ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​ភ្នំពេញ​កើនឡើង​ជាង​16%


រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា​បន្ត​មាន​កំណើន​កើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​នៅ​តំបន់​ភ្នំពេញ​ទទួល​បាន​ជាង​១,៣​លាន​នាក់ ក្នុង​រយៈពេល​៥​ខែ​ដំបូង​ដើមឆ្នាំ​នេះ កើនឡើង​ជាង​១៦% បើ​ធៀប​នឹង​រយៈ​ដូច​គ្នា​ឆ្នាំ​២០១៧ ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ចូល​មក​ទស្សនា​នៅ​តំបន់​ក្រុងភ្នំពេញ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ មាន​ប្រមាណ​ជាង​១,៣​លាន​នាក់ ស្មើនឹង​៤៥,៤%​នៃ​ចំនួន​សរុប ពោល​គឺ​កើនឡើង​១៦,៤% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧ ។ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​តំបន់​ក្រុងភ្នំពេញ​នេះ ត្រូវ​បាន​វិស័យ​ឯកជន​ដែល​អ្នក​ប្រតិបត្តិ​ក្នុង​វិស័យ​ទេសចរណ៍​បាន​សាទរ ហើយ​រំពឹង​ថា រាជរដ្ឋាភិបាល​នឹង​ធ្វើ​អ្វី​បន្ថែម​ទៀត​ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់តែ​មាន​កំណើន​ថែម​ទៀត ។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖« យើង​សាទរ​នៃ​ការ​កើនឡើង​នេះ ប៉ុន្តែ​យើង​រំពឹង​ថា​រាជរដ្ឋាភិបាល​នឹង​ធ្វើ​អ្វី​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដូច​ជា​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ប្រកបដោយ​គុណភាព »​។ លោក​ជំទាវ​បន្ត​ថា ៖« ចំនួន​តួលេខ​ដែល​ក្រសួងទេសចរណ៍​លើក​ឡើង​នេះ គឺ​មាន​កំណើន​ជាង​មុន ប៉ុន្តែ​បើ​ការ​យល់​ឃើញ​របស់​យើង​ដែល​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍ យើង​ចង់បាន​ច្រើន​ជាង​នេះ ដោយសារ​យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ជិតខាង ក៏​មានការ​កើនឡើង​ដែរ​។ យើង​ចង់បាន​ភ្ញៀវ​ទេសចរ​កើនឡើង ហើយ​មានគុណ​ភាព​ដែល​សំដៅ​អ្នកទេសចរ​ដែល​យក​លុយ​មក​ចាយ​នៅ​ក្រុងភ្នំពេញ​ឱ្យ​បាន​ច្រើន​ជាង​មុន និង​ស្នាក់​នៅ​ឲ្យ​បាន​យូរ​ជាង​មុន »​។
បើ​តាម​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ នៅ​រាជធានី​ភ្នំពេញ​មាន​កន្លែង​សក្តានុពល​ច្រើន​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ហើយ​កន្លែង​ទាំងនោះ​ហាក់​មិនសូវ​មានការ​ទាក់ទាញ​ភ្ញៀវ​នៅឡើយ ។

លោក​ជំទាវ​លើក​ឡើង​ថា ៖« យើង​មើលឃើញ​នៅ​ជុំវិញ​ក្រុងភ្នំពេញ​មាន​កន្លែង​សក្តានុពល​ច្រើន​គួរសម តែ​យើង​នៅ​ស្ទើរ​ទាំង​ការ​ផ្សព្វផ្សាយ និង​ការ​អភិវឌ្ឍ ទើប​កំណើន​ភ្ញៀវ​មិន​ទាន់​សម​ស្រប​នឹង​ការ​ចង់បាន​របស់​យើង »​។ យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​នៅ​កម្ពុជា​មាន​ចំនួន​៧៨៨.៣៨៧​នាក់ កើនឡើង​៧៨,៧% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​មុន ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ តាម​ពីក្រោយ​ដោយ​ភ្ញៀវ​វៀតណាម មាន​ចំនួន​៣២៣.៨៩៥​នាក់ ថយ​ចុះ​២,៥% និង​ចំណាត់ថ្នាក់​លេខ​៣ គឺ​ភ្ញៀវ​ទេសចរ​ឡាវ មាន​ចំនួន​១៧៧.៦៩៩​នាក់ ថយ​ចុះ​៣,២% ។

ចំណែក​តំបន់​ទេសចរណ៍​សំខាន់​ៗ​ដូច​ជា ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តជាតិ​ចំនួន​១.៣៨៧.៦៤៩​នាក់​, តំបន់​សៀមរាប​អង្គរ មាន​ចំនួន​១.២០៦.៦៣៦​នាក់ កើនឡើង​១០,៤%, តំបន់ឆ្នេរ ទទួល​បាន​ទេសចរ​អន្តរជាតិ​៤១៥.៥៨៣​នាក់ កើនឡើង​២២,៦% ខណៈ​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ទទួល​បាន​៣៥.៥៨៦​នាក់ កើនឡើង​៥,៥% និង​តំបន់​ប្រាសាទព្រះវិហារ មាន​ចំនួន​២៨.០៦៤​នាក់ ថយ​ចុះ​៥,១% ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ