដ​លើ​ទឹកដី​កោះ​ទ្រង់ គឺ​សម្បូរ​ណ៍​នៅ​រដូវប្រាំង ដែល​ភ្ញៀវ​ទេសចរ​ភាគច្រើន គឺ​ក្នុង​ទិស​ដៅ​មក​ទស្សនា​ទេសភាព​នៅ​លើ​កោះ និង​ជិះ​កង់ ឬ​ជិះរទេះ​សេះ រទេះគោ លំហែរ​នៅ​ជុំវិញ​កោះ និង​មាន​ខ្លះ​បាន​មក​សម្រាក និង​ទទួលទាន​អាហារ​រួម​គ្នា​នៅ​ក្នុងផ្ទះ​ស្នាក់​ដែល​សហគមន៍​បាន​រៀបចំ​សម្រាប់​ទទួល »​។

លោក​អះអាង​ថា ៖« យើង​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​លើ​កោះ​នេះ កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​ប្រយោជន៍​ដល់​សហគមន៍​យើង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ