ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​បញ្ជា​ហើយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ចាប់​ជនល្មើស​ប្លន់​ធនាគារ RHB ឲ្យ​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​ដើម្បី​ទប់ស្កាត់ និង​ពិនិត្យ​បញ្ហា​សន្ដិសុខ​ឡើង​វិញ ក្រោយ​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​កណ្តាលថ្ងៃត្រង់ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ម្សិលមិញ ។ កិច្ចប្រជុំ​បន្ទាន់​នេះ​មានការ​ចូលរួម​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​រាជធានី និង​អភិបាល​ខណ្ឌ​ទាំង​១២​ផង​ដែរ ។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា តាម​បណ្តា​ខណ្ឌ​ត្រូវ​មាន​អ្នក​ប្រចាំ​បញ្ជា​ក្នុង​គោលដៅ​ចេញ​អន្តរាគមន៍​ភ្លាម​ៗ នៅ​ពេល​មាន​កើតហេតុ​ការណ៍​ណាមួយ​ជាយថាហេតុ​ឲ្យ​បាន​ទាន់​ពេល​បំផុត ។ លោក​អភិបាល​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ទាំងអស់​មិន​ត្រូវ​បន្ទោស​គ្នា​ទៅ​វិញ​មក ដាក់បន្ទុក​លើក​ស្ថាប័ន​ណាមួយ​នោះ​ទេ គឺ​ត្រូវ​រួម​សហការ​គ្នា ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ប្រកប​អាជីវកម្ម ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់ ដែល​ជា​កងកម្លាំង​មាន​សមត្ថកិច្ច ។

ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជារ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ និង​ព​ន្លឿ​ន​ក្នុង​ការ​ស៊ើបអង្កេត តាម​ចាប់ខ្លួន​ជនល្មើស​ប្លន់​ធនាគារ​ឲ្យ​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

គួរ​រំលឹក​ថា ថ្ងៃ​ទី​២៣ ខែសីហា ម្សិលមិញ​នេះ​មាន​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៥​នាក់ បាន​ចូល​ប្លន់​ធនាគារ​មួយ​ទាំង​កណ្ដាលថ្ងៃត្រង់​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ខណ្ឌចំការមន ដោយ​យក​អស់​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។ ខណៈ​ពេល​នេះ​កម្លាំង​សមត្ថ​កិច្ច​ជំនាញ​បាន​នឹង​កំពុង​សហការ​គ្នា​ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ