ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​ជាង​4​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​7​ខែ ដំបូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ មាន​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​សន្យា​រួម​គ្នា​ថា នឹង​បន្ត​ជំរុញ​ឱ្យ​កើន​រហូត​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។ លោក ជី​រ៉ា​វុ​ឍ…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ មាន​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​សន្យា​រួម​គ្នា​ថា នឹង​បន្ត​ជំរុញ​ឱ្យ​កើន​រហូត​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។

លោក ជី​រ៉ា​វុ​ឍ សុ​វ​ណ្ណា​អាត អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា -​ថៃ ដែល​អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ថៃ​ទើប​ទទួល​បាន​ថ្មី​ៗ​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​៤.៦០០​លាន​ដុល្លារ ។ លោក​សុ​វ​ណ្ណា​អាត បន្ត​ថា ៖« តាម​គោលដៅ និង​ទិស​ដៅ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​គឺ​បាន​កំណត់​ថា នៅ​ក្នុង​ឆ្នាំ​២០២០ ប្រទេស​យើង​ទាំង​ពីរ នឹង​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើនឡើង​ដល់​រហូត​១៥​ពាន់​លាន​ដុល្លារ »​។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​មាន​ប្រសាសន៍​ថា ទំហំ​ពាណិជ្ជ កម្ម​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ វា​ប្រហាក់ប្រហែល​គ្នា ឬ កើនឡើង​តិចតួច បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ ក្នុង​នោះ លោក​ថា ភាគី​ទាំង​សងខាង​ក៏​បាន​ទទួលស្គាល់​ហើយ​ថា ការ​នាំ​ចូល​ទំនិញ​ពី​ថៃ​មក​កម្ពុជា​ច្រើន​ជាង​ពី​កម្ពុជា​ទៅ​ថៃ ។  យ៉ាងនេះ​ក្ដី លោក​ស៊ា​ង ថៃ បញ្ជាក់​ថា ៖« ខាង​រដ្ឋមន្ត្រី​ខ្ញុំ​តែងតែ​ស្នើ​ឱ្យ​ភាគី​ថៃ​ជួយ​ទិញ​ផលិតផល​ពី​កម្ពុជា​ឲ្យ​បាន​ច្រើន​ជាង​សព្វ​ថ្ងៃនេះ »​។

គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​កាលពី​ឆ្នាំ​មុន​សម្រេច​បាន​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ថៃ​បាន​នាំ​ចូល​មក​កម្ពុជា​ជាង​៥​ពាន់​លាន​ដុល្លារ តែ​កម្ពុជា​នាំ​ចូល​ទៅ​ប្រទេស​ថៃ​វិញ មាន​ទឹកប្រាក់​ប្រមាណ​តែ​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ចំណែក​ផលិតផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ភាគច្រើន​ជា​កសិផល ដូច​ជា ពោត ដំឡូង​មី សណ្តែក ជាដើម ខណៈ​ប្រទេស​ថៃ​នាំ​ចូល​មក​កម្ពុជា​វិញ មាន​ដូច​ជា គ្រឿង ចក្រ ឧបករណ៍​អេ​ឡិច​ត្រូ​និក​, ប្រេងឥន្ធនៈ​, សម្ភារ សំណង់​, គ្រឿង​ឧបភោគបរិភោគ គ្រឿងសម្អាង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះជាដើម ។

គួរ​រំឭក​ថា ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​២០១៥ បាន​ប្ដេជ្ញា​រួម​គ្នា​ថា នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ