ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន​កម្ពុជា​ត្រូវការ​ថវិកា​ជាង​400​លាន​ដុល្លារ សម្រាប់​សកម្មភាព​បោសសំអាត​មីន​ត្រឹម​ឆ្នាំ​2025

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ដាច់​ដោយឡែក​មួយ ដើម្បី​ឱ្យ​បាន​សម្រេច​តាម​គោលដៅ​បោសសម្អាត​មីន​ឱ្យ​អស់ពី​ទឹកដី​កម្ពុជា​ត្រឹម​ឆ្នាំ​២០២៥ មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​មីន​កម្ពុជា បាន​សុំ​ឱ្យតំណាង​អង្គការ​ហា​ឡូ​ត្រាស់ (Halo Trust) បន្តសហការ ​និង​ជួយ​ផ្សព្វផ្សាយ​ដើម្បី​កៀរគរ​ជំនួយសម្រាប់​សកម្មភាព​បោស…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ដាច់​ដោយឡែក​មួយ ដើម្បី​ឱ្យ​បាន​សម្រេច​តាម​គោលដៅ​បោសសម្អាត​មីន​ឱ្យ​អស់ពី​ទឹកដី​កម្ពុជា​ត្រឹម​ឆ្នាំ​២០២៥ មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​មីន​កម្ពុជា បាន​សុំ​ឱ្យតំណាង​អង្គការ​ហា​ឡូ​ត្រាស់ (Halo Trust) បន្តសហការ ​និង​ជួយ​ផ្សព្វផ្សាយ​ដើម្បី​កៀរគរ​ជំនួយសម្រាប់​សកម្មភាព​បោស សម្អាត​មីន​ឱ្យ​អស់ពី​ទឹកដី​នៃ​ប្រទេស​កម្ពុជា ដែល​ត្រូវការ​ថវិកា​ជាង​៤០០​លាន​ដុល្លារ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​ទី​២​អាជ្ញាធរ​មីន​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែសីហា ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ថ្មី​នៃអង្គការ​ហា​ឡូ​ត្រាស់​ប្រចាំ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែសីហា នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​ទី​២​អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ស្នើ​សុំ​ទៅ​តំណាង​អង្គការ​ហា​ឡូ​ត្រាស់ ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា ដើម្បី​បន្ត​សហការ​និង​ជួយ​កៀរគរ​ជំនួយ​ក្នុង​ការ​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន​ឱ្យ​អស់ពី​កម្ពុជា​ត្រឹម​ឆ្នាំ​២០២៥ ដែល​ត្រូវការ​ថវិកា​៤០៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក សែ​ម សុវណ្ណ​នី បញ្ជាក់​ថា «​ផ្ទៃដីដែល​បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចាប់ពី​ឆ្នាំ​១៩៩២​មក​ដល់​ពាក់កណ្តាល ឆ្នាំ​២០១៨ មាន​ប្រមាណ​១.៨៤៦​គីឡូម៉ែត្រកា​រ៉េ ។ ដោយឡែក ផ្ទៃដី​ដែល​សង្ស័យ​ថា​នៅ​សល់​មិន​ទាន់​បាន​បោសសម្អាត គឺ​មាន​ចំនួន​១.៩៤៦​គីឡូ​ម៉ែត្រការ៉េ ក្នុង​នោះ​ផ្ទៃដី​សង្ស័យ​មាន​មីន​ចំនួន​៩៧០​គីឡូ​ម៉ែត្រការ៉េ និង​ផ្ទៃ​សង្ស័យ​ថា​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ចំនូ​ន​៩៧៦​គីឡូ​ម៉ែត្រការ៉េ​» ។
លោក សែ​ម សុវណ្ណ​នី ថ្លែង​ថា បច្ចុប្បន្ន​កម្លាំង​បោសសម្អាត​មីន​នៅ​កម្ពុជា គឺ​មាន​ម​ជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​(CMAC)​អង្គការ​ហា​ឡូ​ត្រាស់ អង្គការ​JMAS​របស់​ជប៉ុន​អង្គការ​GMAS​របស់​អា​ល្លឺ​ម៉​ង់ និង​កម្លាំង​មួក​ខៀវ​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ។

តាម​រយៈ​អ្នកបកប្រែ លោក ដេ​មាន អូ​ប្រាយ​អែន ប្រធាន​អង្គការ​ហា​ឡូ​ត្រាស់​ប្រចាំ​កម្ពុជា ថ្លែង​ថា «​ចំពោះ​ការងារ​សកម្មភាព​បោសសម្អាត​មីន​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ខ្ពស់ និង​ចូលរួម​គាំទ្រ​ខ្លាំង​ណាស់ ជាមួយ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន ធ្វើ​យ៉ាងណា​ជំរុញ និង​ដាក់​ផែនការ​ច្បាស់លាស់ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​របស់​ខ្លួន ក្នុង​ឆ្នាំ​២០២៥ ឱ្យ​អស់​មីន​ពី​ទឹកដី​កម្ពុជា​» ។ ចំពោះ​បញ្ហា​កៀរគរ​រក​ជំនួយ​សម្រាប់​ការ​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​នេះ លោក​នឹង​បន្ត​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ទៅ​ដល់​ប្រទេស​នានា​ដែល​ធ្លាប់​បាន​ផ្តល់​ជំនួយ​ខាង​វិស័យ​ដោះ​មីន​នេះ ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូត​មកដល់​ខែ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ជន​រង​គ្រោះ​ដោយសារ​មីន​មាន​ចំនួន​១០.១៤៧​នាក់ ។ ប​ច្ចុប្បន្ន កម្លាំង​បោសសម្អាត​មីន​គឺ​បង្វែរ​ទិស​ទៅ​ធ្វើការ​បោសសម្អាត​មីន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​វិញ ដោយសារ​តំបន់​នោះ​គឺ​មាន​គ្រាប់មីន​ដែល​កប់​ក្នុង​ដី​ច្រើន និង​ជួយ​រំដោះ​ដី​ដែល​មាន​គ្រាប់​មីន​នេះ​ទៅ​ជា​ដី​ដែល​អាច​ធ្វើស្រែ​ចម្ការ​បាន​វិញ ដែល​មាន​ខេត្ត​ប៉ៃលិន បាត់ដំបង ព្រះ​វិហារ បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ ៕

កែសម្រួលដោយ