ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC កំពុង​ជំរុញ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ QR Code ជាមួយ​ភាគី​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ទូទា​ត់​ទំនិញ ឬ​សេវាកម្ម និង​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ការ​ផ្ទេរ​ប្រាក់​មក​ក្រុម​គ្រួសារ ពិសេស​ក្នុង​គោលដៅ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) កំពុង​តែ​ជំរុញ​ការ​ទូទាត់​ទំនិញ​ឬ​សេវា​ឆ្លងកាត់​ព្រំដែន​ដោយ​ប្រើប្រាស់​រូ​បិ​វត្ថុ​ជាតិ​រៀង​ៗ​ខ្លួន​តាម​ប្រព័ន្ធ​QR Code ជាមួយ​ភាគី​ថៃ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ទូទា​ត់​ទំនិញ ឬ​សេវាកម្ម និង​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ការ​ផ្ទេរ​ប្រាក់​មក​ក្រុម​គ្រួសារ ពិសេស​ក្នុង​គោលដៅ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) កំពុង​តែ​ជំរុញ​ការ​ទូទាត់​ទំនិញ​ឬ​សេវា​ឆ្លងកាត់​ព្រំដែន​ដោយ​ប្រើប្រាស់​រូ​បិ​វត្ថុ​ជាតិ​រៀង​ៗ​ខ្លួន​តាម​ប្រព័ន្ធ​QR Code ជាមួយ​ភាគី​ថៃ ។

លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​រៀបចំ​ឲ្យ​មានការ​ទូទាត់​តាម​ប្រព័ន្ធ QR Code​នេះ ក្នុង​គោលបំណង​អនុញ្ញាត​ឱ្យ​ប្រជា​ជន​កម្ពុជា​ដែល​មាន​កាបូប​ប្រាក់​អេ​ឡិច​ត្រូ​និក​(E-Wallet) ជា​លុយ​រៀល អាច​ទូទាត់​នៅ​ហាង​ណា​ដែល​មាន​QR Code ក្នុង​ប្រទេស​ថៃ​បាន ដោយ​មិន​ចាំបាច់​ប្ដូរ​ជា​ប្រាក់​បាត​នោះ​ទេ ។ ចំណែក​ភាគី​ថៃ​ក៏​ដូច​គ្នា​ដែរ លុះត្រាតែ​កាបូប​ប្រាក់​អេ​ឡិច​ត្រូ​និក​របស់​គាត់​ជា​លុយ​បាត ទើប​អាច​ទូទាត់​នៅ​កម្ពុជា​បាន ។

លោក​ជំទាវ​ថ្លែង​ថា ៖« យើង​កំពុង​តែ​រៀបចំ​ច្បាប់ និង​នីតិវិធី​មួយ​ចំនួន​ទៀត ជាមួយ​ធនាគារកណ្តាល​ថៃ ហើយ​សង្ឃឹមថា​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​នេះ​(២០១៩) យើង​អាច​ជំរុញ​ការងារ​នេះ​ទៅ​តាម​ការ​កំណត់ »​។

ការ​ប្រើប្រាស់ QR Code នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា ដែល​មាន​គណនី​ជា​ប្រាក់​រៀល​ទទួល​បាន​ផល​ចំណេញ​ច្រើន ដូច​ជា អាច​ធ្វើការ​ទូទាត់​ចេញពី​គណនី​ជា​ប្រាក់​រៀល​របស់​​ខ្លួន សម្រាប់​ចំណាយ​ទិញ​ទំនិញ ឬ​ទូទាត់​ចំណាយ​នានា​ដូច​ជា សេវា​ព្យាបាល ជាដើម នៅ​លើ​ទឹកដី​ថៃ ដោយ​ងាយស្រួល សុវត្ថិភាព និង​ចំណាយ​តិច​បំផុត បើ​ធៀប​នឹង​ការ​ប្តូរ ឬ​កាន់​សាច់ប្រាក់​បាត​ទៅ​ចាយ​លើ​ទឹកដី​ថៃ ។ ដូច្នេះ ប្រជាជន​កម្ពុជា នឹង​មិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​ការ​ប្តូរ​ប្រាក់ ដែល​ពេល​ខ្លះ​អាច​ទទួល​រង​នូវ​ការ​ខាតបង់​ពី​ការ​ប្តូរ​ប្រាក់ » ។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា ការ​ប្រើប្រាស់​ប្រព័ន្ធ QR Code ក៏​នឹង​អាច​អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​ទូទាត់​ថ្លៃ​ទំនិញ​ឱ្យ​គ្នា​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ធ្វើការ​ប្តូរ​ប្រាក់​នៅ​តាម​ភ្នាក់ងារ​ប្តូរ​ប្រាក់​នានា​ផង​ដែរ ។ ចំណែក​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ក៏​អាច​ផ្ទេរ​ប្រាក់​មក​គ្រួសារ​តាម​រយៈ​ប្រព័ន្ធ​នេះ​ផង​ដែរ ជាមួយនឹង​ការ​ចំណាយ​ទាប និង​មាន​សុវត្ថិភាព​បំផុត ។

ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ៖« គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​រយៈ QR Code នេះ នឹង​ក្លាយជា​កម្លាំង​ច​លករ​មួយទៀត ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា មាន​គណនី​ជា​ប្រាក់​រៀល ដោយ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទាំង​ក្នុង​និង​នៅ​ក្រៅ​ស្រុក ស្រប​តាម​គោលនយោបាយ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​របស់​ធនាគារជាតិ​នៃ​កម្ពុជា » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ថា នៅ​ពេល​ធនា​គារ​កណ្តាល​នៃ​ប្រទេស​ទាំង​ពីរ ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​QR Code​នេះ​សម្រាប់​ទូទាត់​ទូទៅ វា​នឹង​ផ្តល់​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ទាំង​សងខាង ។

លោក​ថ្លែង​ថា ៖« ថៃ​នឹង​ចំណេញ​សេដ្ឋកិច្ច តាម​រយៈ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចាយវាយ​នៅ​ក្នុង​ប្រទេស​ថៃ​ច្រើន ។ មួយទៀត វា​ចំណេញ​មក​ដល់​កម្ពុជា​វិញ ជា​ពិសេស ធ្វើ​ឱ្យ​កម្មករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ កាត់​បន្ថយ​នូវ​ហានិភ័យ​ទៅ​លើ​ការ​វេរ​លុយ​តាម​រយៈ​អ្នក​ស្គាល់គ្នា ដែល​ប្រឈម​នឹង​ការ​បាត់បង់ រួម​នឹង​បញ្ហា​ផ្សេង​ៗ​ទៀត »​។

លោក​បន្ដ​ថា ប្រព័ន្ធ QR Code នេះ នឹង​ចូលរួម​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ​បាន​មួយ​ចំណែក ប្រសិនបើ​ចំនួន​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​។ ទន្ទឹម​នឹង​នេះ ក៏​បាន​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ