ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិត្តខ្លាំង​ម្នាក់​នេះ​មិនធម្មតា​ឡើយ​… ស្រែក​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ក្លិ​ប​ហ្គោ​ល​ឡាញ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ស្រវឹងស្រា​ជោគ​ជាំ ដើរ​ស្រែក​តាម​ផ្លូវ និង​វាយ​កញ្ចក់​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បណ្តាល​ឲ្យ​បែក ខណៈ​ពេល​ដែល​បុរស​ចិត្តខ្លាំង​រូប​នោះ​ដើរ​ឆ្លងផ្លូវ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ក្លិ​ប​ហ្គោ​ល​ឡាញ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ស្រវឹងស្រា​ជោគ​ជាំ ដើរ​ស្រែក​តាម​ផ្លូវ និង​វាយ​កញ្ចក់​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បណ្តាល​ឲ្យ​បែក ខណៈ​ពេល​ដែល​បុរស​ចិត្តខ្លាំង​រូប​នោះ​ដើរ​ឆ្លងផ្លូវ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាង​មុន​មន្ទីរពេទ្យ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​១៩៨៦​កែង និង​ផ្លូវ​១០១១ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​បង្ក​មានឈ្មោះ ពេជ្រ ប៊ុ​ន្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​សន្តិសុខ​យាម​ក្លិ​ប​ហ្គោ​ល​ឡាញ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ ។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ វ៉ា រី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​កង់​បី ស្នាក់​នៅ​ម្តុំ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​បង្ក​ខាងលើ រួម​ទាំង​បុរស​ពីរ​នាក់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ថ្មើរជើង តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​បណ្តើរ​ជន​បង្ក​ខាងលើ ។ លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ​ជន​បង្ក​ខាងលើ​ក៏​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​ផ្លូវ​ម្ខាង​ទៀត​តែ​ម្នាក់ឯង ។ ហើយ​ខណៈ​ពេល​ដែល​ដើរ​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ម៉ាក​បា​ចា ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HD-6332 បើកបរ​ដោយ​បុរស​ម្នាក់ និង​ដឹង​នារី​ម្នាក់​ពីក្រោយ តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ពេល​នោះ​ស្រាប់តែ​ជន​បង្ក​ខាងលើ​បាន​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ចង្អុលមុខ​ជន​រង​គ្រោះ​ស្រែក​ឲ្យ​ឈប់​កង់​បី ។ បន្ទាន់​មក​ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ​កង់​បី​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​ជន​បង្ក​ខាងលើ ។ ភ្លាម​ៗ​នោះ​ស្រាប់តែ​ជន​បង្ក​ខាងលើ​រត់​សំដៅ​ទៅ​វាយ​កញ្ចក់​ម៉ូតូ​កង់​បី​របស់​ជន​រង​គ្រោះ​មួយ​ដៃ បណ្ដោយ​ឲ្យ​បែក​ស្រាំ ហើយ​ក៏​កើតជា​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជួយ​ចាប់​ឃាត់ និង​បាន​រាយ​ការ​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​មក​អន្តរាគមន៍ ។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​កង់​បី​របស់​គាត់​ដឹក​ភ្ញៀវ​ម្នាក់ ចេញ​មក​ពី​ខាង​មុខ​ក្លិប​ហ្គោ​ល​ឡាញ បំណង​ដឹក​ទៅ​ដាក់​នៅ​ម្តុំ​ពោធិ៍​ចិន​តុង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន​បង្ក​ខាងលើ​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ស្រែក​ឲ្យ​គាត់​ឈប់​ម៉ូតូ​កង់​បី ហើយដោយ​គាត់​ខ្លាច​មាន​បញ្ហា​ក៏​ព្រម​ឈប់​ម៉ូតូ​កង់​បី​របស់​គាត់ ។ បន្ទាន់​មក​ក៏​ស្រាប់តែ​ជន​បង្ក​ខាងលើ​ស្ទុះ​មក​វាយ​កញ្ចក់​ម៉ូតូ​កង់​បី​របស់​គាត់ បណ្តាលឲ្យ​បែក ដោយ​ចោទ​គាត់​ថា បម្រុង​បើក​កង់​បីបំ​បុក​រូបគេ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​បង្ក​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​វាយ​បំបែក​កញ្ចក់​កង់​បី​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ព្រោះ​ដោយ​មុន​ពេល​កើតហេតុ​រូបគេ​ទើបតែ​ចេញ​មក​ពី​កន្លែងធ្វើការ ហើយ​បម្រុង​ដើរទៅ​បន្ទប់​ជួល ហើយ​ខណៈ​ពេល​ដែល​គេ​ដើរ​ឆ្លងផ្លូវ​ស្រាប់តែ​ម៉ូតូ​កង់​បី​ខាងលើ​បម្រុង​បើក​បំ​បុក​រូបគេ ហើយ​ភ្លាម​ៗ​នោះ​រូបគេ​ក៏​បាន​វាយ​កញ្ចក់​កង់​បី​ខាងលើ​មួយ​ដៃ ដើម្បី​ការពារ​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ​ទៅ​សាកសួរ​នាំ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ។ ដោយឡែក​ជន​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ