ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​បរិស្ថាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចិញ្ចឹម​ពូជ​ជ្រូក​កណ្ដុរ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ជ្រូក​កណ្ដុរ​ជា​ពូជ​ជ្រូក​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃ តែ​វា​ខុស​ពី​ជ្រូកព្រៃ វា​មាន​រូបរាង​តូច​ៗ​និង​ជា​សត្វ​ងាយ​ចិញ្ចឹម ព្រមទាំង​ឈ្នះ​ជំងឺ​ផ្សេង​ៗ ។ ចំណី​របស់​វា​ដូច​ជា បាយ បបរ…

ខេត្តពោធិ៍សាត់ ៖ ជ្រូក​កណ្ដុរ​ជា​ពូជ​ជ្រូក​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃ តែ​វា​ខុស​ពី​ជ្រូកព្រៃ វា​មាន​រូបរាង​តូច​ៗ​និង​ជា​សត្វ​ងាយ​ចិញ្ចឹម ព្រមទាំង​ឈ្នះ​ជំងឺ​ផ្សេង​ៗ ។ ចំណី​របស់​វា​ដូច​ជា បាយ បបរ និង​បន្លែ​ផ្លែ​ឈើ​ជាដើម ។ ដោយសារ​វា​ជា​ពូជ​សត្វ​ងាយ​ចិញ្ចឹម មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ភ្នំ​ចូលរួម​ចិញ្ចឹម​ឲ្យ​បាន​ផុសផុល​ដើម្បី​បង្កើន​ចំណូល​ជីវភាព​គ្រួសារ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​ចិញ្ចឹម​ជ្រូក​កណ្ដុរ​(​ពូជ​ជ្រូក​ជនជាតិ​)​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២១ សីហា កន្លង​មក រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ចិញ្ចឹម​ជ្រូក​ប្រភេទ​នេះ និង​សត្វ​មាន់​ឲ្យ​បាន​ផុលផុស​ដើម្បី​បង្កើន​ចំណូល​សម្រាប់​ជីវភាព​គ្រួសារ ។ លោក​រដ្ឋមន្ត្រី ថ្លែង​ថា ៖« ការ​ចិញ្ចឹមសត្វ​ជ្រូក​កណ្តុរ និង​សត្វ​មាន់ ដែល​ទាំងនេះ​គឺជា​ផ្នែក​មួយ​សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​។ មិនតែប៉ុណ្ណោះ អាច​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុងស្រុក​ថែម​ទៀត »​។

លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់ ជា​ពិសេស​ពិនិត្យ​និង​សិក្សា​បន្ថែម​ទៀត​លើ​ជំនាញ និង​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹមសត្វ​ទាំងនេះ​ឲ្យ​មាន​សុខភាព​ល្អ និង​ទទួល​បាន​ទិន្នផល​ខ្ពស់ ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន លោក​ខៀវ បូ​រិ​ន បានឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​ចិញ្ចឹម​ជ្រូក​កណ្តុរ​នេះ​ឡើង គឺ​ដើម្បី​ផលិត​កូនជ្រូក​ចែក​ជូន​ប្រជា​កសិករ​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​នេះ​ជា​គោលដៅ​របស់​ក្រសួងបរិស្ថាន ។ លោក​អគ្គនាយក​បន្ត​ថា ៖« បន្ទាប់​ពី​ទទួល​បាន​គោលការណ៍​ក្រោយ​សន្និត​បាត​ក្រសួងបរិស្ថាន​កាលពី​ឆ្នាំ​២០១៧​មក អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន បាន​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ពូជ​នេះ​បាន​២​កន្លែង​ទាំង​នៅ​ទី​នេះ និង​មួយ​កន្លែង​ទៀត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​ជា​សហគមន៍​តំបន់ការពារធម្មជាតិ » ។

លោក​បន្ដ​ថា ៖«​ចាប់តាំងពី​ពេល​នោះ​មក យើង​បាន​ជំរុញ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ចិញ្ចឹម​ជ្រូក ដែល​អាច​ពឹងពាក់​លើ​ចំណី​ក្នុង ស្រុក និង​ការ​រីក​លូតលាស់​តាម​លក្ខណៈ​ធម្មជាតិ​។ មិនតែប៉ុណ្ណោះ​អាច​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ក្នុង​ការ​រក​ប្រាក់​ចំណូល​សម្រាប់​ជីវភាព​ថែម​ទៀត » ។ មជ្ឈមណ្ឌល​ចិញ្ចឹម​ជ្រូក​កណ្តុរ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ មា​នទី​តាំងនៅ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ មាន​ផ្ទៃដី​សរុប​ចំនួន​៣​ហិ​កតា ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​ចិញ្ចឹម​ជ្រូក​កណ្តុរ និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​បរិស្ថាន​ខេត្ត​នោះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ ក៏​បាន​អញ្ជើញ​ដាំ​កូន​ឈើ​ជា​និមិត្តរូប​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ