រាជធានីភ្នំពេញ ៖ អតីតតំណាងរាស្ត្រលោក អ៊ូ ច័ន្ទរ័ត្ន នៅរសៀលថ្ងៃទី២២ ខែសីហានេះ បានដឹកនាំសកម្មជនអតីតបក្សប្រឆាំងមួយក្រុមបន្តចូលជួបសួរសុខទុក្ខអ្នកទោសប្រមាណ១៥នាក់ នៅពន្ធនាគារព្រៃស។ ខណៈដែលចរន្តនៃការដោះលែងអ្នកទោសបានកើតឡើងស្ងាត់នាពេល ប៉ុន្មានថ្ងៃជាប់ៗគ្នា សម្រេចដោយតុលាការក្រុងភ្នំពេញ ចំពោះស្ត្រីអ្នកភូមិបឹងកក់ទេព វន្នី និងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២នាក់ចេញពីពន្ធនាគារព្រៃសទាំងយប់។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងពន្ធនាគារថា បញ្ហាសុខភាពអ្នកទោសដែលលោកបាន ចូលជួបមិនមានបញ្ហាធ្ងន់ទេ តែថាជាប់ឃុំឃាំង ទោះបីជាយ៉ាងណាក៏មិនដូចអ្នកដែលមានសេរីភាព ពេញលេញនោះទេ។ លោកថាចំពោះសិទ្ធិក្នុងការទទួលបានព័ត៌មានដោយការអានកាសែត និងមើលទូរទស្សន៍ ដែលលោកបានសួរនាំកាលពីពេលមុនមកដល់ពេលនេះ ពួកគេនៅមិនទាន់បាន អនុញ្ញាតឲ្យអានកាសែត និងមើលទូរទស្សន៍ទេ។
លោកបានលើកឡើងថា ការជួបអ្នកទោសពេលនេះ មានការលំបាកជាងមុន ព្រោះអនុរក្សពន្ធនាគារមិនបានឲ្យជួបអ្នកទោសដែលត្រូវចង់ជួបទេ។ លោកថា លោកមានការខកចិត្ត ព្រោះលោកបានជួបតែលោក មាជ សុវណ្ណារ៉ា លោក នាង សុគន្ធ លោក អឿ ណារិទ្ធ ហើយការជួបនេះមានការតម្រង់ជួរ និងមានការបំបែកជាក្រុមចូលជួបផង៕
ចែករំលែកព័តមាននេះ