ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន​ពីរ​ដែល​រង​គ្រោះ​ពី​ជំនន់​ទឹកទន្លេ​មេគង្គ កាលពី​ពេល​ថ្មី​ៗ​នេះ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ សីហា ២០១៨ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​នាំ​យក​ថវិការ​ចំនួន​៦៨…

ខេត្តមណ្ឌលគិរី ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ សីហា ២០១៨ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​នាំ​យក​ថវិការ​ចំនួន​៦៨ ២០០ ០០០​រៀល ជូន​ដល់​រដ្ឋបាល​ខេត្តស្ទឹងត្រែង ដើម្បី​ទិញ​អង្ករ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយសារ​ការ​ជន់​លិច​ផ្ទះសម្បែង​ក្នុង​ខេត្តស្ទឹងត្រែង ។

របាយការណ៍​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​០៧ សីហា ២០១៨ ថវិកា​ចំនួន​៦០ ៨០០ ០០០ រៀល បន្ថែម​ទៀត​ត្រូវ​បាន​ឯកឧត្តម ស្វាយ សំ​អ៊ា​ង នាំ​យក​ទៅ​ជូន​រដ្ឋបាល​ខេត្តក្រចេះ ដើម្បី​បន្ត​ទិញ​ស្បៀងអាហារ ទុក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រង​គ្រោះ​ដែល​លិចលង់ ដោយ​ទឹកទន្លេ​មេគង្គ ។

ឧត្តម​សេនី​យ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ឲ្យ​កោះសន្តិភាព​ដឹង​ថា «​ដោយសារ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ជា​ប្រចាំ ធ្វើ​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៧ ខ្នង ប្រក់ស​ង្ក័​សី និង​០២​ខ្នង ធ្លាក់​ពីលើ​ជើង​តាង និង​ប៉ើង​ដំបូល​នៅ​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក តែ​មិន​មាន​មនុស្ស​រង​របួស​ឡើយ​» ។ លោក​ឧត្តមសេនីយ៍​ស្នងការ​បន្ត​ថា «​ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ ដែល​អាច​កើតឡើង​ជាយថាហេតុ ពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​ដង​ទន្លេស្រែពក​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹកជំនន់ និង​បាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រៀម​រក​ទីទួល​សុវត្ថិភាព ដើម្បី​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ កើតឡើង ។ ចំពោះ​តំបន់​ខ្ពង់រាប និង​ទីប្រជុំជន​ផ្សេង​ៗ​ស្នើរ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​» ។

លោកស្នងការ​បញ្ជាក់​ថា​«​ដើម្បី​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ត្រៀមកម្លាំង​នគរបាល​ចំនួន​២០០ នាក់ រថយន្ត​ពេទ្យ​សង្គ្រោះ​០១​គ្រឿង រថយន្ត​នគរបាល​ចំនួន​០៦ គ្រឿង​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង​» ។

ទោះជា​យ៉ាងណា​គិត​ត្រឹម​ម៉ោង​២​នឹង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ សីហា ២០១៨ កោះសន្តិភាព​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ទេ ជុំវិញ​វិធានការ​បម្រុង​ទុក​របស់​រដ្ឋបាល​ខេត្ត​លើ​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ជួប​គ្រោះ​មហន្តរាយ​ដោយសារ​ធម្មជាតិ​ដែល​អាច​កើត​មាន​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ