ការសិក្សាមួយដែលពិសោធលើបុរសវ័យខ្ទង់២០ឆ្នាំប្រមាណ១ពាន់នាក់បង្ហាញថា បញ្ហាដំណេក (ដេកមិនគ្រប់គ្រាន់) អាចធ្វើឱ្យសមត្ថភាពផ្តល់កំណើតរបស់បុរសវ័យក្មេងថយចុះដោយចំនួនមេជីវិតរបស់ពួកគេបានធ្លាក់ចុះដល់ទៅ១ភាគ៣ ។ ឯទំហំពងស្វាសដែលមាននាទីផលិតមេជីវិតក៏តូចជាងមុនផងដែរ ។
ការពិសោធន៍ដែលធ្វើឡើងដោយសាកលវិទ្យាល័យ University of Southern Denmark ប្រទេសដាណឺម៉ាកបានបង្ហាញបន្ថែមទៀតថា បុរសដែលជារឿយៗចូលដេកខកពេល រមែងភ្ញាក់ជាច្រើនដងក្នុងមួយយប់ៗឬពិបាកដេកឱ្យលក់វិញនៅកន្លែងដដែលមានបរិមាណមេជីវិតថយចុះ២៥ភាគរយធៀបនឹងបុរសដែលគ្មានបញ្ហាដំណេក ។ចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ American Journal Of Epidemiology អ្នកនិពន្ធអត្ថបទស្រាវជ្រាវបានរៀបរាប់ថា៖ «អំឡុង២-៣ទសវត្សមកនេះ ហ្វ្រេកង់នៃភាពរំខានដល់ដំណេកបានកើនឡើងខ្ពស់ក្នុងប្រទេសឧស្សាហកម្ម ។ លទ្ធផលនៃការសិក្សានេះអាចបង្ហាញឱ្យឃើញពីភាពស្មុគស្មាញលើបញ្ហាសុខភាពសាធារណៈ»។
យ៉ាងណាក៏ដោយ អ្នកនិពន្ធអត្ថបទនៅមិនទាន់បញ្ជាក់ឱ្យច្បាស់ពីមូលហេតុដែលដំណេកមិនគ្រប់គ្រាន់ប៉ះពាល់ដល់កម្រិតមេជីវិតបុរសនោះទេ ។
ដោយឡែក របបអាហារនិងបែបបទនៃការរស់នៅមិនល្អគួបផ្សំនឹងបរិស្ថានក៏ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពផ្តល់កំណើតរបស់បុរសផងដែរ ៕
ចែករំលែកព័តមាននេះ