ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កាន់តែ​វិវត្តន៍​ខ្លួន​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដាក់​ចេញ​នូវ​គោលនយោបាយ​ប្រែក្លាយ​ប្រទេស​ទៅ​ជា​សេដ្ឋ​កិច្ច​ឌី​ជី​ថ​ល កម្ពុជា​កំពុង​តែ​ដើរទៅ​រក​គោលដៅ​របស់​ខ្លួន​ជា​បណ្ដើរ​ៗ ក្នុង​នោះ​ទាំង​វិស័យ​​រដ្ឋ និង​ឯកជន បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​បែប​ឌី​ជី​ថ​ល​កាន់តែ​ច្រើន​ឡើង​ៗ ។ បើ​តាម​លោក ឈួ​ន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដាក់​ចេញ​នូវ​គោលនយោបាយ​ប្រែក្លាយ​ប្រទេស​ទៅ​ជា​សេដ្ឋ​កិច្ច​ឌី​ជី​ថ​ល កម្ពុជា​កំពុង​តែ​ដើរទៅ​រក​គោលដៅ​របស់​ខ្លួន​ជា​បណ្ដើរ​ៗ ក្នុង​នោះ​ទាំង​វិស័យ​​រដ្ឋ និង​ឯកជន បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​បែប​ឌី​ជី​ថ​ល​កាន់តែ​ច្រើន​ឡើង​ៗ ។

បើ​តាម​លោក ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចូលរួម​ក្នុង​វេទិកា CLMVT នៅ​ប្រទេស​ថៃ កាលពី​ថ្មី​ៗ​នេះ ស្ដី​ពី សេដ្ឋកិច្ច​ឌី​ជី​ថ​ល ( Digital Economy ) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ពិភពលោក​ទាំងមូល​បាន​ចូល​ដល់​បរិបទ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដូច្នេះ​ការ​ធ្វើ​ពាណិជ្ជកម្ម ក៏​ត្រូវ​តែ​ទំនើប​ដែរ ក្នុង​នោះ​ការ​ទិញ​-​លក់​តាម​ប្រព័ន្ធ​Online គឺជា​ការងារ​មួយ​ប្រសើរ ដើម្បី​កាត់​បន្ថយ​ពេលវេលា និង​ផ្តល់​ភាព​ងាយស្រួល​ទាំង​អ្នកលក់ និង​អ្នកទិញ ។

លោក​បន្ត​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​នេះ បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ខណៈ​ដែល​ពិភពលោក​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ទៅ​ៗ ។ លោក​ថា ៖« បណ្តា​ប្រទេស CLMVT ក៏​បាន​ពិភាក្សា​រួម​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ទាំង​៥ ធ្វើ​ពាណិជ្ជ​កម្ម​តាម​រយៈ E-Commerce ឱ្យ​កាន់តែ​មាន​សក្តានុពល​ខ្លាំង ហើយ​ក៏​បាន​ពិភាក្សា​ផង​ដែរ​ថា​យើង​ត្រូវ​រួម​គ្នា​ធ្វើ​យ៉ាងណា​នៅ​តាម​ច្រកព្រំដែន​មានដំណើរ​ការ​រលូន ទាំង​បញ្ហា​ដឹក​ជញ្ជូន និង​បញ្ហា​ប​ចេ្ច​ក​ទេស​ផ្សេង​ៗ »​។

លោក ម៉ា​ឡូ​ឡូ​ស ចូ​ចូ អគ្គនាយក​ធនាគារ​ឯកទេស​វី​ង បាន​ឲ្យ​ដឹង​ដែរ​ថា តម្រូវការ​ប្រើ​ប្រាស់​សេវាកម្ម​បែប​ឌី​ជី​ថ​ល ឬ​អេ​ឡិច​ត្រូ​និក នៅ​កម្ពុជា កំពុង​តែ​មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដូច​ជា​ការ​ទូទាត់​តាម​ប្រ​ព​ន្ធ័ QR Code ជាដើម ។

លោក​មាន​ប្រសាសន៍​ថា ៖« ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក ឬ​តាម​QR Code នឹង​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ និង​បង្ហាញ​ប្រាប់​ពិភពលោក​ថា ប្រទេស​កម្ពុជា​កំពុង​ខិត​កាន់តែ​ជិត និង​ក្លាយជា​សង្គម​មួយ​ដែល​មាន​ប្រព័ន្ធ​អេកូ​នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ »​។

លោក​បន្ត​ថា ការ​ទូទាត់​តាម​ទូរ​សព្ទ័​ចល័ត​កំពុង​ក្លាយជា​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចិន​ដែល​ជា​ទេសចរ​ជាប់​ចំណាត់​ទី​១​នៅ​កម្ពុជា​។ ជាក់ស្ដែង​បច្ចុ​ប្បន្ន​នេះ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំងអស់ មាន​៩០%​ហើយ​ដែល​ជ្រើសរើស​យក​ការ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត ។

លោក​បណ្ឌិត អ៊ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា បាន​លើក​ឡើង​កន្លង​មក​ថា ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ទំនើប និង​មិន​ប្រើ​លុយ​សុទ្ធ ។

លោក​ថ្លែង​ថា ៖« ការ​ចាយវាយ​តាម​អេ​ឡិច​និក មិន​ត្រឹមតែ​ទំនើប​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​សុវត្ថិភាព​ខ្ពស់​ទៅ​លើ​ទ្រព្យសម្បត្តិ ថែម​ទាំង​បាន​រួមចំណែក​ដល់​បរិស្ថាន​ផង​ដែរ ។ ជាក់​ស្ដែង អ្នក​ទូទាត់​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ដល់ទី​កន្លែង​ចាយវាយ​នោះ​ទេ គេ​អាច​ទូទាត់​នៅផ្ទះ ឬ​នៅ​ការិយាល័យ​បាន »​។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​លើ​ពិភពលោក កំពុង​រីក​ចម្រើន ប៉ុន្តែ​នៅ​កម្ពុជា​ការ​រីក​ចម្រើន​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​កម្ពុជា​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​វិស័យ​នេះ​នៅឡើយ ។

លោក​បន្ត​ថា ៖« ប្រព័ន្ធ​បច្ចេកវិទ្យា មាន​ផល​ចំណេញ​ច្រើន តែ​ក៏​បង្ក​ហានិភ័យ​ដែរ ប្រសិន​ជា​យើង​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​សម​ស្រប ដើម្បី​គ្រប់គ្រង និង​ទាញ​យក​ផលប្រយោជន៍​ពី​វា » ។ លោក​ថា ៖« ការ​ចាយប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ហ្នឹង វា​ចំណេញ​ដល់​សេដ្ឋកិច្ច​ច្រើន ដោយសារ​លុយ​រក្សា​ទុក​នៅ​តែ​ក្នុង​ធនាគារ ហើយ​ប្រតិ​បត្តិការ គឺ​មាន​តែ​តួលេខ​ប៉ុណ្ណោះ ។ អីចឹង​ធនាគារ​អាច​យក​ប្រាក់​ទាំងនោះ​ទៅ​ផ្ដល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​សាធារណជន ឬ​អាជីវករ ជាដើម » ។

ទោះ​យ៉ាងនេះ​ក្ដី លោក​យល់​ឃើញ​ថា វិស័យ​នេះ​ក៏​នៅ​មាន​ហានិភ័យ​ច្រើន​ដែរ ពិសេស​គឺ​សុវត្ថិភាព​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ។ ក្រៅពី​នេះ ទំនុកចិត្ត​ពី​អតិថិជន​ទៅ​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ការ​យល់​ដឹង​ពី​អ្នក​ប្រើប្រាស់ ក៏​ជា​ចំណែក​មួយ​ផង​ដែរ ប៉ុន្ដែ​អ្វី​ដែល​ជា​ហានិភ័យ​ធំ​នោះ គឺ​សមត្ថភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​នៅ​មាន​កម្រិត ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នា​ថា ការ​ប្រើប្រាស់​លុយ​តាម​អេ​ឡិច​ត្រូ​និក គឺជា​និន្នាការ​ក្នុង​សកល​លោក​ទាំងមូល ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​ប្រើប្រាស់​យូរ​មក​ហើយ ។ ចំណែក​កម្ពុជា​ក៏​កំពុង​មាន​និន្នាការ​តាម​សកល​ដែរ បើ​ទោះជា​យឺត​ពេល​បន្តិច​ក្តី ។ លោក​បន្ត​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន ទើប​ជំរុញ​ឱ្យ​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​មាន​ភាព​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។

លោក​បណ្ឌិត​ពន្យល់​ថា ដោយសារ​ល្បឿន​នៃ​ការ​ប្រើប្រាស់​លុយ​លឿន បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន​ជាង​មុន និងសកម្មភាព​សេដ្ឋកិច្ច​មាន​កំណើន​ផង​ដែរ ។ លោក​បណ្ឌិត​ថា ៖« នៅ​ក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច មាន​ទ្រឹស្តី​នៃ​ល្បឿន​ការ​ប្រើប្រាស់​លុយ កាលណា​ល្បឿន​នេះ​លឿន​ទៅ​ៗ ល្បឿន​នៃ​ការ​ជួញដូរ និង​ការ​ធ្វើ​សេដ្ឋកិច្ច​ហ្នឹង ក៏​លឿន​ដែរ » ។

បើ​ទោះបី​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​ងាយស្រួល និង​លឿន​ក៏​ដោយ លោក​បណ្ឌិត ម៉ី កល្យាណ លើក​ឡើង​ថា វា​ក៏​អាច​ផ្តល់​ហានិភ័យ ឬ​គ្រោះថ្នាក់​ដែរ ដូច​ជា មានការ​លួច​ចូល​យក​ទិន្នន័យ (Hacke) ដែល​ទាមទារ​ឱ្យ​ទាំង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ត្រូវ​ខិតខំ​ការពារ​ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំងនោះ​ឱ្យ​បាន ។

កម្ពុជា​បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ជា​បន្តបន្ទាប់ ។ កា​រវិ​វត្ត​នៃ​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​នេះ បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​រីក​ចម្រើន​នៃ​ប្រតិបត្តិការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក ដូច​ជា ការ​ទិញ​លក់​តាម​អន​ឡាញ (E-Commerce), ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់ QR Codes សម្រាប់​ការ​ទូទាត់​ទំនិញ និង​ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​តាម​អេ​ឡិច​ត្រូ​និក​លំដាប់​ពិភពលោក ជាដើម ។

កា​រវិ​វត្ត​នៃ​វិស័យ​បច្ចេកវិទ្យា​នេះ នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ អ្វី​ដែល​រាជរដ្ឋាភិបាល​ប្រមើល​​មើល និង​មាន​ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ សេដ្ឋកិច្ច និង​សង្គម គឺ​ចង់​ប្រែក្លាយ​កម្ពុជា​ឆ្ពោះទៅ​រក​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

គិត​ត្រឹម​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​អ៊ីន​ធើ​រ​ណេ​ត​ប្រមាណ​១០​លាន​នាក់ ស្មើ​ប្រមាណ​៦៧%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ខណៈ​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​សកម្ម​មាន​ប្រមាណ​៧​លាន​នាក់ ក្នុង​នោះ​៨១%​ប្រើប្រាស់​តាម​ទូរស័ព្ទ​ដៃ ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ