ការអប់រំចិត្តតាមផ្លូវធម៌ជារឿងសំខាន់ណាស់ ព្រោះព្រះធម៌ធ្វើឱ្យមនុស្សស្រឡាញ់រាប់អានគ្នា សាមគ្គីគ្នា ស្រុះស្រួលគ្នាជាឯកច្ឆន្ទ លែងមានចិត្តលោភលន់ លែងឈ្នានីស លែងហ៊ានបៀតបៀនគ្នា និងធ្វើឱ្យអ្នកប្រកបដោយធម៌រស់នៅបានស្ងប់សុខ។
ផ្ទុយទៅវិញបើចិត្តមិនបានអប់រំតាមផ្លូវធម៌ទេ ជីវិតមិនអាចទ្រាំទ្រនឹងបញ្ហាដែលកើតឡើងរាល់ថ្ងៃបានទេ ព្រោះជីវិតប្រជុំទៅដោយបញ្ហា ។ តាមធម្មតាជីវិតយើងទាំងអស់គ្នា តែងតែពើបប្រទះនូវរឿងរ៉ាវជាប់មកជាមួយរាល់ថ្ងៃ បន្តិចបញ្ហានេះ បន្តិចរឿងនោះចូលមកមិនចេះចប់ដូចស្រមោលអន្ទោលតាមប្រាណ បើយើងមិនមានបញ្ញាសម្រាប់ដោះស្រាយទេ នឹងជួបការលំបាកតានតឹងក្នុងចិត្តមិនខាន ។
ទាក់ទងនឹងបញ្ហាផ្លូវចិត្តនេះ យើងបានសម្រួលតាមរយៈការសិក្សាព្រះធម៌ តាមរយៈនៃការអានសៀវភៅ រួមនឹងការស្តាប់ជាច្រើន ធ្វើឱ្យមានការយល់ដឹងក្នុងរឿងពិតនៃជីវិត ពេលនោះ យើងក៏បានស្រាកស្រាន្តពីការតានតឹងចង្អៀតចង្អល់ក្នុងបញ្ហាជីវិតបានច្រើន ។
ព្រោះហេតុនោះបានជាការសិក្សាព្រះធម៌ វាមានប្រយោជន៍ច្រើនសម្រាប់ជីវិត ធ្វើឱ្យយើងមិនលោតកញ្ជ្រោលទៅតាមអារម្មណ៍ដែលពើបប្រទះ ធ្វើឱ្យយើងមានសេចក្តីសុខដោយការស្ងប់ចិត្ត សមដូចពុទ្ធភាសិតត្រាស់ថា នត្ថិ សន្តិ បរំ សុខំ សុខអ្វីស្មើនឹងសេចក្តីស្ងប់ពិតជាមិនមានឡើយ ។
ចែករំលែកព័តមាននេះ