ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់ ទៅ​លើ​ប្រភេទ​បង្អែម​លត​ស្វិត និង​បា.ញ់ឌុក

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ២០១៨ នេះ ក្រុម​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តតាកែវ បាន​សហ​ការណ៍​ជាមួយនឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចុះ​ពិនិត្យ​គុណភាព​ទំនិញ បន្លែ​ផ្លែ​ឈើ…

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ២០១៨ នេះ ក្រុម​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តតាកែវ បាន​សហ​ការណ៍​ជាមួយនឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចុះ​ពិនិត្យ​គុណភាព​ទំនិញ បន្លែ​ផ្លែ​ឈើ និង​មុខម្ហូប​ជា​ច្រើន​មុខ ដែល​ដាក់​លក់​នៅ​តាម​ទីផ្សារ​ក្រុង​ដូន​កែវ​។ ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ដែរ​គឺ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រក​ឃើញ​បង្អែម​ពីរ​មុខ ជា​ប្រភេទ​បង្អែម​លត​ស្វិត និង​បង្អែម​បាញ់ឌុក មាន​ផ្ទុក​នៅ​សារធាតុ​គីមី​បូ​រ៉ា​ក់ ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​អាច​នឹង​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ បើសិនជា​ពួក​គាត់​បរិភោគ​វា​ជា​ប្រចាំ​។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នៅ​ក្នុងថ្ងៃនេះ គឺ​មន្ត្រី​ជំនាញ​របស់​យើង​បាន​ធ្វើការ​ពិនិត្យ​លើ​មុខម្ហូប​ជា​ច្រើន​មុខ រួម​ជាមួយនឹង​បន្លែ ជា​ពិសេស​សរសៃ​គុយទាវ និង​ប្រហិត​ប៉ា​តេ​។ ជា​លទ្ធផល​ការ​ធ្វើតេស្ត​បឋម ទៅ​លើ​មុខម្ហូប ដែល​ជា​មុខសញ្ញា​ដែល​ធ្លាប់​មាន​សារធាតុ​គីមី​នោះ គឺ​មន្ត្រី​ជំនាញ​របស់​យើង​មិន​មាន​រក​ឃើញ​នៅ​សារធាតុ​គីមី​អ្វី​ឡើយ នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ​លក់ដូរ​ទាំងនោះ​បាន​យល់​ដឹង​ច្រើន​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ចំពោះ​ការ​ដាក់​លក់​មុខម្ហូប បន្លែ​ផ្លែ​ឈើ​ណា​ដែល​ជា​របស់​ធម្មជាតិ​ពិត​មិន​មាន​សារធាតុ​គីមី​។

ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មន្ត្រី​ជំនាញ​របស់​យើង បាន​រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់ ដែល​បាន​ដាក់​ទៅ​លើ​ប្រភេទ​បង្អែម​លត​ស្វិត និង​បង្អែម​បាញ់ឌុក​ទៅ​វិញ ហើយ​មន្ត្រី​ជំនាញ​របស់​យើង បាន​ធ្វើការ​ដកហូត​បាន​ចំនួន​១០​គីឡូ យក​មក​បំផ្លាញ​ចោល​ផង​ដែរ​។ មិនតែប៉ុណ្ណោះ ក្រុម​មន្ត្រី​ជំនាញ​របស់​យើង​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវករ​លក់ដូរ និង​ជា​អ្នក​ផលិត​បង្អែម​ប្រភេទ​នេះ​ឲ្យ​បញ្ឈប់​ការ​លក់​នូវ​ប្រភេទ​បង្អែម​២​មុខ​ខាងលើ​នេះ​តទៅ​ទៀត ព្រោះ​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ​។

ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​លើ​គ្រឿង​ឧបភោគបរិភោគ​នៅ​ក្នុង​ផ្សារ​ក្រុង​ដូន​កែវ​នេះ​រួច ក្រុម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត ក៏​បាន​បន្ត​ចុះ​ពិនិត្យ គុណភាព​មុខទំនិញ និង​កាលបរិច្ឆេទ ដែល​ដាក់​លក់ដូរ​នៅ​តាម​ផ្ទះ និង​នៅ​តាម​ដេប៉ូ​ស្រា​បៀរ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ