កោះកុង​នឹង​មាន​កំណើន​ទេសចរបន្ទាប់​ពី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ


រាជធានី​ភ្នំពេញ ៖ កោះកុង​ជា​ខេត្ត​ជាប់ មាត់សមុទ្រ​មួយ​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ។ ខេត្ត​មួយ​នេះ មាន​សក្តានុពល​ទេសចរណ៍​ជា​ច្រើន​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក្នុង​នោះ​តំបន់​អេកូ​ទេសចរណ៍​អា​រ៉ែ​ង និង​ជី​ផាត់ មាន​សក្តានុពល​ខ្លាំង​ជាងគេ ដោយសារ​មានព្រៃ​ភ្នំ ទឹកជ្រោះ និង​តំបន់​វត្ថុ​បូរាណ​ជាដើម ។ ក្រៅពី​សហគមន៍​អេកូ​ទេសចរណ៍​ទាំង​ពីរ​នេះ ខេត្ត​នៅ​មាន​សក្តានុពល​ធម្មជាតិ​ជា​ច្រើន​កន្លែង​ទៀត ដូច​ជា​ប្រជុំ​កោះ​ដែល​កំពុង​បង្អួត​សម្រស់​រង់ចាំ​អ្នក​មក​ទស្សនា ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​អះអាង​ថា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ផ្លូវ​គមនាគមន៍ និង​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​រួច ខេត្ត​រំពឹង​នឹង​មាន​កំណើន​ភ្ញៀវ​ទេសចរ​យ៉ាង​គំហុក ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន «​កោះសន្តិភាព​» កាលពី​ពេល​ថ្មី​ៗ​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត កំពុង​ជំរុញ​ការ​ផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​ផ្លូវ​គមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​នឹង​មាន​កំណើន​ជា​បន្ដបន្ទាប់ ពិសេស​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ ខេត្ត​រំពឹង​នឹង​មាន​ភ្ញៀវ​ទេសចរ​ចូលរួម​ប្រហែល​ជាង​៣០​ម៉ឺន​នាក់ ។

លោក ប៊ុ​ន បៀ​វ ប្រធាន​មន្ទីរ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ៖« ការងារ​សំខាន់​របស់​យើង​នៅ​ពេល​នេះ​គឺ​រៀបចំ​កន្លែង​ស្នាក់​នៅ​, បង្គន់​អនាម័យ​ដោយសារ​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់់​របស់​យើង​នៅ​តិចតួច​ណាស់ ។ ជាមួយ​គ្នា​នេះ យើង​កំពុង​តែ​អភិវឌ្ឍន៍​ផ្លូវថ្នល់​សម្រាប់​ភ្ញៀវ​ទេសចរ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត »​។ លោក​បាន​បញ្ជាក់​ថា តំបន់​រមណីយដ្ឋាន​សំខាន់​ៗ ដែល​យើង​រំពឹង​ថា​នឹង​ទទួលភ្ញៀវ​ទេសចរ​ច្រើន​នោះ រួម​មាន រមណីយដ្ឋាន​ទឹកធ្លាក់​តា​ចាត​, ទឹកធ្លាក់​សិលា​មាន​ជ័យ​, ទឹកធ្លាក់​កោះ​ប៉ោ​, តំបន់​អា​រ៉ែ​ង តំបន់​ពាម​ក្រសោប​, ព្រៃកោងកាង និង​តំបន់​ជី​ផាត់​ជាដើម ។

បើ​ទោះបីជា​ខេត្ត​មាន​សក្ដានុពល​ទេសចរណ៍​ច្រើន តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​នោះ​គឺ​បច្ចុប្បន្ន​នេះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយ​ចំនួន​ត្រូវ​រង​ការ​ខូចខាត ដោយសារ​ទឹកជំនន់​លិចលង់​នៅ​តំបន់​មួយ​ចំនួន ដែល​ទាមទារ​ត្រូវ​ធ្វើការ​ជួសជុល​ឲ្យ​បាន​រួចរាល់ និង​ឆាប់រហ័ស ។

លោក ប៊ុ​ន បៀ​វ បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ ទាំង​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កំពុង​ខិតខំ​ធ្វើ​យ៉ាងណា​កែ​លម្អ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ខណៈ​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ដ​នៅ​ខេត្ត​មាន​ប្រមាណ​ជាង​២៣​ម៉ឺន​នាក់ ហើយ​រំពឹង​ថា នៅ​ឆ្នាំ​២០១៩ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​៤០​ម៉ឺន​នាក់ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ថា ខេត្តកោះកុង មាន​តំបន់​សក្ដានុពល​ទេសចរណ៍​ជា​ច្រើន ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ដ ។ ទោះ​យ៉ាងនេះ​ក្ដី លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ៖«​បញ្ហា​ប្រឈម​ដែល​នឹង​ត្រូវ​រៀបចំ​ដោះស្រាយ​ឲ្យ​រួចរាល់​នោះ​គឺ​ផ្លូវ​គមនាគមន៍​ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​គ្រោះ​ទឹកជំនន់ »​។

គួរ​រំឭក​ថា ខេត្តកោះកុង​នឹង​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៧ ក្នុង​ជុំ​ទី​២ នៅ​អំឡុង​ខែធ្នូ​ចុងឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​បាន​រៀបចំ​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៤​ប្រកបដោយ​ជោគជ័យ ។  សម្រាប់​ព្រឹត្តិការណ៍​បុណ្យ សមុទ្រ​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​រំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​ប្រមាណ​ជាង​៣០​ម៉ឺន​នាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ