រាជធានីភ្នំពេញ ៖ ក្រៅពីមានគំនិតជួយដល់កុមាររស់នៅតាមអង្គការ លោកខេម បានគិតរួចជាស្រេចថា ក្រោយវិលពីអាមេរិកវិញលោកត្រៀមជួយអ្នករត់ម៉ូតូឌុប និងកង់៣ ។ ជាមួយដំណើរទៅអាមេរិកលើកទី១ គេក៏មិននឹកស្មានថា តារាចម្រៀងសំឡេងស្អកលោកខេម ទទួលបានភាពកក់ក្តៅនៅទីនោះ ព្រោះតួលេខអ្នកចូលរួមមកទស្សនាពេញណែន ។
តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម បានចេញដំណើរពីប្រទេសកម្ពុជាទៅសម្តែង និងច្រៀងរាំលើទឹកដីនៃសហរដ្ឋអាមេរិកកាលពីពេល ថ្មីៗកន្លងមក ។ លោកទទួលបានការស្វាគមន៍ពីជនរួមជាតិខ្មែរយ៉ាងច្រើនកុះកររស់នៅទីនោះ ។
តារាចម្រៀងលោកខេមបានចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកជាលើកដំបូងក្នុងអាជីពសិល្បៈកាលពីថ្ងៃទី៦ ខែសីហា ២០១៨ ។ មុនចាកចេញតារាចម្រៀងរូបនេះបញ្ជាក់ថា «ការព្យាយាមរបស់ខ្ញុំ៧ឆ្នាំនេះទទួលបានលទ្ធផលល្អហើយ ។ ការចាកចេញទៅច្រៀងនៅក្រៅស្រុកនេះ គឺមានរយៈពេលយូរ ដែលខ្ញុំមិនដែលបានចេញពីក្នុងស្រុក ដែលខ្ញុំរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែរនៅក្រៅស្រុកដូចក្នុងស្រុកដែរ»។
មានអ្នកគាំទ្រជាច្រើនបានតម្រង់ជួរចូលទិញសំបុត្រចូលទស្សនា និងរាំលេងកម្សាន្ត ក៏ដូចជាបានចូលជួបមុខតារារូបនេះដោយផ្ទាល់ ។
ប្រភពព័ត៌មានបញ្ជាក់ថា តាមការគ្រោងទុកតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះនឹងចំណាយពេលប្រមាណជាង៧សប្តាហ៍នៅលើទឹកដីអាមេរិក ។ ពេលនេះលោកកំពុងច្រៀងនៅតាមបណ្តារដ្ឋ ធំៗជាច្រើននៅសហរដ្ឋអាមេរិក ដែលមានជនរួមជាតិខ្មែររស់នៅ ។
ក្នុងកម្មវិធីប្រគំតន្ត្រី ម្តងៗមានជនរួមជាតិខ្មែរប្រមាជាង៥០០នាក់បានឈររង់ចាំ និងចូលទស្សនាកម្មវិធី ដែលតារាចម្រៀងខេម ចូលរួមច្រៀងដែលជាចំនួនច្រើនគួរឲ្យកក់សម្គាល់ ។
តាមការប្រកាសរបស់លោកខេម ថា ក្រោយពីបញ្ចប់ការសម្តែងលើកដំបូងនៅលើទឹកដីនៃសហរដ្ឋអាមេរិកនោះ លោកនឹងរៀបចំកម្មវិធីសប្បុរសធម៌មួយចែករំលែកប្រាក់ដែលទទួលបានជួយដល់អ្នករត់ម៉ូតូឌុប និងរត់កង់បី ៕
ចែករំលែកព័តមាននេះ