ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់យ៉ាង​( EBA )​ដល់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ពេល​នេះ ការ​អនុគ្រោះ​ពន្ធ « អ្វី​ៗ​ទាំងអស់ លើកលែងតែ​អាវុធ »…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ពេល​នេះ ការ​អនុគ្រោះ​ពន្ធ « អ្វី​ៗ​ទាំងអស់ លើកលែងតែ​អាវុធ » ឬ​ហៅ​ថា​EBA សម្រាប់​កម្ពុជា​នៅ​តែ​បន្ត​ផ្ដល់​ដដែល មិន​ទាន់​កំណត់​ជាក់លាក់​ណាមួយ​នោះ​ទេ ។

ក្នុង​សន្និសីទ​មួយ​ដែល​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ សីហា នៅ​សណ្ឋាគារ ឡឺ រ៉ូ​យ៉ា​ល់ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​ថ្លែង​ថា ចំពោះ​EBA ដែល​សហភាព​អឺរ៉ុប​ផ្ដល់​ជូន​កម្ពុជា​នៅ​តែ​បន្ត​ផ្ដល់​ជូន​ដដែល មិន​ទាន់​មាន​វិធានការ​ណាមួយ​ផ្ដាច់​នៅឡើយ​ទេ ។ លោក​ថា ៖« EBA មាន​ន័យ​ថា យើង​អនុគ្រោះ​ពន្ធគយ​ទៅ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដោយ​នាំ​ចូល​ទំនិញ​ទៅ​កាន់​បណ្ដា​ប្រទេស​សមាជិក​របស់​សហគមន៍​អឺរ៉ុប​ដោយ​មិន​គិត​ពន្ធ ក្នុង​គោលបំណង​ចង់​ឲ្យ​ប្រទេស​នោះ​មានការ​អភិ វឌ្ឍន៍​សេដ្ឋកិច្ច​របស់​គេ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​តាម​រយៈ​ការ​ផលិតផល​ទំនិញ ដើម្បី​បម្រើ​ដល់​ការ​នាំ​ចេញ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប្រទេស​នោះ » ។

លោក​បន្ថែម​ថា កន្លង​មក​ក្រុមការងារ​របស់​សហភាព​អឺរ៉ុប ក៏​បាន​មក​ជួប​ផ្ទាល់​ជាមួយ​មន្ត្រី ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដើម្បី​ជជែក​ពី​ការ​បន្ត​ផ្ដល់​EBA ឬ​ក៏​ត្រូវ​មាន​វិធានការ​យ៉ាងណា​នោះ​។ ការ​មក​ដល់​របស់​សមាជិក​សហភាព​អឺរ៉ុប​កាលពី​ពេល​កន្លង​ទៅ​នេះ ដោយសារ​តែ​មើលឃើញ​ថា មាន​បញ្ហា​មួយ​ចំនួន​នៅ​កម្ពុជា ទាំង​នយោបាយ និង​សិទ្ធិ​មនុស្ស ដូចនេះ​ហើយ​ទើប​មក​មើល​ឲ្យ​ច្បាស់​តែ​ម្ដង ព្រោះ​កម្ម វិធី​EBA​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​ជូន​កម្ពុជា​នោះ ក៏​មាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ទៅ​តាម​អនុសញ្ញា​សំខាន់​ៗ​មួយ​ចំនួន ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លក្ខខណ្ឌ​ការងារ​ដែរ ។

លោក​ថ្លែង​ថា ៖« ដំណើរការ​នៃ​ការ​សហការ​ផ្ទាល់​រវាង​គណៈកម្មការ​អឺរ៉ុប​ជាមួយ​ប្រទេស​កម្ពុជា​នេះ គឺ​នៅ​កំពុង​បន្ត​ទៀត ដូច្នេះ​ខ្ញុំ​អត់​ចង់​ទាយ​ទុក​មុន​ថា​តើ​ដំណើរការ​នេះ នឹង​បញ្ចប់​ដោយ​លទ្ធផល​បែប​ណា​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​គូសបញ្ជាក់​ថា បញ្ហា​សិទ្ធិ​មនុស្ស គឺជា​បញ្ហា​ដែល​សហភាព​អឺរ៉ុប​ទាំងមូល​គិតគូរ យកចិត្តទុកដាក់ យ៉ាង​ខ្លាំង » ។

បើ​តាម​លោក សោម អូន ប្រធាន​សម្ព័ន្ធ សហជីព​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា​លោក​នៅ​តែ​រំពឹង​ចំពោះ​ការ​បន្ដ​ផ្ដល់​ជូន​កម្ពុជា​នៅ​ការ​លើកលែង​ពន្ធ​ទំនិញ​គ្រប់យ៉ាង លើកលែងតែ​អាវុធ ដើម្បី​ឲ្យ​កម្ពុជា​អាច​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ធ្វើ​ឲ្យ​កម្រិត​ភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​ជីវភាព​ធូរធារ ។

សូម​រំលឹក​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មួយ​ចំណែក​ធំ​ត្រូវ​ពឹង​ទៅ​លើ​ទីផ្សារ​សហភាព​អឺរ៉ុប និង​ចំនួន​តូច ត្រូវ​ពឹង​លើ​ទីផ្សារ​ផ្សេង​ៗ​ទៀត ។ ក្នុង​នោះ​ទំនិញ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប គឺ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង ហើយ​បើសិនជា​EBA​នេះ ត្រូវ​បាន​បញ្ចប់​នោះ កម្ពុជា​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ពី​៦០០​ទៅ​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។ ទន្ទឹម​នឹង​នេះ វា​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​ទាំងមូល​ផង​ដែរ​។ ចំណែក​អ្នក​ដែល​ត្រូវ​ប៉ះពាល់​ធំ​និង​ដំបូង​គេ​នោះ គឺ​កម្មករ​កម្មការិនី​ដែល​មាន​ចំនួន​ជិត​១​លាន​នាក់ កំពុង​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​វាយ​ភ័​ណ្ឌ​នេះ​តែ​ម្ដង ។

លោក ព្រាប កុ​ល នាយក​ប្រតិបត្តិ អង្គការ​តម្លាភាព​កម្ពុជា បាន​ឲ្យ​ដឹង​ថា ៖« អឺរ៉ុប​គេ​ចង់​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ច្រើន ដូចនេះ​កម្ពុជា​គួរតែ​កែប្រែ​ឥរិយាបថ និង​ត្រូវធ្វើ​តាម​អឺរ៉ុប ទើប​គេ​បន្ដ​ផ្ដល់ EBA ដល់​កម្ពុជា​កាន់តែ​យូរអង្វែង មុន​ពេល​យើង​អាច​ឈរ​នឹង​ដោយ​ខ្លួនឯង »​។

យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​សេវា​នាំ​ចេញ នាំ​ចូល​នៃ​ក្រសួងពាណិជ្ជកម្ម គិត​ត្រឹម​រយៈពេល​មួយ​ឆមាស​ឆ្នាំ​២០១៨ ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួន​សរុប​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​៥,៧០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​មុន ។ ក្នុង​នោះ ទំនិញ​នាំ​ចេញ​សំខាន់​របស់​កម្ពុជា រួម​មាន ផលិតផល​វាយនភ័ណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ទីផ្សារ​បញ្ជា​ទិញ​ធំ​គឺ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ