ខេត្តប៉ៃលិន ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតបានកើតឡើងរវាងរថយន្តបើកបរដោយជនជាតិចិន បុកជាមួយនឹងរថយន្តដែលបើកបរដោយជនជាតិខ្មែរ រួចជ្រុលទៅបុកជាមួយនឹងម៉ូតូ១គ្រឿងទៀត ដែលធ្វើដំណើរតាមដងផ្លូវក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្ត្រីម្នាក់សន្លប់បាត់ស្មារតីនៅនឹងកន្លែងហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបន្តទៀតថា ជនរងគ្រោះឈ្មោះជា វណ្ណីដែត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរងរបួសធ្ងន់ ជាអ្នកបើកបរម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១C-១៥៥២ រងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តទាំង២គ្រឿងខាងលើរួមមាន ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ២R-៨៣៤០ បើកបរដោយឈ្មោះ លូន ហូរិន (Liun Houren) ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិចិន រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង គ្មានរបួស ។ រីឯរថយន្តមួយគ្រឿងម៉ាកម៉ាកកាមរី ពាក់ស្លាកលេខ ភ្នំពេញ ២AT-១៦៤៨ បើកបរដោយឈ្មោះ ប្រាក់ ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីខាងលើគឺបណ្តាលមកពីបើកបររថយន្តជាជនជាតិចិនមិនគោរពច្បាប់ចរាចរណ៍បើកបរលើសល្បឿនដែលបានកំណត់ ទើបប៉ះជាមួយរថយន្តមួយគ្រឿង រួចក៏ជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀតកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូបានរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តទាំង២គ្រឿងបានរងការខូចខាតស្រាល ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បច្ចុប្បន្នរថយន្តបង្កត្រូវបាននគរបាលយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ