ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ជំពាក់​លុយ​តួ​» ​ប៉ះពាល់​អ្វីខ្លះ​ដល់​សិល្បៈ​ភាពយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​តារាភាពយន្ត​មួយ​ចំនួន​បាន​ទម្លាយ​រឿង​ជំពាក់​​លុយ​ថ្លៃ​សម្តែង​របស់​ផលិតករ​ជា​សាធារណៈ​។​បញ្ហា​នេះ​ត្រូវ​ផលិតករ​លើក​ឡើង​ថា វា​បាន​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ​ក្នុង​វិស័យ​ខ្សែភាពយន្ត​ខ្មែរ ។ ការ​ទម្លាយ​រឿង​នោះ​បង្ហាញ​ភាពល្អក់​កករ​រវាង​តារា​សម្តែង និង​ម្ចាស់​ផលិតកម្ម ក្នុង​ពេល​បច្ចុប្បន្ន​ការ​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ដើម្បី​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍ និង​រោង​ភាពយន្ត​កំពុង​តែ​មាន​សន្ទុះ​កើនឡើង ។…

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​តារាភាពយន្ត​មួយ​ចំនួន​បាន​ទម្លាយ​រឿង​ជំពាក់​​លុយ​ថ្លៃ​សម្តែង​របស់​ផលិតករ​ជា​សាធារណៈ​។​បញ្ហា​នេះ​ត្រូវ​ផលិតករ​លើក​ឡើង​ថា វា​បាន​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ​ក្នុង​វិស័យ​ខ្សែភាពយន្ត​ខ្មែរ ។

ការ​ទម្លាយ​រឿង​នោះ​បង្ហាញ​ភាពល្អក់​កករ​រវាង​តារា​សម្តែង និង​ម្ចាស់​ផលិតកម្ម ក្នុង​ពេល​បច្ចុប្បន្ន​ការ​ផលិត​ខ្សែភាពយន្ត​ខ្មែរ​ដើម្បី​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍ និង​រោង​ភាពយន្ត​កំពុង​តែ​មាន​សន្ទុះ​កើនឡើង ។

បើ​ទោះបីជា​មានការ​ទម្លាយ​បញ្ហា​ដ៏​រសើប​នេះ​ជា​សាធារណៈ​ក៏​ដោយ ក៏​មាន​ម្ចាស់​ផលិត​កម្ម​មួយ​ចំនួន​នៅ​តែ​បង្ហាញ​សុទិដ្ឋិនិយម​ថា​មិន​ប៉ះពាល់​ដល់​ផលិតកម្ម​របស់​ខ្លួន​ឡើយ ដោយហេតុ​ថា អ្វី​ៗ​គឺ​ធ្វើ​ទៅ​តាម​ច្បាប់​នៃ​កិច្ចសន្យា​ប៉ុណ្ណោះ ។ ឈរ​លើ​បញ្ហា​នេះ​ចាង​ហ្វាង​​ផលិតកម្ម​មហាហង្ស​លោក​អ៊ិន សុ​ភិន បាន​អះអាង​ថា វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​របស់​លោក​ឡើយ ដោយសារ​ធ្វើ​ទៅ​តាម​ច្បាប់ និង​កិច្ចសន្យា ។

លោក​បាន​លើក​ជា​ឧទាហរណ៍​រឿង​ជំពាក់​លុយ​សម្តែង​ជាមួយ កញ្ញា​ណា​ក់ ស្រី​ណា ថា «​យើង​បាន​ចែង​ច្បាស់​ក្នុង​កុងត្រា​ពាណិជ​កម្ម​រវាង​ក្រុមហ៊ុន និង​តារា​សម្តែង​រូប​នេះ​ហើយ​​ប្រសិនបើ​មាន​ភាគី​ណា​រំលោភ​លើ​កិច្ចសន្យា​ដែល​បាន​ចែង​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់ ។ ប្រសិនបើ​ភាគី​ខ្ញុំ​ជា​អ្នក​ខុស​នោះ វិធានការ​ល្អ​បំផុត​គឺ​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ជា​អ្នក​ដោះស្រាយ នោះ​ទើប​ជា​ការ​ល្អ ។

ក្នុង​ករណី​នេះ​បាន​កើតឡើង​គឺ​មិន​មាន​ផល​ប៉ះពាល់​ណាមួយ​ដល់​ផលិតកម្ម​របស់ខ្ញុំ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ខ្ញុំ​សប្បាយចិត្ត ព្រោះ​តួ​នោះ​បាន​ធ្វើ​រឿង​ឲ្យ​ខ្ញុំ​សប្បាយចិត្ត និង​ផ្តល់​ដំណឹង​ទៅ​ដល់​ភាគី​ដែល​ចាប់​ដៃគូ​រកស៊ី​ជាមួយ​ខ្ញុំ​បានដឹង​ពី​បញ្ហា​នេះ​ផង​ដែរ​»​។

អ្នកដឹកនាំ​រឿង​លោក​មុត ថា​រី បាន​លើក​ឡើង​ថា ចំពោះ​បញ្ហា​ជំពាក់​លុយ​តួ​នេះ​លោក​មិន​ហ៊ាន​ឲ្យ​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ឡើយ ពោល​គឺ​បញ្ហា​អាច​កើត​មាន​ឡើង​បាន​គឺ​ផ្អែក​ទៅ​លើ​បញ្ហា រៀង​ៗ​ខ្លួន ។

ប្រសិនបើ​ខាង​ផលិតករ​ជំពាក់​ប្រាក់​តួ​គឺ​អាច​បណ្តាល​មក​ពី​លុយ​ខាង​ប៉ុស្តិ៍​គេ​មិន​ទាន់​ផ្តល់​ឲ្យ​គ្រប់​ក៏​មាន តែបើ​ខាង​ផលិតករ​ជំពាក់​លុយ​តួ​រាប់​ឆ្នាំ​នោះ​វា​ក៏​ពិបាក​ដែរ ប៉ុន្តែ​បើ​ក្នុង​ករណី​ខ្វះខាត និង​បាន​សុំ​ឲ្យ​ចាំ​ចំនួន​១​ខែ​ទៅ​២​ខែ​នោះ តួ​គូរ​មានការ​យោគយល់ ហើយ​ផលិតករ​ខ្លះ​ក៏​បាន​បើក​លុយ​មុន​ជា បណ្តើរ​ៗ​នៅ​សល់​តិចតួច បើ​ចាំ​បាន​គួ​តែ​ចាំ​សិន ព្រោះ​ភាគី​ទាំង​សងខាង​សុទ្ធតែ​មាន​ផល​លំបាក​ដូច​គ្នា ។

លោក​មុត ថា​រី អះអាង​បន្ថែម​ថា ជា​ធម្មតា​ផលិតករ និង​តួ​សម្តែង​បាន​ធ្វើការ​ជាមួយ​គ្នា​ដោយ​មាន​កិច្ចសន្យា ដូច្នេះ​បើ​មាន​បញ្ហា​អ្វី​គឺ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ដោយ​មិន​គួរ​បង្ហាញ​​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ឬ​អ្នក​សារព័ត៌មាន​នោះ​ឡើយ ។ ការ​ធ្វើ​បែប​នេះ​វា​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​ភាគី​ទាំង​សងខាង ធ្វើការ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​មុខ​ទៀត ហើយ​ម្យ៉ាង​វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ភាពយន្ត​ខ្មែរ​យើង​ផង​ដែរ ។

ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​លោក​ឆាយ បូ​រ៉ា អះអា​ង​ថា «​បញ្ហា​ខាងលើ​នេះ​វា​អាច​មាន​ផល​ប៉ះពាល់​ខ្លះ និង​មិន​ប៉ះពាល់​ខ្លះ​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ ។ ឧទាហរណ៍​ថា ប្រសិនបើ​យើង​ចង់​ហៅ​តួ​សម្តែង​ម្នាក់​ដែល​ធ្លាប់​ត្រូវ​បាន​ផលិតករ​ណាមួយ​ជំពាក់​លុយ​សម្តែង នោះ​ពួក​គាត់​អាច​នឹង​ខ្លាចរអា ហើយ​ពួក​គាត់​នឹង​ទារ​លុយ​កក់​ទុកជា​មុន ។

ចំណែក​ផលិតកម្ម​យើង​ដែល​មិន​ធ្លាប់​ជួប​រឿង​អ៊ីចឹង ហើយ​តួ​សុំ​លុយ​កក់​មុន នោះ​យើង​ក៏​មានការ​ខ្លាចរអា​ដែរ ព្រោះ​មាន​តួ​ខ្លះ​អាង​តែ​យើង​នៅ​រង់ចា់ំ​គាត់ គឺ​គាត់​មក​បំពេញ​ការ​ងារ​ឲ្យ​យើង​មិន​បាន​គ្រប់​មួយ​រយ​ភាគរយ​ឡើយ ។ ផលិតកម្ម​ខ្លះ​បាន​បំបែក​កិច្ចសន្យា ដោយ​ឲ្យ​តួ​សម្តែង​យក​ប្រាក់​តាម​ថ្ងៃ ហើយ​លុយ​ហ្នឹង​គឺ​បើក​ទៀងទាត់ ពោល​ថត​ចប់​បើក​ភ្លាម នេះ​ជា​ករណី​ដែល​ផលិតករ​ចៀសវាង​កក់​លុយ​ទៅ​តួ​៣០​ភាគរយ​មុន »​។

បើ​តាម​លោក​ឆាយ បូ​រ៉ា បញ្ហា​ផលិតកម្ម​ជំពាក់​លុយ​តួ​នេះ​គឺ​មិន​មាន​ច្រើន​ឡើយ ហើយ​បើ​មាន​យើង​គួរតែ​បញ្ចប់ ព្រោះ​តួ​គឺ​រំពឹង​លើ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​សម្តែង​នេះ ហើយ​បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​បណ្តា​ផលិតកម្ម​ដទៃ​ទៀត​ដែល​គេ​ធ្វើការ​ទៀងទាត់ និង​ម៉ត់ចត់​ពី​រឿង​លុយកាក់​នេះ ។

អ្វី​ដែល​សំខាន់​គឺ​វា​ក៏​មាន​ឥទ្ធិពល​អាក្រក់​ផង​ដែរ​ទៅ​លើ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ដោយ​សារ​តែ​ទាំង​តួ​សម្តែង និង​ម្ចាស់​ផលិតកម្ម​មិន​ទុកចិត្ត​គ្នា​ដូច​មុន ។ ម្ចាស់​ផលិតកម្ម ឬ​ផលិតករ​នៅ​ពេល​ដែល​មាន​បញ្ហា​ជំពាក់​លុយ​តួ​នោះ គឺ​នៅ​អាច​បន្តការងារ​របស់​ខ្លួន​បាន​ទៀត ប៉ុន្តែ​សម្រាប់​តួ​សម្តែង​វិញ​នៅ​ពេល​មាន​ផលិតករ​ណាមួយ​បង្ហាញ​ភាព​អវិជ្ជ​មាន ដូច​ជា​មិន​គោរព​ម៉ោង​ពេល​… នោះ​ច្បាស់​ណាស់​ផលិតករ​ផ្សេង​ក៏​មាន​ភាព​រអា​ក្នុង​ការ​ហៅ​តួ​ម្នាក់​នោះ​ឲ្យ​ទៅ​សម្តែង​ក្នុង​ផលិតកម្ម​គេ​ដែរ នោះ​ហើយ​នាំ​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​វិស័យ​មួយ​នេះ ។

ក្នុង​នាម​ជា​ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​លោក​ឆាយ បូ​រ៉ា បាន​ស្នើ​ឲ្យ​ភាគី​ទាំង​សងខាង​ធ្វើ​យ៉ាងណា​ប្រកាន់​ភាព​យុត្តិធម៌​រៀងខ្លួន ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​បាន​ឈាន​ឡើង​បន្ថែម​ទៀត ។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​កញ្ញា​ណា​ក់ ស្រី​ណា ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​បាន​សំណូមពរ​ដល់​ម្ចាស់​ផលិតកម្ម​មួយ បញ្ឈប់​សកម្មភាព​ដ៏​ពិសពុល​ដែល​ធ្វើ​ដាក់​នាង និង​អ្នកសិល្ប​:​ដទៃ​ទៀត ព្រោះ​វា​ជះ​ផល​អាក្រក់​ខ្លាំង​ណាស់​ដល់​មនុស្ស​​ជា​ច្រើន​អ្នក​ដែល​គេ​មាន​បេះដូង​បម្រើ​សិល្ប​:​ដោយ​ក្តី​ស្រលាញ់ ។

ចំណែក​លោក​ខាត់ សម្បត្តិ​កិ​ត្យា ពិធីករ​ទូរទស្សន៍ និង​ជា​តារា​សម្ដែង​មួយ​រូប ធ្លាប់​បាន​បញ្ចេញ​សារ​ពី​បញ្ហា​នេះ​ដែរ​ថា នៅ​ក្នុង​សង្វា​ក់​ផលិតកម្ម​នៃ​ការ​ផលិតភាព​យន្ត កើត​មាន​បញ្ហា​ជា​ប្រព័ន្ធ​ពី​ភាគី​ជាប់​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​លើ​ឡើង ក្នុង​នោះ​ទូរទស្សន៍​ខ្លះ​ដែល​ជា​ម្ចាស់​ផលិត​ខ្សែភាពយន្ត បាន​ភ្លាត់​ជំពាក់​លុយ ផលិតករ ឬ​ផលិតកម្ម ។ ឯ​ផលិតកម្ម​/​ផលិត​ករ​ខ្លះ ភ្លាត់​ជាក់​ជំពាក់​លុយ​តួ និង​ក្រុមការងារ​ដូច​គ្នា​។ តើ​ការ​ជំពាក់​លុយ​ជា​ប្រព័ន្ធ​​នេះ អ្នក​ណា​ជា​ជន​រង​គ្រោះ ។

នៅ​មាន​បញ្ហា​ផ្សេង​ទៀត​ដែល​នៅ​តោងទាម​នឹង​គុណភាព ក៏​ដូច​ដំណើ​រវិ​វ​ឌ្ឍ​នៃ​សិល្បៈ​ភាពយន្ត​ខ្មែរ ។ ជាក់ស្ដែង​លោក​ថា ភាគី​ទូរទស្សន៍ តែង​ដាក់​ចេញ​នូវ​នយោបាយ​ជ្រើសរើស​រឿង​ដែល​មានគុណ​ភាព​ជា​ចំបង ខណៈ​ផលិតករ​ព្យាយាម​កាត់​បន្ថយ​ចំណាយ​ទៅ​វិញ ។

ដោយឡែក​នយោបាយ​របស់​ផលិតកម្ម​/​ផលិតករ​វិញ គឺ​រមែង​ត្រូវការ​តួ​ស្អាត មាន​ប្រវត្តិ​ល្អ មា​ន​សមត្ថភាព សកម្ម​ការងារ ប៉ុន្តែ​តម្លៃ​ហត់នឿយ គឺ​ផ្ដល់​ឲ្យ​ទាប​ទៅ​វិញ​។ ជាមួយ​គ្នា​ទៀត​សោត​នៅ​ចង់បាន​លក្ខខណ្ឌ គោរព​ពេលវេលា​ល្អ ប៉ុន្តែ​បែរជា​យឺតយ៉ាវ ក៏​ដូច​ជំពាក់​យូរ មិន​ដូចនឹង​លក្ខខណ្ឌ​ចង់បាន​ពី​សិល្បករ​សោះ ។ «​ឈប់​ផលិត​រឿង​ខ្មែរ​ទៅ​បើ​គិត​ថា​ទូរទស្សន៍ ឬ​ផលិតកម្ម​របស់​អ្នក​មិន​មាន​ដើមទុន​ក្នុង​ការ​ផលិត​រឿង​ខ្មែរ កុំ​យក​ពលកម្ម​មនុស្ស​រាប់រយ​នាក់​ទៅ​ប្រើ ហើយ​ក្នុង​ន័យ​ជួយ​សិល្បករ​ខ្មែរ​វា​រឹតតែ​ធ្វើ​ឲ្យ​សិល្បករ​ក្រ​លើស​ដើម លក់​កាបូប​/​អីវ៉ាន់ online ចំណេញ​ជាង​»​។

លោក​សម្បត្តិ កិ​ត្យា បាន​សម្ដែង​ការ​គោរព​ចំពោះ​ផលិតករ ផលិតកម្ម ឬ​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​តូច​ដែល​ប្រកាន់​គោលការណ៍​ការងារ​ល្អ និង​យល់​ពី​ការ​លំបាក​លើ​កម្រិតជីវភាព​សិល្បករ​ផង​ដែរ​។ «​ខ្ញុំ​មិន​ទាន់​ជួប​រឿង​ខាងលើ​ទេ តែ​មាន​មិត្ត​ភ​កិ្ត​រួម​អាជីព​ច្រើន​នាក់​ណាស់​ដែល​ជួប ហើយ​ផ្តាំ​ឲ្យ​ជួយ​ជម្រាប រាល់ថ្ងៃ​មាន​តែ​បន់ព្រះ​សំពះ​ទេវតា​កុំ​ឲ្យ​ជួប សូម​ចៀស »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ