ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​បង្កបាតុភាពកាន់តែ​ច្រើន​ឡើង​ៗ​… ​លើកនេះសូម្បី​លោក​​អភិបាលខេត្ត​​​ក៏ដេកមិន​​​​​​​​លក់​ដែរ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​មាត់សមុទ្រ​ខ្មែរ​ ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ កំពុង​តែ​ត្រូវ​បាន​បង្ក ឱ្យ​មាន​បាតុភាព​ជា​បន្តបន្ទាប់​ ពី​សំណាក់​ជនជាតិ​ចិន ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ បង្ក​ភាព​អនាធិប​តេយ្យ​​ប​ង្រា្ក​ប​មិន​ចេះ​អស់…

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​មាត់សមុទ្រ​ខ្មែរ​ ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ កំពុង​តែ​ត្រូវ​បាន​បង្ក ឱ្យ​មាន​បាតុភាព​ជា​បន្តបន្ទាប់​ ពី​សំណាក់​ជនជាតិ​ចិន ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ បង្ក​ភាព​អនាធិប​តេយ្យ​​ប​ង្រា្ក​ប​មិន​ចេះ​អស់ ។

រឿង​ដែល​ចាប់អារម្មណ៍​នោះ​ម្តងនេះ​ លោក យន្ត មីន អភិបាលខេត្ត​ក៏​ដេក​មិន​លក់​ដែរ បាន​ចេញ​មុខ​ទៅ​ជួយ​ប​ង្រា្ក​ប​ទាំង​កណ្តាលអធ្រាត្រ ប្រៀប​ដូច​ជួយ​ពង្រឹង​កងកម្លាំង​ឱ្យ​កាន់តែ​ក្លាហាន ។ នគរបាល​ការិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឆ្មក់​ចូល​ក្លឹ​បរា​ត្រី​ខារ៉ាអូខេ សុ​ី​តុង​ហ្វា​ង របស់​ជនជាតិ​ចិន​មួយ​កន្លែង​ជា​ទ្រង់ទ្រាយ​ធំ វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​២៦ សីហា ដែល​ជាទី​តាំង​សេព​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ​ ដោយ​បាន​ឃាត់ខ្លួន​ប្រុស​ស្រី​៦២​នាក់ ។ នេះ​ជា​ការ​បង្ក្រាប​លើក​ទី​២​ហើយរបស់​នគរបាល​ខេត្ត បន្ទាប់​ពី​ឆ្មក់​បង្ក្រាប​នៅ​រង្គសាល​បារ​ឌី​ស្កូ​ស្តាយ​ឡាញ​កាលពី​ថ្ងៃ​១៦ សីហា កន្លង​​មក ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ដឹង​ថា នៅ​វេលា​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៦ សីហា ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់ ពី​លោក កៀង ស​ន្ទ​រោ ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​និង​ចូលរួម​បញ្ជា​ដឹកនាំ​ដោយ លោក យន្ត មីន អភិបាលខេត្ត​និង​លោក​ផ្ទាល់​ផង​នោះ កម្លាំង​នគរបាល​ការិយា​ល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​ឆ្មក់​ចូល​ត្រួតពិនិត្យ និង​ឆែកឆេរ​នៅ​ក្នុង​ក្លឹ​បរា​ត្រី​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ​(​សុ​ី​តុង​ហ្វា​ង​)​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ របស់​ជនជាតិ​ចិន ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សរុប​ទាំងអស់​ចំនួន​៦២​នាក់ ក្នុង​នោះ​ស្រី​១៥​នាក់ ម្ចាស់​អាជីវកម្ម​ម្នាក់ មេការ​ម្នាក់ អ្នក​ជួញដូរ​ម្នាក់ និង​ភ្ញៀវ​មក​កម្សាន្ត​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ក្លឹ​ប​នេះ​ចំនួន​៥៩​នាក់ ។ លទ្ធផល​បឋម កម្លាំង​សមត្ថកិច្ច​នគរ​បាល​បាន​ដកហូត​វត្ថុ​តាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថា្ល​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២២​កញ្ចប់​តូច និង​១​កញ្ចប់​ធំ បន្ទះ​ឈើ (​ជ្រុ​ញ​) សម្រាប់​ហិត​១៥​បន្ទះ ។ ថ្នាំ​ញៀន​កេ​ត​តា​មីន ប្រភេទ​ទឹក (ketamine)​ចំនួន​១​ដប ។ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១​កំប៉ុង​តូច និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១​កំប៉ុង​ធំ ។

ជុំវិញ​ការ​បង្ក្រាប​នេះ ​កម្លាំង​នគរបាល​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វី​ធី​ច្បាប់ ។ លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សុ​ផាត ស្នងការ​រង​ទទួល​ការងារ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ប្រតិបត្តិ​របស់​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ បាន​ធ្វើ​ឡើងជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចំនួន​២​ករណី​មក​ហើយ ដែល​លើក​ទី​១​ការ​ឆ្មក់​ចូល​បង្ក្រាប​នៅ​រង្គសាល​(​បារ​ឌី​ស្កូ​)​ស្កា​យ​ឡាញ​កាលពី​ថ្ងៃ​ទី​១៦ សីហា កន្លង​មក និង​លើក​ទី​២​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា កម្លាំង​នគរបាល​ជំនាញ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ជា​ប្រចាំ​ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​.​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​យើង និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែល​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​មាត់សមុទ្រ​នេះ ។

ក្នុង​ហេតុការណ៍​មុន​នេះ​ដែរ ទាក់ទិន​និង​ក្រុម​ជនជាតិ​ចិន​កាលពី​យប់​ថ្ងៃ​២៤ សីហា នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​បន្ថែម​ទៀត ខណៈ​ដើរ​ចែកចាយ​រូបភាព​អាសអាភាស​ក្នុង​បំណង​ជួញដូរ​ផ្លូវភេទ ដោយ​យក​រូប​ស្រី​ចិន​សាច់​សខ្ចី​ធ្វើ​នុយ ។

តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់​បាន​ដើរ​ចែកចាយ​ខិត្តប័ណ្ណ​មាន​រូប​អាសអាភាស​ផ្សព្វផ្សាយ​ពី​ការ​លក់ដូរ​ផ្លូវភេទ ។

ក្នុង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​ដកហូត​ទូរស័ព្ទ​៤​គ្រឿង ខិត្តប័ណ្ណ​មាន​រូប​អាសអាភាស​ចំនួន​៦៨៤​សន្លឹក និង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង ។ នគរបាល​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​អ្នក​ទាំង​៤​ទៅ​តុលាការ ។

កាលពី​ថ្ងៃ​ទី​១២ សីហា សមត្ថកិច្ច​អាជ្ញាធរ​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​២៩​នាក់ ពាក់ព័ន្ធ​នឹង​ការ​ចែក​ខិត្តប័ណ្ណ​រូប​អាសអាភាស ហើយ​ក្នុង​ចំណោម​នោះ​៧​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ ចំណែក​អ្នក​ផ្សេង​ទៀត​​ ក្រោយ​ពេល​អប់រំ​ក៏​បាន​ដោះ​លែង​វិញ ។នគរបាល​ជាតិ​ឱ្យ​ដឹង​ទៀត​ថា ជនបរទេស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៨ មាន​២៥​សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ច្រើន​ជាងគេ​មាន​២៥៧​នាក់ បន្ទាប់​មក​នី​ហ្ស៊េ​រី​យ៉ា​៣៧​នាក់ វៀតណាម​១៤​នាក់​និង​ជនជាតិ​ផ្សេង​ៗ​បន្តបន្ទាប់​ទៀត ៕ ​

អត្ថបទសរសេរ ដោយ