ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៥ មីនា កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានបញ្ជូនជនម្នាក់ដែលជាប់ចោទពីបទចែកចាយថ្នាំញៀនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ។ លោកអនុសេនីយ៍ឯក គឹម ចំរើន មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ មានប្រសាសន៍ថា ជននេះឈ្មោះសេង ទូច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ មីនា ឆ្នាំ២០១១ វេលាម៉ោង១២និង៥៥នាទី នៅក្នុងផ្ទះក្នុងភូមិ-ឃុំខាងលើ ខណៈពេលកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ។ នៅពេលចាប់ខ្លួននោះកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឆែកឆេររកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាសរុបចំនួន៥២គ្រាប់ ក្នុងនោះ៣៤គ្រាប់ លាក់ទុកនៅនឹងខ្លួន ហើយ១៩គ្រាប់ផ្សេងទៀតលាក់ទុកក្នុងធុងអង្ករ។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ថា ជនឈ្មោះសេង ទូច គឺជាមុខសញ្ញាចាស់ដែលរកស៊ីយូរថ្នាំញៀនមកហើយ។ ជនជាប់ចោទបានសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីឈ្មួញធំម្នាក់១គ្រាប់តម្លៃ៨០បាត ហើយយកមកលក់ចែកចាយក្នុងភូមិសម្រាប់អ្នកទិញប្រើប្រាស់ក្នុង១គ្រាប់តំម្លៃ១០០បាត។ យោងតាមចម្លើយសារភាពនិងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ