ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ណា​ដល់​ណី​ហើយ​…​រឿង​ចោរប្លន់​ធនាគារកណ្តាល​ក្រុងភ្នំពេញ​ថ្ងៃមុន?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ចោរប្លន់​ធនាគារ​កាលពី​ស​ប្តា​ហ៍​មុន រហូត​មក​ដល់​ដើម​ស​ប្តា​ហ៍នេះ នៅ​តែ​មិន​ទាន់​មាន​ជនសង្ស័យ​ណា​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ។ ក្រោយ​ពី​កើត​មានករណី​ចោរ​ប្រដាប់​អាវុធ​ខ្លី​គ្រប់​ដៃ​មួយ​ក្រុម​សង្ស័យមាន​គ្នា​ពី​៥​ទៅ​៦​នាក់ ធ្វើ​សកម្មភាព​ចូល​ប្លន់​ប្រាក់នៅ​ក្នុង​ធនាគារ អ​អេ​ច​ប៊ី…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ចោរប្លន់​ធនាគារ​កាលពី​ស​ប្តា​ហ៍​មុន រហូត​មក​ដល់​ដើម​ស​ប្តា​ហ៍នេះ នៅ​តែ​មិន​ទាន់​មាន​ជនសង្ស័យ​ណា​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ។

ក្រោយ​ពី​កើត​មានករណី​ចោរ​ប្រដាប់​អាវុធ​ខ្លី​គ្រប់​ដៃ​មួយ​ក្រុម​សង្ស័យមាន​គ្នា​ពី​៥​ទៅ​៦​នាក់ ធ្វើ​សកម្មភាព​ចូល​ប្លន់​ប្រាក់នៅ​ក្នុង​ធនាគារ អ​អេ​ច​ប៊ី ឥ​ណ្តូ​ឆៃ​ណា សាខា​ម៉ៅ​សេ​ទុង អស់ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ហើយ​ក្រុម​ចោរ​ទាំងនោះ​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ទាំង​កណ្តាល​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​២៣ ​សីហា មក​ដល់​ពេល​នេះ​ ហាក់បីដូចជា​បាត់​ស្ងាត់ឈឹង​គ្មាន​ពន្លឺ​អ្វី​បន្តិចឡើយ តែ​ក្រុម​សមត្ថកិច្ច​នៅ​តែ​បន្ត​ចុះ​មក​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព នៅ​ក្នុង​ធនាគារ និង​បរិវេណ​ជុំវិញ​កន្លែង​កើត
ហេតុ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​មួយ​រូប​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ចុះ​ទៅធ្វើការ​ត្រួត​ពិនិត្យ និង​ស្រាវជ្រាវ​តាម​រយៈ​កា​មេរ៉ា​សុវត្ថិភាព ដែល​បាន​បំពាក់​នៅ​ក្នុង​ធនាគារ អ​អេ​ច​ប៊ី ឥ​ណ្តូ​ឆៃ​ណា
និង​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង ។ សកម្មភាព​នេះ គឺដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ស្លាកស្នាម និង​អត្ត
សញ្ញាណ​របស់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មានគ្នា​ប្រមាណ​៥​ទៅ​៦​នាក់ ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ ម៉ូតូ​យ៉ា​ម៉ា​ហា EXCITER ចំនួន​២​ទៅ​៣​គ្រឿង ។

ប្រភព​ដដែល​បន្ត​ថា កាលពី​វេលា​ថ្ងៃត្រង់ថ្ងៃ​ទី​២៣ ខែសីហា ចោរ​មួយ​ក្រុម​មាន​គ្នា​ប្រមា​ណ​៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​២​ទៅ​៣​គ្រឿង ប្រដាប់​ដោយ​អាវុធ​ខ្លី​៣​ទៅ​៤​ដើម បាន​សម្រុកចូល​ទៅ​ក្នុង​អគារ​ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា សាខា​ម៉ៅ​សេ​ទុង ស្រប​ពេល​មិន​មាន​មនុស្ស​ច្រើន ព្រោះ​ជា​ម៉ោង​សម្រាក បុគ្គលិក​ភាគច្រើន​ចេញ​​ទៅ​រក​ហូប​បាយ ។

បើ​តាម​បុរស​ចំណាស់​ម្នាក់​ជា​សន្តិសុខ​និយាយ​ថា មាន​បុគ្គលិក​ប្រមាណ​៥​ទៅ​៦​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​អគារ​និង​អតិថិជន​ម្នាក់ ។ ពេល​គាត់​ឃើញ​ពួក​គេ​ពាក់មួក​ដើរ​ចូល​ក៏​ប្រាប់​ឱ្យ​ដោះមួក ស្រាប់តែ​ពួក​គេ​ចាប់​ក្រៀក​គាត់​ចូល​ទៅ​ខាងក្នុង​ធនាគារ និង​ចូល​ទៅ​ភ្ជង់​ក្រុម​បុគ្គលិក​យកលុយ​ដាក់​ក្នុង​សាក់​កាដូ រួច​ហើយ​ក៏​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។

តាម​រយៈ​សកម្មភាព​ដែល​ថត​បាន​ដោយ​កាមេ​រ៉ា​សុវត្ថិភាព​បង្ហាញ​ថា ក្រុម​ចោរ​ទាំងនេះសុទ្ធតែ​ជា​ចោរ​មាន​ជំនាញ​ទាំងអស់ និង​ហាក់បីដូច​ជា​បាន​រៀបចំ​ផែនការ​ទុកជា​មុន​យ៉ាង​ល្អិតល្អន់​ជាទី​បំផុត ដែល​ម្នាក់​ៗ​សុទ្ធ​តែ​ស្លៀកពាក់​ខោអាវ​វែង​ៗ ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់ ពាក់​ស្រោមដៃ និង​មាន​ទាំង​សាក់​កាដូ​ជាប់​ខ្លួន​គ្រប់​គ្នា​ផង​ដែរ ។ ចំណែក​ម៉ូតូ​របស់​ពួក​គេ​វិញ គឺ​សុទ្ធតែ​ជា​ប្រភេទ​ម៉ូតូ​ស៊េរី​ទំនើប​ថ្មី​បំផុត ម៉ាក​យ៉ា​ម៉ា​ហា EXCITER ជា​ភេទ​ម៉ូតូ​ប្រណាំង មាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង ប្រើ​អំ​ប្រ៊ី​យ៉ា មាន​ល្បឿន​លឿន និង​ងាយស្រួល​ក្នុង​ការ​ជិះ​គេចខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ចោរប្លន់​ធនាគារ​ដ៏​កក្រើក​នេះ​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​មហាជន​ទូទៅ ក៏​ដូច​ជា​កម្លាំង​មានសមត្ថកិច្ច​គ្រប់​ស្ថាប័ន ។នេះ​ជា​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ករណី​បែប​នេះ​កើតឡើង ហើយក៏​មិន​មានការ​បញ្ជាក់​អំពី​ព័ត៌មាន​ណាមួយ​ច្បាស់លាស់​អំពី​សំណាក់​កម្លាំង​មាន​សម្ថ​កិច្ច ក៏​ដូច​ខាង​ធនាគារ​ដែរ ដោយ​ជំហាន​ដំបូង​ពួក​គាត់​ខ្លះ​អះអាង​ថា ក្រុម​ចោរ​មាន​គ្នា​ចំនួន​៣​ទៅ​៤​នាក់ និង​ខ្លះ​ទៀត​ថា​មាន​គ្នា​ពី​៤​ទៅ​៥​នាក់ និង​មួយចំនួន​ទៀត​ថា មាន​គ្នា​ពី​៥​ទៅ​៦​នាក់ ។

ចំណែកឯ​ទឹកប្រាក់​ដែល​បាត់បង់​ក៏​មិនដឹង​ពី​ចំនួន​ប៉ុន្មាន​ច្បាស់លាស់​ដែរ ដោយ​គ្រាន់តែ​ប្រាប់​ថា មាន​ជាង​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។ ឯ​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ សមត្ថកិច្ច​ខ្លះ​អះអាង​ថា មាន​ម៉ូតូ​ចំនួន​២​គ្រឿង និង​ខ្លះ​ទៀត​ថា​៣​គ្រឿង តែ​ទោះបីជា​យ៉ាងណា​កម្លាំង​មាន​សម្ថ​កិច្ច​យ៉ាងច្រើន​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​ស្រាវ​ជ្រាវ ចំណែកឯ​ធនាគារ​ខាងលើ​ក៏​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ