ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ដាច់​ស្រយាល​មួយ​សិស្ស​គ្មាន​សាលា​រៀន រៀន​ក្រោម​គុម្ពឫស្សី​៣ឆ្នាំ​ហើយ​ជាមួយគ្រូស្ម័គ្រ​ចិត្ត​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្ស​ជា​ច្រើន​នាក់​នៅ​ភូមិ​ដាច់​ស្រយាល​មួយ ដោយសារ​គ្មាន​សាលារៀន​និង​គ្រូ​គ្រប់គ្រាន់ អ្នកស្រុក ត្រូវ​បង្ខំចិត្ត​ឲ្យ​កូនចៅ​រៀន​នៅ​ក្រោម​គុម្ព​ឫស្សី​ជាមួយ​អ្នកគ្រូ​ស្ម័គ្រចិត្ត​ម្នាក់ ។ បើ​មេឃ​មិន​ប្រណី​ទេ គឺ​ត្រូវ​រៀន​ក្នុងផ្ទះ​អ្នកស្រុក​ដែល​ម្ចាស់​មិន​នៅ តែបើ​មេឃ​ស្រឡះ​គឺ​រៀន​នៅ​ក្រោម​គុម្ព​ឫស្សី​ជា​ប្រចាំ…

ខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្ស​ជា​ច្រើន​នាក់​នៅ​ភូមិ​ដាច់​ស្រយាល​មួយ ដោយសារ​គ្មាន​សាលារៀន​និង​គ្រូ​គ្រប់គ្រាន់ អ្នកស្រុក ត្រូវ​បង្ខំចិត្ត​ឲ្យ​កូនចៅ​រៀន​នៅ​ក្រោម​គុម្ព​ឫស្សី​ជាមួយ​អ្នកគ្រូ​ស្ម័គ្រចិត្ត​ម្នាក់ ។ បើ​មេឃ​មិន​ប្រណី​ទេ គឺ​ត្រូវ​រៀន​ក្នុងផ្ទះ​អ្នកស្រុក​ដែល​ម្ចាស់​មិន​នៅ តែបើ​មេឃ​ស្រឡះ​គឺ​រៀន​នៅ​ក្រោម​គុម្ព​ឫស្សី​ជា​ប្រចាំ ហើយ​ទិដ្ឋភាព​បែប​នេះ​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដែល​មើលទៅ​ពិតជា​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ ។

ទីតាំង​សាលា​ដ៏​កម្សត់​នេះ ស្ថិត​នៅ​ចំណុច​ព្រៃឫស្សី​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃដែល​មាន
​សិស្ស​ប្រុស​ស្រី​អាយុ​ចាប់ពី​១៥​ឆ្នាំ ចុះ​ជាង​៥០​នាក់ ។ ជួប​ផ្ទាល់​ជាមួយ​អ្នកស្រុក​ពួកគាត់​និយាយ​ថា កូន​ៗ​របស់​ពួក​គាត់​រៀន​ទាំង​លំបាក​បែប​នេះ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ហើយសាលា​មាន​២​ទីតាំង​ត្រូវ​ចល័ត ពោល​គឺ​បើ​មិន​មាន​ភ្លៀង​ទេ សិស្ស​ទាំងអស់​រៀន​ក្រោម​គុម្ព​ឫស្សី តែបើ​មាន​ភ្លៀង សិស្ស​ត្រូវ​នាំ​គ្នា​ទៅ​រៀន​ក្នុងផ្ទះ​មួយ​ដែល​ម្ចាស់​មិន​នៅ ។

បុរស​ចំណាស់​ម្នាក់​ជា​អតីត​គ្រូបង្រៀន​ស្ម័គ្រចិត្ត​មុនគេ តែ​បច្ចុប្បន្ន​សម្រាក​និង​មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ឈ្មោះ ជា វ៉ា​រិ​ន អាយុ​៥០​ឆ្នាំ និយាយ​ថា សិស្ស​ក្នុងភូមិ​របស់​គាត់​រៀន​ក្រោម​គុម្ព​ឫស្សី​ដូច​ឃើញជាក់ស្តែង​នេះ​៣​ឆ្នាំ​ហើយ ហើយ​សិស្ស​ក៏​ជួប​ការ​លំបាក​ខ្លាំង ព្រោះ​មក​ពី​ផ្ទះ​ត្រូវ​នាំ​គ្នា​ដើរ​កាត់​ព្រៃ​ទៅ​កាន់​សាលា ហើយ​បើ​នៅ​ខែវស្សា​សិស្ស​ត្រូវ​ដើរ​ឆ្លង​កាត់ទឹក​និង​ភក់ ។

គាត់​បន្ត​ថា សាលារៀន​ថ្ម​មាន​១​ខ្នង​ស្មើនឹង​៥បន្ទប់ គឺ​សាលា​បឋម​សិក្សា​ភ្នំ​យាយ​សំ ស្ថិត​នៅ​ភូមិ​ថ្មី ប៉ុន្តែ​មាន​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​ពី​ភូមិ​ពួក​គាត់​រស់នៅ ទើប​មិន​អាច​ឲ្យ​កូនចៅ​ទៅ​រៀន​នៅ​សាលា​ខាងលើ​បាន ព្រោះ​រដូវវស្សា​មាន​ជំនន់​ទឹកភ្លៀង ឯ​រដូវប្រាំង​ត្រូវ​ដើរ​កាត់​ព្រៃ​មិន​មាន​សុវត្ថិភាព ពោល​គឺ​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ឡើយ ។

អ្នកគ្រូ យិ​ន ចិន្តា អាយុ​៣៩​ឆ្នាំ ដែល​ជា​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​សិស្ស​នៅ​ចំណុច​ខាងលើនិយាយ​ថា មិនមែន​តែ​សិស្ស​ទេ​ដែល​ជួប​ការលំបាក រូប​គាត់​ក៏​ដូច​គ្នា​ដែរ ត្រូវ​ដើរ​កាត់​ព្រៃ​ទៅ​បង្រៀន​សិស្ស​ព្រឹកល្ងាច​ចម្ងាយ​ដី​ជិត​២​គីឡូម៉ែត្រ ដែល​កន្លែង​ខ្លះ​ជា​ផ្លូវ​មាន​បន្លា​ហើយ​បើ​ខែវស្សា​វិញ កន្លែង​ខ្លះ​ត្រូវ​ឆ្លង​ទឹក​សើម​អស់
សម្លៀក​បំពាក់​ក៏​មាន​ដែរ ។

ជុំវិញ​ករណី​នេះ លោក គង់ សា​រឿ​ន នាយកសាលា​បឋម​សិក្សា​ភ្នំ​យាយ​សំ ប្រាប់​តាម​ទូរស័ព្ទថា ករណី​ខាងលើ​គឺ​ពិតជា​មាន​មែន ។ លោក​បន្ត​ថា ជា​ការ​ពិត សាលា​របស់​គាត់​មាន​៥​បន្ទប់មាន​គ្រូ​២​នាក់ ជា​គ្រូ​កិច្ចសន្យា​និង​មាន​សិស្ស​១០៧​នាក់​(​ស្រី​៥១​នាក​) រៀន​ទាំង​ព្រឹក​ទាំង​ល្ងាច​។ សាលា​នៅ​ខ្វះ​សិស្ស​នៅឡើយ ប៉ុន្តែ​សិស្ស​ដែល​ជួប​ការ​លំបាក​ហើយ​រៀន​នៅ​ក្រោម​គុម្ព​ឫស្សី​នោះ មិន​អាចម​ករៀន​ក្នុង​សាលា​លោកបាន​ទេ ព្រោះ​គ្មាន​ផ្លូវ​ហើយ​ដើរ​កាត់​ព្រៃ​និង​មាន​ចម្ងាយ​ដី​ជិត​៥​គីឡូម៉ែត្រ​ឯណោះ ។

យ៉ាងណា​ក៏​ដោយ លោកនាយក​សាលា​រូប​នេះ​អះអាង​ថា លោក​នឹង​ធ្វើ​របាយការណ៍​ពីស្ថិតិ​សិស្ស​ដែល​រៀន​ក្រោម​គុម្ព​ឫស្សី​នេះ និង​អ្នកគ្រូ យិ​ន ចិន្តា បញ្ជូន​ទៅ​ការិយាល័យ​អប់រំ​ស្រុក ដើម្បី​ឲ្យ​ថ្នាក់លើ​បានដឹង​និង​សុំ​ឲ្យ​អ្នកគ្រូ​ម្នាក់​នេះ​បាន​ទៅ​ជា​គ្រូ​កិច្ចសន្យា​នៅ​សាលា​របស់​លោក ប៉ុន្តែ​បង្រៀន​នៅ​កន្លែង​ដដែល ពិសេស​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នកគ្រូ ។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សិស្សានុសិស្ស​និង​អ្នកគ្រូ យិ​ន ចិន្តា បាន​ធ្វើការ​អំពាវនាវ​សុំ​ថ្នាក់លើ​មេត្តា​ជួយ ៖
ទី​១-​សុំ​អគារសិក្សា​១​ខ្នង ដើម្បី​ឲ្យ​ទំពាំង​ស្នងឫស្សី​នៅ​ក្មេងខ្ចី​ពេញ​ភូមិ បាន​រៀនសូត្រ និង
ទី​២-​ផ្លូវ​ដែល​បច្ចុប្បន្ន​ពួក​គាត់​កំពុង​ជួប​ការ​លំបាក ។

គួរ​បញ្ជាក់​ថា ពី​ផ្លូវជាតិ​លេខ​៥៩​ឆ្ពោះទៅ​ចំណុ​ច​ព្រៃ​ឫស្សី​ក្នុងភូមិ​ខាងលើ និង​ទៅ​ចំណុចផ្សេង​ៗ​ទៀត​មាន​ចម្ងាយ​ជិត​២​គីឡូម៉ែត្រ ពលរដ្ឋដែល​ឆ្លងកាត់​ទៅ​ផ្លូវជាតិ​ឬ​ទៅ​ផ្សារ​ដើម្បី​ទិញម្ហូបអាហារ ឬ​ទៅ​ពេទ្យ​ត្រូវ​ជិះ​គោ​យន្ត​ឬ​រថយន្ត​ដឹក​កសិផល ព្រោះ​បើ​មាន​ភ្លៀង​ធ្លាក់​មិន​អាច​ដើរ​ឬ​ជិះ​ម៉ូតូ​បាន​ទេ ដោយសារ​រអិល​និង​និង​មាន​ជង្ហុក​ធំ​ៗ ពោល​គឺ​ដងផ្លូវ​មាន​តែ​ដី គ្មាន​ក្រួសនិង​ថ្ម​ឡើយ ។

គួរ​រំឭក​ថា កាលពី​ជាង​១​ខែ​មុន មានគ្រួសារមួយ​រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ពេល​ឈឺពោះ​ឆ្លងទន្លេ ដោយ
សារ​តែ​ផ្លូវ​ពិបាក​ហើយ​រលាក់ ការ​ដឹក​ជញ្ជូន​យឺតយ៉ាវ ក៏​បាន​សម្រាល​កូនស្រី​លើ​គោ​យន្ត ហើយ​ឪពុក​ម្តាយ​បាន​ដាក់​ឈ្មោះ​កូន​ថា សា​យ័ន ។

ដោយឡែក កាលពី​ថ្ងៃ​ទី​២៤ ខែសីហា មាន​ព្រះសង្ឃ​និង​គ្រហស្ថ​មួយ​ក្រុម​ទៅ​ពី​ក្រុង​ប៉ោយប៉ែ​ត បាន​ទៅ​កាន់​តំបន់​ដ៏​ក្រីក្រ​នេះ ដោយ​នាំ​យក​អំណោយ​ដែល​បាន​មក​ពី​សប្បុរសជន​ទិញជា​នំ​បុ័ង និង​ធ្វើ​ម្ហូបអាហារ​ឲ្យ​សិស្សានុសិស្ស​បាន​ទទួលទាន​រួម​គ្នា​ផង​ដែរ ។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា ការ​ទៅ​យក​ព័ត៌មាន​នេះ​បាន​ជួល​គោ​យន្ត​គេ​ជិះ​លើ​ផ្លូវ​ដ៏​សែន​លំបាក​ដោយ​ប្រើ​ពេល​៣​ម៉ោង​ទើប​ទៅ​ដល់​កន្លែង​ដែល​តម្រូវ​ឱ្យ​ចុះ​ដើរ ហើយពី​កន្លែង​ចុះ​ត្រូវ​ដើរ​កាត់​ព្រៃ​ជិត​១​ម៉ោង​ទៀត​ទើប​ទៅ​ដល់​ភូមិ​ដែល​សិស្ស​រៀន​ក្រោម​គុម្ព​ឫស្សី​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ