ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលខ្សាច់ភ្នំ១ប្រវែង២៥០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានចំណាយថវិកាក្នុងការស្ថាបនាអស់ទឹកប្រាក់ចំនួន៩០លានរៀល ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តស្ដីទីលោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្តលោកប្រធាន ក្រុមប្រឹក្សា និងលោក អភិបាល អភិបាលរងក្រុងស្វាយរៀងលោកលោកស្រីក្រុមប្រឹក្សាសង្កាត់មេភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបចំនួន១០០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះលោក អភិបាលខេត្តបានលើកឡើងថា ផ្លូវក្រាលខ្សាច់ភ្នំមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលនឹងលេចជារូបរាងឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូន ប្រជាពលរដ្ឋដែលបានស្នើសុំនាពេលកន្លងមកតាមរយៈវេទិការសាធារណៈហើយលោកក៏សូមថ្លែងនូវការអរគុណចំពោះលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តដោយបានជួយឧបត្ថម្ភចំពោះ ការស្ថាបនាផ្លូវនេះដែលសបញ្ជាក់ឲ្យឃើញពីវប្បធម៌នៃការចែករំលែក និងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងក្រុងស្វាយរៀងជាពិសេសក្នុងការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានតម្រូវការក្នុងការប្រើប្រាស់ផ្លូវមួយខ្សែនេះ ។
ជាមួយនេះលោកម៉ែនវិបុលក៏បានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវនេះមិនមែនជាគម្រោងចុងក្រោយនោះទេ ជាបឋមគឺយើងប្រែក្លាយពីផ្លូវដីមកជាផ្លូវក្រាលខ្សាច់ភ្នំហើយទៅថ្ងៃមុខខេត្តនឹងប្រែក្លាយពីផ្លូវ ក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុងឬកៅស៊ូតែម្ដងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕
ចែករំលែកព័តមាននេះ