ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMA ប្រកាស​ឱ្យ​សមាជិក​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្ដល់​ឥណទាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្ដា​ខេត្ត​នានា​កំពុង​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនាន់ ដែល​ធ្វើ​ឲ្យ​ខាតបង់​ផលដំណាំ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ( CMA ) បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ជូន​ដល់​សមាជិក​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្ដា​ខេត្ត​នានា​កំពុង​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនាន់ ដែល​ធ្វើ​ឲ្យ​ខាតបង់​ផលដំណាំ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ( CMA ) បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ជូន​ដល់​សមាជិក​របស់​ខ្លួន ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ដល់​ឥណទាន​ទៅ​អតិថិជន និង​សូម​ឲ្យ​មានការ​យោគយល់​ដល់​អតិថិជន​ក្នុង​ការ​សង​ត្រលប់​យឺតយ៉ាវ​ផង​ដែរ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ( CMA ) បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹក​ជំនាន់ សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​បន្ត​តាមដាន​នូវ​ស្ថានភាព​ដែល​ប៉ះពាល់ ព្រមទាំង​ត្រៀម​លក្ខណសម្បត្តិ​ចូលរួម​ក្នុង​យន្តការ​សម​ស្រប ដើម្បី​សម្រាល​បន្ទុក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ផ្ទាល់​ពី​គ្រោះ​ធម្មជាតិ​ដល់​ជីវភាព និង​ផលរបរ​របស់​ពួក​គាត់​។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ដែរ សមាគម​បាន​ស្នើ​ឲ្យ​សមាជិក​របស់​ខ្លួន បន្ត​ផ្ដល់​ឥណទាន​ដោយ​ប្រុង​ប្រយ័ត្ន ដោយ​ពិនិត្យ​លទ្ធភាព​សង​ជាក់ស្ដែង និង​ផ្ដល់​យន្តការ​ដោះស្រាយ​ទន់ភ្លន់​ចំពោះ​អតិថិជន ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹកជំនន់ ។ ម្យ៉ាងទៀត សមាជិកសមាគម​ទាំងអស់ ត្រូវ​បន្ត​តាមដាន​ស្ថានភាព​ជាក់ស្ដែង​និង​ផល​ប៉ះពាល់​នៃ​គ្រោះ​ធម្មជាតិ​លើ​អតិថិជន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ផ្ដល់​ការ​គាំទ្រ​ចាំបាច់​ស្រប​តាម​កាលៈទេសៈ​ជាក់ស្ដែង និង​រាយការណ៍​មក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឲ្យ​បាន​ទាន់​ពេលវេលា ។

ជាមួយ​គ្នា​នេះ​ដែរ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​ទី​២៤ សីហា កន្លង​មក ដោយ​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​បន្ដ​ផ្តល់​ឥណទាន​ដោយ​ប្រុង​ប្រ័​ត្ន និង​មាន​យន្ដការ​ដោះស្រាយ​ទន់ភ្លន់​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់​ជាក់ស្ដែង ដើម្បី​រក្សា​ស្ថិរភាព និង​ភាពរឹងមាំ​របស់​វិស័យ​ហិរញ្ញវត្ថុ ។ សេចក្ដីថ្លែងការណ៍​រួម ក៏​បាន​អំពាវនាវ​ឲ្យ​បន្ដ​ពិនិត្យ​និង​វាយតម្លៃ​លទ្ធភាព​សង​របស់​ប្រជា​កសិករ​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​បន្ធូ​បន្ថយ​រយៈពេល​សង បន្ថយ​អត្រា​ការ​ប្រាក់ ឬ​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ និង​មិន​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រជា​កសិករ ព្រមទាំង​ផ្ដល់​ដំណោះស្រាយ​សម​ស្រប​ផ្សេង​ៗ និង​បន្ដ​តាមដាន​ស្ថានភាព និង​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់​លើ​កសិករ និង​ផ្ដល់​ការ​គាំទ្រ​ចាំបាច់​ស្រប​តាម​កាលៈទេសៈ​ជាក់ស្ដែង ។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា សង្ឃឹម​និង​ជឿជាក់​ថា គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ នឹង​ចូលរួម​សហការ​ក្នុង​ការ​ជួយ​សម្រាលទុក្ខ​លំបាក និង​សម្រាល​សម្ពាធ​ហិរញ្ញវត្ថុ​របស់​ប្រជា​កសិករ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់​ជាក់ ស្ដែង ។

ការ​ចេញ​សេចក្ដី​ប្រកាស​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ និង​សេចក្ដីថ្លែងការណ៍​រួម​នេះ បាន​ធ្វើ​ឡើង ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បណ្ដា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឯកជន​ទាំងអស់ មេត្តា​យោគយល់​ដល់​ពលរដ្ឋ​ដែល​ជាប់បំណុល ដោយ​សូមកុំ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់ និង​សូម​ឲ្យ​ពន្យារពេល​ដល់​ពួក​គាត់​ក្នុង​ការ​សង​ត្រលប់​ទៅ​វិញ ។

សម្ដេច​តេ​ជោ​បាន​ប្រកាស​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ជាមួយ​បណ្ដា​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ ដើម្បី​អនុគ្រោះ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​គ្រោះ​ទឹក​ជំនាន់ និង​មានការ​រង​គ្រោះ​ខូ​ត​ខាត ដោយ​បន្ធូរបន្ថយ​សង ឬ​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ ដើម្បី​កាត់​បន្ថយ​ការ​លំបាក ព្រោះ​ពេល​នេះ ស្រូវ​និង​ផលដំណាំ​ផ្សេង​ទៀត ដែល​ប្រជាពលរដ្ឋ​ធ្វើ​នោះ​បាន​ខូ​ត​ខាត​ទៅ​ហើយ ដូច្នេះ​លទ្ធភាព​ក្នុង​ការ​សង​ត្រលប់​ទៅ​វិញ​តាម​ការ​កំណត់ គឺ​ពិតជា​មិន​អាច​មាន​នោះ​ទេ ។

សម្ដេច​ថ្លែង​ថា ៖« ក្នុង​ដំណាក់កាល​នេះ សូម​បណ្ដា​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​យោគយល់ កុំ​រឹបអូស​ទ្រព្យសម្បត្តិ​ពួក​គាត់ តែ​ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​មានការ​យោគយល់​អធ្យាស្រ័យ​ដល់​ពួក​គាត់ ពន្យារពេល​សង ថែម​ទាំង​មិន​យកការប្រាក់ »​។យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ចី​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្ដល់​ទៅ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ ៩០,៨​ទ្រី​លាន​រៀល ឬ​ស្មើ​ប្រមាណ​២២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​ការិយាល័យ​ឥណទាន​កម្ពុជា ក៏​បាន​បង្ហាញ​ដែរ​ថា តំបន់​ទីប្រជុំជន​គឺជា​កន្លែង​ប្រមូលផ្ដុំ​ឥណទាន​ច្រើន​ជាងគេ ក្នុង​នោះ​មាន​ដូច​ជា រាជធានី​ភ្នំពេញ​, កំពង់ចាម​, កណ្ដាល​, ត្បូងឃ្មុំ​, សៀមរាប និង​ខេត្តបាត់ដំបង ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ