រាជធានីភ្នំពេញ ៖ ក្រោយពេលបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅទឹកដីខេត្តកំពតកាលពីពេលថ្មីៗនេះ អ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមខ្ពស់ទៅលើតម្លៃដីធ្លីក្នុងខេត្តនេះ នឹងកើនឡើងជា២ឬជា៣ដងឯណោះ ខណៈវិនិយោគិនចិនមួយចំនួនកំពុងចងមុងដេកចាំវិនិយោគរួចស្រេចទៅហើយ រង់ចាំតែឱកាសរបស់ពួកគេមកដល់ប៉ុណ្ណោះ ។
ស្ថាបនិក និងជាប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Blue Star Realty លោក កែវ សុជាតិ បានឲ្យដឹងថា រយៈពេលពីរបីឆ្នាំចុងក្រោយនេះ ការវិនិយោគក្នុងខេត្តកំពតហាក់មានភាពប្រសើរឡើងជាងមុន ដោយក្នុងនោះមានទាំងវិនិយោគិនក្នុងស្រុកនិងបរទេស បានចូលមកស្វែងរកទិញដីត្រៀម ដើម្បីវិនិយោគនៅពេលអនាគត ។
លោកសុជាតិនិយាយថា ៖« បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួននៅក្នុងខេត្តកំពតចាប់ផ្ដើមដំណើរការ ដូចជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលបានចាប់ផ្ដើមសាងសង់នោះ បានធ្វើឲ្យអ្នកវិនិយោគហាក់បង្ហាញពីភាពជឿជាក់ និងបន្ថែមការបណ្ដាក់ទុនកាន់តែច្រើនមកលើខេត្តកំពត » ។ លោកថា ៖« នៅថ្ងៃអនាគត តម្លៃដីធ្លីក្នុងខេត្តនឹងឡើងថ្លៃ២ឬ៣ដងថែមទៀត ខណៈតម្លៃដីធ្លីបច្ចុប្បន្ននេះវាបានខ្ពស់ស្រាប់ទៅហើយ បើធៀបនឹងកាលពីប្រមាណ៥ឆ្នាំមុន »។
លោកបន្ដថា សព្វថ្ងៃនេះ គេឃើញមានវិនិយោគិនបរទេសជាច្រើន ពិសេសវិនិយោគិនចិន បានមកចងមុងចាំវិនិយោគស្រាប់ទៅហើយ ស្របពេលការវិនិយោគក្នុងខេត្តព្រះសីហនុកំពុងមានសន្ទុះខ្លាំង ហើយវិនិយោគិនទាំងនោះអាចនិយាយថា បានហៀរពីខេត្តព្រះសីហនុមក ។
លោកនិយាយថា ៖« យើងបានពិនិត្យមើលលំហូរអ្នកវិនិយោគជនជាតិចិន ឃើញមកជួលសណ្ឋាគារ និងផ្ទះសំណាក់ច្រើននៅខេត្តកំពត ដើម្បីរង់ចាំឱកាសវិនិយោគនៅពេលវេលាមកដល់ ។ អីចឹង ខ្ញុំគិតថា កំណើនដីធ្លីក្នុងខេត្តនេះ នឹងកើនឡើងបន្តទៀត»។
អ្នកគ្រប់គ្រងក្រុមហ៊ុន Kampot Property និងជាភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពត លោក សុខ គែន ក៏បានឲ្យដឹងដែរថា កាលពីគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិប្រកាសវិនិយោគ បានធ្វើឲ្យតម្លៃដីធ្លីឡើងថ្លៃម្ដងរួចមកហើយ ។ ជាក់ស្ដែងពីមុន តម្លៃដីធ្លី ១ម៉ែត្រការ៉េ ត្រឹមតែប្រមាណ៣០ដុល្លារប៉ុណ្ណោះ តែក្រោយពេលចាប់ផ្ដើមសាងសង់កំពង់ផែនេះ បានធ្វើឲ្យតម្លៃដីធ្លីហក់ឡើងដល់ជាង១០០ដុល្លារក្នុង១ម៉ែត្រការនៅតំបន់ជិតនោះ ។
លោកបន្តថា សក្ដានុពលសម្រាប់ទឹកដីខេត្តកំពតទាំងបច្ចុប្បន្ន និងអនាគតដែលសំខាន់នោះ គឺវិស័យទេសចរណ៍ ដូចនេះហើយអ្នកវិនិយោគដែលមកបណ្ដាក់ទុនក្នុងខេត្តនេះភាគច្រើន គឺលើវិស័យទេសចរណ៍ដែរ ក្នុងនោះ មានអ្នកបោះទុនទិញដីសម្រាប់ត្រៀមសង់ជាផ្ទះលំហែកាយ ជារីសត និងបឹងហ្កាឡូជាដើម ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសនៅពេលគម្រោងកំពង់ផែអន្តរជាតិត្រូវបានសាងសង់រួចហើយ ។
លោកបន្ថែថា ៖« ក្រៅពីនេះ បច្ចុប្បន្នយើងឃើញក្រុមវិនិយោគិនចិនបានត្រៀមដីសម្រាប់អភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចថ្មីមួយ ដែលនៅមិនឆ្ងាយពីកំពង់ផែទេសចរណ៍អន្តរជាតិនេះ ។ ដូច្នេះហើយទើបយើងអាចវាយតម្លៃ និងរំពឹងខ្ពស់ពីសកម្មភាពជួញដូរ និងតម្លៃដីធ្លីក្នុងខេត្តនេះកាន់តែមានសន្ទុះខ្លាំងឡើង » ។
បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត ក៏កំពុងតែចាប់ផ្ដើមពង្រីកបន្ថែមទៀត ដើម្បីឲ្យការធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៅមកភ្នំពេញ-កំពត កាន់តែងាយស្រួល ។ ជាមួយគ្នានេះ គម្រោងធំៗរបស់វិស័យឯកជនជាច្រើន ក៏បានប្រកាសផែនការអភិវឌ្ឍន៍នៅទីនោះដែរ ដូចជា កំពង់ផែទឹកជ្រៅរបស់ក្រុមហ៊ុនទ្រីភាព គ្រុប ដែលសហការជាមួយវិនិយោគិនចិន , គម្រោងអភិវឌ្ឍន៍ French Riviera Marina របស់ក្រុមហ៊ុន Pallas Groupជាដើម ។
អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោក វ៉ា វីរៈ បានថ្លែងកន្លងមកថា ខេត្តកំពតកំពុងមានសន្ទុះខ្លាំងទាំងវិស័យទេសចរណ៍ និងអចលនទ្រព្យ ។
លោកបន្ដថា ៖« កំពតជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រោះមានដងព្រែកយ៉ាងស្រស់ស្អាត និងភ្នំបូកគោ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរខ្លាំងជាងគេ ហើយភ្ញៀវទេសចរនឹងកាន់តែចូលមកទស្សនាច្រើនថែមទៀត ស្របពេលយើងមានផ្លូវល្បឿនលឿនងាយស្រួលសម្រាប់អ្នកធ្វើដំណើរទៅកម្សាន្ត » ។
បើតាមលោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានមានប្រសាសន៍ជាសាធារណៈទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តកំពតថា ពេលនេះ តម្លៃដីធ្លីខេត្តកំពតកំពុងតែឡើងថ្លៃ គួរកុំទាន់លក់ដីនៅពេលនេះ ដោយរង់ចាំបន្តិចទៀតសិន ហើយលោកជឿថា តម្លៃធ្លីនៅខេត្តកំពតនឹងបន្តឡើងថ្លៃបន្ថែមទៀត ស្របពេលបណ្ដាវិនិយោគិនជាច្រើនទាំងក្នុង និងក្រៅស្រុក កំពុងតែសម្លឹងមកកាន់ខេត្តកំពត ។
សន្ទុះទីផ្សារអចលនទ្រព្យនៅខេត្តកំពតចាប់ផ្ដើមកម្រើកឡើង គឺបន្ទាប់ពីតម្លៃដីធ្លី និងការអភិវឌ្ឍវិស័យសំណង់នៅខេត្តព្រះសីហនុបានឈានដល់ចំណុចខ្ពស ។
ចក្ខុវិស័យនៅថ្ងៃអនាគត ខេត្តជាប់មាត់សមុទ្រទាំងអស់របស់កម្ពុជា នឹងមានការរីកចម្រើនខ្លាំងដោយសារផលប្រយោជន៍នៃគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ប្រទេសចិន ដែលបានកំណត់យកខេត្តជាប់សមុទ្រទាំង៤ខេត្តជាផ្លូវសូត្រ ដែលជាផ្លូវស្របតាមមាត់សមុទ្រពីខេត្តកោះកុង រហូតដល់ខេត្តកែប ដែលអាចនឹងចាប់ផ្តើមស្ថាបនានៅពេលអនាគត ៕
ចែករំលែកព័តមាននេះ